ឯកឧត្តម ផា​រ៉ា មង្គល អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អាគារ​សិក្សា​ថ្មី និង​សមិទ្ធផល​នានា​នៅ​វិទ្យាល័យ ហ៊ុន​សែន ព្រែក​អា​ជី ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​

(​ត្បូងឃ្មុំ​) ៖ ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម ផា​រ៉ា មង្គល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​អាគារ​សិក្សា​ថ្មី ១​ខ្នង កម្ពស់ ២​ជាន់ (១២​បន្ទប់​) និង​សមិទ្ធផល​នានា នៅ​វិទ្យាល័យ ហ៊ុន សែន ព្រែក​អា​ជី ក្នុង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម គង់ ភឿន ប្រធាន​នាយកដ្ឋាន​ផ្លូវ នៃ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូ​អមដំណើរ ប្រធាន​-​អនុប្រធាន​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ជុំវិញ​ខេត្ត តំណាង​កងកម្លាំង​ទាំង ៣ អភិបាល អភិបាលរង​ស្រុក ក្រុមប្រឹក្សា​ស្រុក អាជ្ញាធរ​មូលដ្ឋាន គណៈ​គ្រប់គ្រង លោកគ្រូ អ្នកគ្រូ មាតាបិតា​អ្នកអាណាព្យាបាល និង​ក្មួយ ៗ​សិស្សានុសិស្ស​ជា​ច្រើន​រូប​។

​ថ្លែង​ក្នុង​ឱកាស​ន​នេះ ឯកឧត្តម ផា​រ៉ា មង្គល បាន​ពាំនាំ​នូវ​ការ​សួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​កំពូលៗ រួមមាន សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​, សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ស្រុក​ក្រូចឆ្មារ​។ បន្ថែម​លើ​នេះ ឯកឧត្តម​ក៏បាន​នាំមក​នូវ​មនោសញ្ចេតនា​នឹករលឹក​ពី​សំណាក់ ឯកឧត្តម ជា សុផារ៉ា ដែល​ជានិច្ចកាល​តែងតែ​ណែនាំ​ឱ្យ​ក្រុមការងារ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការថែរក្សា​សមិទ្ធផល​រូបវន្ត និង​បន្ត​ជំរុញ​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យ​កាន់តែ​រីកចម្រើន​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ ក៏​បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ការផ្ដួចផ្ដើម​ដឹកនាំ​របស់ ឯកឧត្តម គង់ ភឿន ចំពោះ​ការជួយ​ជ្រោមជ្រែង​ក្នុង​ការបង្កើត​នូវ​សមិទ្ធផល​សម្រេចបាន​នូវ​អគារសិក្សា​ថ្មី​នេះ​។

​ឯកឧត្តម បាន​គូសបញ្ជាក់ថា ចំណេះដឹង​គឺជា​គ្រឹះ​ដ៏​សំខាន់​សម្រាប់​យុវជន ដើម្បី​ក្លាយជា​សរសរ​ទ្រូង​ជាតិ ព្រមទាំង​បាន​អំពាវនាវ​ឱ្យ​សិស្សានុសិស្ស​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ គោរព​វិន័យ ស្តាប់​ដំបូន្មាន​ឪពុក ម្តាយ លោកគ្រូ អ្នកគ្រូ និង​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​។​

​ឯកឧត្តម ផា​រ៉ា មង្គល បាន​ធ្វើការ​ផ្តាំផ្ញើ និង​សំណូមពរ​ឱ្យ​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច បង្កើន​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ធានាបាន​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស ព្រមទាំង​ត្រូវ​បន្ត​ចុះ​មូលដ្ឋាន​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ជាប់​ជាប្រចាំ​។​

​ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ការលើកកម្ពស់​វិស័យ​អប់រំ ឯកឧត្តម ផា​រ៉ា មង្គល បាន​នាំយក​នូវ​អំណោយ​សប្បុរសធម៌ ចែកជូន​ដល់​សិស្សានុសិស្ស​ចំនួន ៥៤៧​នាក់ ម្នាក់ៗ​ទទួលបាន សម្ភារ​សិក្សា​មួយកញ្ចប់ (​សៀវភៅ​, ប៊ិច​, បន្ទាត់​) និង​ថវិកា ៥,០០០​រៀល​, លោកគ្រូ អ្នកគ្រូ ចំនួន ៥៨​នាក់ ម្នាក់ៗ​ទទួលបាន ដប​ទឹក​សុខភាព និង​ថវិកា ១០,០០០​រៀល​, អាជ្ញាធរ គ្រូពេទ្យ និង​កងកម្លាំង (៩៥​នាក់​) ម្នាក់ៗ​ទទួលបាន ក្រមា​ខ្មែរ ១ និង​ថវិកា ១០,០០០​រៀល​, ប្រជាពលរដ្ឋ និង​មាតា បិតា សិស្ស ចំនួន ៣០០​នាក់ ម្នាក់ៗ​ទទួលបាន ក្រមា​ខ្មែរ ១ និង​ថវិកា ១០,០០០​រៀល ផងដែរ​។​

​គូសបញ្ជាក់​បន្ថែមថា សិមិទ្ធផល​ដែល​សម្ពោធ​ក្នុង​ថ្ងៃ​នេះ​រួមមាន​អាគារ​សិក្សា​ថ្មី ១​ខ្នង កម្ពស់ ២​ជាន់ (១២​បន្ទប់​), កន្លែង​លាងដៃ ចំនួន ២​កន្លែង​, ក្លោងទ្វា​, របង​, រោង​កង់​-​ម៉ូតូ និង​ផ្លូវ​បេតុង​ចូល​វិទ្យាល័យ ហ៊ុន​សែន ព្រែក​អា​ជី ប្រវែង ៤២៣​ម៉ែត្រ សម្រាប់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ប្អូនៗ​សិស្សានុសិស្ស ក្នុង​ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ប្រើប្រាស់​ផង​ដែរ​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *