មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​រដ្ឋបាល​ស្រុក​តំបែរ រៀបចំ​ដង្ហែ​ក្បួន យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ដល់​ពលរដ្ឋ​

​ត្បូងឃ្មុំ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​រដ្ឋបាល​ស្រុក​តំបែរ រៀបចំ​យុទ្ធនាការ ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៦​នេះ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បញ្ឈប់​ចែក​ចាក​ព័ត៌មាន​ក្លែងក្លាយ​ដែល​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សង្គមជាតិ​។

​យុទ្ធនាការ​នេះ​មាន​ការចូលរួម​ពី​លោក ធី​ន ស៊ី​ថាច ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត និង​មន្ត្រីរាជការ​នៃ​មន្ទីរ​ព័ត៌មាន លោក សុខ សារិទ្ធ អភិបាល​នៃ​គណៈ​អភិបាលស្រុក​តំបែរ ព្រមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​សរុប​ប្រមាណ​ជិត​១,០០០​នាក់​។

​សូមបញ្ជាក់​ថា យុទ្ធនាការ​នេះ បាន​ធ្វើ​ការហែក្បួន​ចេញពី​ចំណុច​វិទ្យាល័យ ហ៊ុន សែន តំបែរ ឆ្ពោះ​មក​កាន់​សាលា​ស្រុក​តំបែរ ក្រោម​សម្រែក​ជ័យ​ឃោស និយាយ​ថា​ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ យ៉ាង​កងរំពង​ផងដែ​។ ព័ត៌មាន​ក្លែងក្លាយ សុទ្ធតែ​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​មក​លើ​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម សេដ្ឋកិច្ច និង​នយោបាយ ពោល​គឺ​ព័ត៌មាន​ក្លែងក្លាយ​អាច​បង្ក​អស្ថិរភាព បង្កើត​អំពើហឹង្សា ដែល​បណ្តាលឱ្យ​កើតមាន​អរិភាព​សង្គម ប្រជាពលរដ្ឋ​បាត់​ទំនុកចិត្ត​លើ​ការដឹកនាំ និង​នាំឱ្យ​មាន​ការបែកបាក់​សាមគ្គី​ក្នុងសង្គម​។​

​លោក ធី​ន ស៊ី​ថាច ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ បាន​ថ្លែងថា យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​នៅក្នុង​ស្រុក​តំបែរ នាពេលនេះ ស្ថិត​ក្រោម​ប្រធានបទ « និយាយថា ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ » Say No To Fake News ហើយ​យុទ្ធនាការ​នេះ គឺ​ត្រូវបាន​ក្រសួង​ព័ត៌មាន​ដាក់ឱ្យ​អនុវត្ត​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈពេល ១២ ខែ គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២៥ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២៦ ហើយ​អ្នកចូលរួម​អនុវត្ត​យុទ្ធនាការ គឺ​មន្ទីរ​ព័ត៌មាន​រាជធានី ខេត្ត ព្រមទាំង​ស្ថាប័ន មន្ទីរ និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ អំពី​គ្រោះថ្នាក់ និង​ផលវិបាក​នៃ​ព័ត៌មាន​ក្លែងក្លាយ​។ ។​

​ដោយឡែក​ក្នុង​ខេត្ត​ត្បូងឃ្មុំ​យើង មាន​ស្រុក​ចំនួន​២​គឺ ស្រុក​ពញាក្រែក និង​ស្រុក​តំបែរ និង​ឃុំ​ចំនួន​១​គឺ​ឃុំ​ជប់ ដែល​មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​បាន​សហការ​ធ្វើការ​ផ្សព្វផ្សាយ​នៅ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​នេះ​។ ការអនុវត្តន៍​ដំណើការ​យុទ្ធនាការ​នេះ​ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ឱ្យ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍​មូលដ្ឋាន និង​ពង្រឹង​អក្ខរកម្ម​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​កក្តា​ដ៏​សំខាន់​មួយ ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបទ​របស់​ពលរដ្ឋ ដែលជា​អ្នក​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប ឱ្យមក​ចូលរួម​ទប់ស្កាត់​ការរីក​សាយភាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ ។​

​លោក សុខ សារិទ្ធ អភិបាល​ស្រុក​តំបែរ បាន​សម្តែង​ការគាំទ្រ​ចំពោះ​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែង​ក្លែង ដោយ​ចាត់ទុកថា ព័ត៌មាន​ក្លែងក្លាយ​គឺជា​ព័ត៌មាន​មិន​ពិត ដោយ​ចេតនា ឬ​អ​ចេតនា ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម និង​បង្កើតឡើង ឬ​ចែកចាយ ដោយ​មាន​បំណង​បំភាន់​មតិសាធារណៈ​។ លោក​ថា​៖«​រាល់ពេល​ប្រើប្រាស់​បណ្តាញ​សង្គម​ត្រូវ​គិត​ដល់​គ្រោះថ្នាក់​ដែល​អាច​នឹង​កើតឡើង​គ្រប់ពេល ជាពិសេស​លើ​បណ្តាញ​សង្គម ឬ​គណនី​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់ ដែល​តម្រូវ​ឱ្យ​យើង​ចេះ​ត្រិះរិះ​ពិចារណា រក​ហេតុផល ស្វែងរក​ប្រភព​ជាក់លាក់ ទើប​យើង​អាច​ជៀសផុត​ពី​ការជឿ​ខុស និង​ខូចប្រយោជន៍​ទាំង​ខ្លួនឯង​ផ្ទាល់ និង​សង្គមជាតិ​»​។​

​សូមជម្រាបថា ព័ត៌មាន​ក្លែងក្លាយ​មាន​ច្រើន​ទម្រង់​អាចមាន​ជា​ដំណឹង​ក្លែងក្លាយ ព័ត៌មាន​ក្លែងបន្លំ ព័ត៌មាន​បំភ្លៃ ព័ត៌មាន​ភាន់ច្រឡំ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការ​សាយភាយ​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ព័ត៌មាន បង្កើន​ការផ្សព្វផ្សាយ​ជា​សាធារណៈ អំពី​គ្រោះថ្នាក់​នៃ​ព័ត៌មាន​ក្លែងក្លាយ និង​រួម​គ្នា​អនុវត្ត​វិធានការ​ទប់ស្កាត់​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *