(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកជំទាវ ដោយមានការចូលរួមពីនាយអាវុធហត្ថ នាយរងអាវុធហត្ថ និងយោធិននារីយ៉ាងច្រើនកុះករ។
ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា បានពាំនាំនូវបណ្ដាំសួរសុខទុក្ខ និងការនឹករលឹកប្រកបដោយមោទនភាពបំផុតពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះបងប្អូនកងកម្លាំងទាំងអស់។
លោកមេបញ្ជាការ បានគូសបញ្ជាក់ថា លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែយកចិត្តទុកដាក់ និងផ្ដល់តម្លៃខ្ពស់បំផុតចំពោះតួនាទីរបស់ស្ត្រីក្នុងជួរកងរាជអាវុធហត្ថ។ យោធិននារីគ្រប់រូប គឺជាកម្លាំងចលករយ៉ាងសំខាន់ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ លោកឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា ក៏បានថ្លែងនូវពាក្យពេចន៍ជូនពរយ៉ាងសិ្នទ្ធស្នាល និងពោរពេញដោយមនោសញ្ចេតនា ជូនចំពោះយោធិននារី ដែលជា «មាតានៃពិភពលោក» សូមឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងបញ្ញាឈ្លាសវៃ ដើម្បីបន្តសម្រេចបាននូវជោគជ័យគ្រប់ភារកិច្ចដែលអង្គភាព និងរាជរដ្ឋាភិបាលប្រគល់ជូន ព្រមទាំងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ជាកិច្ចលើកទឹកចិត្ត លោកមេបញ្ជាការបានផ្ដល់វត្ថុអនុស្សាវរីយ៍ជាបាច់ផ្កា និងថវិកាជូនដល់យោធិននារី គ្រួសារយោធិន និងក្រុមការងាររៀបចំអាហារ សរុបចំនួន ៤,៩០០,០០០ រៀល។
ក្រៅពីពិធីសំណេះសំណាលក្នុងអង្គភាព លោកមេបញ្ជាការក៏បានចាត់តាំងលោកមេបញ្ជាការរងចំនួន ០២រូប នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ចុះសួរសុខទុក្ខដល់លំនៅឋានយោធិនចូលនិវត្តន៍ និងយោធិនពិការដែលមានជំងឺចំនួន ០៧គ្រួសារ។ ក្នុងមួយគ្រួសារទទួលបាន៖ ថវិកា ៤០ម៉ឺនរៀល រួមជាមួយអង្ករ មី ទឹកសុទ្ធ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត។
សកម្មភាពមនុស្សធម៌ និងការលើកទឹកចិត្តក្នុងឱកាសនេះ សរុបជាថវិកាមានចំនួន ១០,១៧១,០០០ រៀល ដែលនេះស្ដែងឱ្យឃើញពីសាមគ្គីភាព ភាពកក់ក្ដៅ និងការយកចិត្តទុកដាក់ខ្ពស់ «មិនបោះបង់គ្នា» ក្នុងគ្រួសារកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ៕

