(ត្បូងឃ្មុំ)៖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង លោក យន់ វុទ្ធី ជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៉ិត ប្រាំង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងមានការអញ្ជើញចូលរួមពី ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត តំណាង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្តជាច្រើនរូប។
បន្ទាប់ពីលោក សើន ភាសត្យា ប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងរ៉ែ និងថាមពល បានអានអនុក្រឹត្យតែងតាំងជាផ្លូវការរួចមក លោក យន់ វុទ្ធី ប្រធានមន្ទីរថ្មី បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួង-ខេត្ត ដែលបានផ្តល់ទំនុកចិត្តដល់រូបលោក។ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តនេះ លោកប្រធានមន្ទីរថ្មី បានប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំនូវចំណុចគន្លឹះចំនួន ៦ រួមមាន៖
១. ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
២. ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីគុណតម្លៃ និងផលប្រយោជន៍រួម។
៣. បង្កើនកិច្ចសហប្រតិបត្តិការ ជាមួយមន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងវិស័យរ៉ែនិងថាមពល។
៤. លើកកម្ពស់ប្រសិទ្ធភាពការងារ តាមរយៈការគោរពតួនាទី ភារកិច្ច និងនីតិវិធីរដ្ឋបាលឱ្យបានខ្ជាប់ខ្ជួន។
៥. ធានាជោគជ័យនៃភារកិច្ច ដែលរាជរដ្ឋាភិបាល ក្រសួង និងខេត្តប្រគល់ជូន។
៦. ពិសេសបំផុត៖ ប្តេជ្ញាពង្រឹងការកៀរគរចំណូលរដ្ឋ និង ចាត់វិធានការបង្ក្រាបរាល់សកម្មភាពអាជីវកម្មរ៉ែខុសច្បាប់ និងអនាធិបតេយ្យ ក្នុងខេត្តត្បូងឃ្មុំឱ្យបានម៉ឺងម៉ាត់បំផុត។
ក្នុងឱកាសនោះ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត បានថ្លែងការកោតសរសើរដល់មន្ត្រីមន្ទីររ៉ែ និងថាមពល ដែលបានខិតខំបំពេញភារកិច្ច ក៏ដូចជាការចូលរួមទប់ស្កាត់បទល្មើសរ៉ែខុសច្បាប់បានយ៉ាងល្អប្រសើរ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានផ្តាំផ្ញើដល់លោកប្រធានមន្ទីរថ្មី ត្រូវក្តាប់ឱ្យជាប់នូវរាល់លិខិតបទដ្ឋានគតិយុត្តិ និងត្រូវដឹកនាំអង្គភាពដោយតម្លាភាព គណនេយ្យភាព និងព្រហ្មវិហារធម៌។
មានប្រសាសន៍សំណេះសំណាលនាពេលនេះដែរ ឯកឧត្តម អ៉ិត ប្រាំង រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល បានផ្តល់អនុសាសន៍ឱ្យលោកប្រធានមន្ទីរថ្មី ត្រូវយកចិត្តទុកដាក់លើការងារស្នូលពីរ គឺ “ការលុបបំបាត់រ៉ែអនាធិបតេយ្យ និងការបម្រើសេវាសាធារណៈឱ្យបានលឿន និងតម្លាភាព”។ ឯកឧត្តមបានគូសបញ្ជាក់ថា ត្រូវធានាឱ្យបាននូវការផ្គត់ផ្គង់អគ្គិសនីដែលមានស្ថិរភាព និងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋ ព្រមទាំងត្រូវបន្តពង្រឹងកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ដើម្បីជំរុញវិស័យរ៉ែ និងថាមពលក្នុងខេត្តត្បូងឃ្មុំ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

