(ខេត្តត្បូងឃ្មុំ) ៖ ក្នុងជំហានថ្មីមួយនៃការលើកកម្ពស់ផលិតភាពកសិកម្មតាមបែបទំនើប កសិករ ក្នុងខេត្តត្បូងឃ្មុំចំនួន ៥៨៣ គ្រួសារ កំពុងទទួលបានផលប្រយោជន៍ដោយផ្ទាល់ពីគម្រោងកៀរពង្រាបដីស្រែ ដោយប្រព័ន្ធឡាហ្ស៊ែរ (Laser Land Leveling) លើផ្ទៃដីសរុបជាង ៣៦០ ហិកតា ដែលជាការផ្តល់ជូនដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាល។
សកម្មភាពចុះពិនិត្យផ្ទាល់ នៅសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម គន់ រ័ត្នមុន្នី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងក្រុមការងារជំនាញពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យសកម្មភាពកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ្ស៊ែរជាក់ស្តែង និងបន្តជួបចុះសំណេះសំណាលជាមួយប្រជាកសិករសហគមន៍កសិកម្មសាមគ្គីកក់ ប្រមាណ ៨០គ្រួសារ ស្ថិតក្នុងភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក។ ក្រៅពីការពិនិត្យបច្ចេកទេសកៀរដី ឯកឧត្តមអភិបាលរងខេត្ត ក៏បានពិនិត្យដំណាំស្រូវប្រាំង និងប្រព័ន្ធសូឡាបូមទឹក ដែលជាអំណោយដ៏ថ្លៃថ្លារបស់រដ្ឋបាលខេត្តជូនដល់សហគមន៍ផងដែរ។
យោងតាមទិន្នន័យបច្ចេកទេស និងវឌ្ឍនភាពគម្រោង ឆ្នាំ២០២៦ របស់ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត បានបញ្ជាក់ថា នេះគឺជាផ្នែកមួយនៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ សម្រាប់ឆ្នាំ២០២៦នេះ គម្រោងបាននិងកំពុងអនុវត្តលើ ៣ ទីតាំងគោលដៅ ចំនួន ៣ រួមមាន ស្រុកតំបែរ (ឃុំតំបែរ)៖ ផ្ទៃដី ៥៧.៨៧ ហិកតា (សម្រេចបាន ១០០%), ស្រុកក្រូចឆ្មារ (ឃុំឈូក) ផ្ទៃដី ១៤៥.២២ ហិកតា (សម្រេចបាន ៣០%) និងស្រុកពញាក្រែក (ឃុំកក់) ផ្ទៃដី ៩៩.០៧ ហិកតា (សម្រេចបាន ៣៤%)។ សរុបជារួម ផ្ទៃដី ៣៦០.៤៦ ហិកតា នឹងត្រូវកៀរឱ្យរាបស្មើជូនកសិករ ៥៨៣ គ្រួសារ (ក្នុងនោះមានស្ត្រីជាមេគ្រួសារ ១៨៦ នាក់)។
លោកប្រធានមន្ទីរ បន្តថា ការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ្ស៊ែរ មានសារៈសំខាន់ នៃការរៀបចំដីឱ្យរាបស្មើល្អត្រឹមត្រូវតាមបច្ចេកទេស ដែលគឺជា “គ្រឹះ” នៃភាពជោគជ័យក្នុងកសិកម្មទំនើប ដែលផ្តល់អត្ថប្រយោជន៍ជាច្រើន មានដូចជា កាត់បន្ថយការប្រើប្រាស់ទឹក ជី និងថ្នាំកសិកម្ម (ព្រោះទឹកមិនដក់ជ្រៅនៅកន្លែងណាមួយ)។ ជាមួយគ្នានេះ ដំណាំស្រូវដុះលូតលាស់ស្មើគ្នា ចេញផ្កានិងទុំស្រុះគ្នា ធ្វើឱ្យគ្រាប់ស្រូវមានទំហំប៉ុនគ្នា និងមានតម្លៃទីផ្សារខ្ពស់ ព្រមទាំងបានបង្កលក្ខណៈងាយស្រួលដល់គ្រឿងយន្តកសិកម្មក្នុងការច្រូតកាត់ និងដាំដុះ ជាពិសេសបានជួយកសិករឱ្យទប់ទល់នឹងបញ្ហាខ្វះខាតទឹក ឬការប្រែប្រួលអាកាសធាតុបានយ៉ាងប្រសើរ។
ក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តម គន់ រ័ត្នមុន្នី អភិបាលរងខេត្ត បានសំដែងនូវការអបអរសាទរចំពោះការចូលរួមរបស់បងប្អូន ដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ វិស័យកសិកម្ម នៅតែជាវិស័យអាទិភាព ដែលបានជួយរក្សាសន្តិសុខស្បៀងផង ជាចំណូលរបស់គ្រួសារកសិករផង បង្កើតការងារផង និងគាំទ្រដល់ចរន្តសេដ្ឋកិច្ចជាតិផងដែរ។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីគោលនយោបាយទី៥ និងទី៦ សម្រាប់វិស័យកសិកម្ម សំដៅលើកកម្ពស់ផលិតភាពកសិកម្ម គុណភាពកសិផល ស្ថេរភាពថ្លៃ និងនិរន្តរភាពទីផ្សារ តាមរយៈការបង្កើតសហគមន៍កសិកម្មទំនើប ការដាក់មន្ត្រីកសិកម្មឃុំ គ្រប់ឃុំ ព្រមទាំងផ្តល់ហិរញ្ញប្បទាន ១០០លានដុល្លារ គាំទ្រដល់សហគមន៍កសិកម្ម លើកកម្ពស់ខ្សែច្រវាក់តម្លៃផលិតកម្ម កសិកម្ម។ ទន្ទឹមនេះ តាមរយៈការចុះពិនិត្យដោយផ្ទាល់បានឃើញថា ការកៀរពង្រាបដីដោយប្រព័ន្ធឡាស៊ែរ ជាបច្ចកវិទ្យាថ្មី ដែលផ្តល់សក្តិសិទ្ធភាពខ្ពស់ គឺយើងអាចពិនិត្យទាំងអស់គ្នាឃើញនឹងភ្នែក ពិតជាមានភាពរាបស្មើល្អមែន មានបទដ្ឋានបច្ចេកទេស។ បងប្អូនចំនួន ៨០គ្រួសារ ក្នុងភូមិពន្លៃ ពិតជាមានភ័ព្វសំណាងដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលដោយមិនគិតថ្លៃ ទាំងនេះជាការបង្ហាញនូវលក្ខណៈបច្ចេកទេសលើផលិតកម្មដំណាំស្រូវ ដែលស្របតាមបង្គុំបច្ចេកទេសកសិកម្ម។
ជាមួយអ្វីដែលទទួលបានពេលនេះ ឯកឧត្តម គន់ រ័ត្នមុនី ក៏ស្នើដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងកសិករទទួលផល សូមសហការគ្នាកត់ត្រា តាមដាន វិភាគ វាយតម្លៃពីប្រសិទ្ធភាព និងគុណភាពពីអត្ថប្រយោជន៍ការកៀរពង្រាបដីស្មើល្អនេះ។ ករណីពិនិត្យ វាយតម្លៃល្អប្រសើរ ត្រូវរៀបចំឲ្យមានព្រឹត្តិការណ៍ទិវាស្រែ ដើម្បីបង្ហាញដល់កសិករឯទៀតៗ បានឃើញ បានយល់ និងយកទៅអនុវត្តឲ្យបានគ្រប់ទីកន្លែង។ ឯកឧត្តមអភិបាលរង ក៏សូមអំពាវនាវឲ្យប្រជាកសិករយកចិត្តទុកដាក់លើការរៀបចំដីស្រែឲ្យបានរាបស្មើល្អ មុនធ្វើការដាំដុះ ជាពិសេស ការកៀរពង្រាបដីឲ្យរាបស្មើ មានច្រើនរបៀប យើងអាចកំណត់យករបៀបណាក៏បាន តែការកៀរពង្រាបដីដោយប្រព័ន្ធឡាស៊ែរ វាទាន់សម័យ ចំណាយពេលវេលាតិច និងបានស្មើល្អ។

