រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២១ អាណត្តិ​ទី​៤ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ អភិវឌ្ឍន៍​សោភ័ណភាព និង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌ នៃ​ពិធី​ចាប់​ត្រី​តាម​បែប​បុរាណ នៅ​តំបន់​ត្រពាំង​ក្រម ស្រុក​មេមត់

(​ត្បូងឃ្មុំ​)៖ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម ឡុង ធា​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង “​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២១ អាណត្តិ​ទី​៤” របស់​ក្រុមប្រឹក្សា​ខេត្ត ដែល​កិច្ចប្រជុំ​នេះ ត្រូវបាន​រៀបចំ​ឡើង​នៅ​សាលប្រជុំ (​ក​) សាលាខេត្ត​ត្បូងឃ្មុំ ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ​ខែ​មករា និង​ដាក់​ចេញ​ទិសដៅ​យុទ្ធសាស្ត្រ​សំខាន់ៗ​សម្រាប់​អភិវឌ្ឍន៍​ខេត្ត​។​

​អង្គប្រជុំ​បាន​ពិនិត្យ និង​អនុម័ត​លើ​របៀបវារៈ​សំខាន់ៗ​ចំនួន ៣ រួមមាន​៖
១. ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២០​។​
២. ពិភាក្សា និង​អនុម័ត​សេចក្តីព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មករា ឆ្នាំ​២០២៦ របស់​រដ្ឋបាល​ខេត្ត​។​
៣. បញ្ហា​ផ្សេងៗ និង​ការ​ស្ដាប់​របាយការណ៍​តាមដាន​ពី​គណៈកម្មាធិការ​នានា​របស់​ក្រុមប្រឹក្សា​ខេត្ត​។​

​បន្ទាប់ពី​លោក សេង ជ័យវុ​ធ នាយក​រដ្ឋបាល​សាលាខេត្ត បាន​អាន​របាយការណ៍​ផ្សព្វផ្សាយ និង​រាយការណ៍​តាម​ខ្លឹមសារ​នៃ​របៀបវារៈ រួចមក ឯកឧត្តម ឡុង ធា​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏​បាន​គូសបញ្ជាក់ ដល់​ក្រុមប្រឹក្សា​ផងដែរ​ថា កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២១ អាណត្តិ​ទី​៤ នេះ គឺ​ដើម្បី​ក្រុមប្រឹក្សា​ខេត្ត ពិនិត្យ ពិភាក្សា និង​អនុម័ត នូវ​សេចក្តី​ព្រាង​កំណត់ហេតុ និង​សេចក្តីព្រាង​របាយការណ៍ របស់​រដ្ឋបាល​ខេត្ត លើ​របៀបវារៈ​ចំនួន ៣ ចំណុច ។​

​ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា រាល់​ការតាក់តែង​ឯកសារ​រដ្ឋបាល ត្រូវតែ​មាន​ភាព​ហ្មត់ចត់​បំផុត ទាំង​អក្ខរាវិរុទ្ធ ឃ្លោង​ឃ្លា និង​ខ្លឹមសារ ដើម្បី​ឱ្យស្រប​តាម​គំរូ​ច្បាប់ដើម​។ ឯកឧត្តម​បាន​ជំរុញ​ឱ្យ​សមាជិក​អង្គប្រជុំ​ទាំងអស់ បន្ត​ចូលរួម​មតិយោបល់​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ សំដៅ​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ប្រជាពលរដ្ឋ និង​ឆ្លើយតប​ទៅនឹង​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​ឱ្យមាន​ប្រសិទ្ធភាព​បំផុត​។​

​នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​លើកឡើង​នូវ​ទិសដៅ​ការងារ​សំខាន់ៗ ចំនួន ៣ ចំណុច ដើម្បី​ជំរុញ​ការអភិវឌ្ឍ និង​រក្សា​សណ្តាប់ធ្នាប់​ក្នុង​ខេត្ត រួមមាន ៖
១. ការអភិរក្ស​វប្បធម៌ និង​ជំរុញ​ទេសចរណ៍​៖ រដ្ឋបាល​ខេត្ត​នឹង​រៀបចំ “​ពិធី​ចាប់​ត្រី​តាមបែប​បុរាណ​” នៅ​តំបន់​បឹង​ត្រពាំង​ក្រម ស្រុក​មេមត់ នា​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ខាងមុខនេះ​។ ពិធី​នេះ​ធ្វើឡើង​ដើម្បី​ថែរក្សា​មរតក​វប្បធម៌​ដូនតា និង​បង្កើន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ជា​ផ្នែក​មួយ​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​មូលដ្ឋាន​។​

២. ចលនា​ខេត្ត​ស្អាត និង​បរិស្ថាន​បៃតង​៖ ឯកឧត្តម​អភិបាល​បាន​ណែនាំ​ដល់​គ្រប់​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត ត្រូវ​លើកកម្ពស់​អនាម័យ និង​សោភ័ណភាព​នៅតាម​ទីតាំង​ការងារ និង​ទីធ្លា​សាធារណៈ​។ ជាមួយគ្នានេះ ការចូលរួម​ដាំ​ដើមឈើ​លម្អ និង​ការគ្រប់គ្រង​សំណល់​ឱ្យបាន​ត្រឹមត្រូវ គឺជា​អាទិភាព ដើម្បី​ប្រែក្លាយ​ខេត្ត​ត្បូងឃ្មុំ​ឱ្យទៅជា “​តំបន់​បៃតង​” ដែល​មាន​បរិស្ថាន​ស្រស់បំព្រង​។​

៣. ការត្រៀម​អបអរសាទរ​សង្ក្រាន្ត និង​ការ​រឹតបន្តឹង​សន្តិសុខ​៖ សម្រាប់​ការត្រៀម​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ រដ្ឋបាល​ខេត្ត​នឹង​រៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ រួម​មាន​ការ​លេងល្បែង​ប្រជាប្រិយ ការបាញ់ទឹក​-​ពពុះ​សាប៊ូ និង​ការតុបតែង​ភ្លើងពណ៌​តាម​សួនច្បារ​សិប្បនិម្មិត​។ ទន្ទឹម​នឹង​ការសប្បាយ ឯកឧត្តម​បាន​បញ្ជា​ដាច់ខាត​ដល់​កងកម្លាំង​ប្រដាប់អាវុធ ត្រូវ​បង្ក្រាប​ឱ្យបាន នូវ​រាល់​សកម្មភាព “​ក្មេង​ទំនើង គ្រឿងញៀន និង​ល្បែងស៊ីសង​” ដើម្បី​ធានា​សុវត្ថិភាព​ពេញលេញ​ជូន​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​។​

​ជាទី​បញ្ចប់ ឯកឧត្តម ឡុង ធា​ម បាន​ថ្លែង​ការកោតសរសើរ​ដល់​គណៈ​អភិបាលខេត្ត និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​សហការ​គ្នា​ជា​ធ្លុង​មួយ ក្នុង​ការដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ និង​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​បាន​យ៉ាង​ល្អប្រសើរ​។ ឯកឧត្តម​បាន​បង្ហាញ​ជំនឿ​ចិត្ត​ថា តាមរយៈ​ផែនការ​សកម្មភាព​ដ៏​ច្បាស់លាស់​នេះ ខេត្ត​ត្បូងឃ្មុំ​នឹង​បន្ត​រីកចម្រើន​លើ​គ្រប់​វិស័យ​បន្ថែមទៀត​៕​

 

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *