សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ត្បូងឃ្មុំ បាន​នាំយក​អំណោយ​ចែកជូន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​ទើប​សម្រាលកូន​រួច នៅ​មណ្ឌល​សុខភាព​ជប់ និង​តាម​ខ្នង​ផ្នង​ផ្ទះ នាឱកាស ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ

ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខា ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ស្ត្រី ជា​មាតា ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បង្កើន​ការយកចិត្តទុកដាក់​ថែទាំ​សុខភាព​រាងកាយ និង​ផ្លូវចិត្ត​ឱ្យបាន​ល្អ តាមរយៈ​ការហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត និង​ហាត់ប្រាណ​ទៀងទាត់​។ សូម​ពិនិត្យ​សុខភាព​ជា​ប្រចាំ សម្រាក​ឱ្យបាន​គ្រប់គ្រាន់ និង​ចៀសវាង​ភាព​តានតឹង ដើម្បី​សុខុមាលភាព​រឹងមាំ​សម្រាប់​ខ្លួនឯង និង​គ្រួសារ​។ ទន្ទឹមនេះ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ សូម​ទៅ​ពិនិត្យ​សុខភាព​ផ្ទៃពោះ​ឱ្យបាន​ទៀងទាត់ តាម​ការកំណត់​របស់​គ្រូពេទ្យ ដើម្បី​សុខភាព​មាតា និង​ទារក និង​ត្រូវ​បរិភោគ​អាហារ​រូបត្ថ​ម្ភ​គ្រប់គ្រាន់ និង​កាត់បន្ថយ​ការងារ​ធ្ងន់ធ្ងរ​។​

​ឯកឧត្តម ប៉ែន កុសល្យ ក៏​បាន​សំណូមពរ ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ សូម​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​លើ​សុខុមាលភាព សុវត្ថិភាព និង​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ស្ត្រី ជា​ពិ​សេ​ត្រូវ​ជួយ​សហការ​រៀបចំ ស្វែងរក​ជំនួយ ជួយ​ដល់​ស្ត្រី ដែល​ត្រូវ​ទៅ​សម្រាល និង​ជួយ​ដោះស្រាយ​មធ្យោបាយ​ធ្វើដំណើរ ឬ​រថយន្ត​គិលានសង្គ្រោះ ដើម្បី​បញ្ជូន​ស្ត្រី​ទៅ​មន្ទីរពេទ្យ​ឱ្យ​បាន​ទាន់ពេលវេលា ក្នុង​ពេល​ស្ត្រី​ជួប​បញ្ហា ឬ​មាន​សញ្ញា​គ្រោះ​ថ្នាក់​ណាមួយ​។​

​នាឱកាស ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ជា​ការលើកទឹកចិត្ត សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ត្បូងឃ្មុំ បាន​នាំយក​អំណោយ​ចែកជូន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​ទើប​សម្រាលកូន​រួច ដែល​មក​ចូលរួម​ក្នុង​កម្មវិធី​ផ្ទាល់ ជិត​១០០​នាក់ នៅ​មណ្ឌល​សុខភាព​ជប់ និង​តាម​ខ្នង​ផ្នង​ផ្ទះ ក្នុង​ម្នាក់ៗ ទទួលបាន សា​រ៉ុង កន្សែង សម្លៀក​បំពាក់​ទារក សម្ភារៈ​អនាម័យ​កុមារ និង​ថវិកា​មួយចំនួន​ផង​ដែរ​៕​

 

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *