អភិបាលខេត្ត​ត្បូងឃ្មុំ ដាក់បទបញ្ជា​ក្តៅ​ឱ្យ​បង្ក្រាប “​បទល្មើស​ឆបោក​តាម​អន​ឡាញ​” ជាដាច់ខាត និង​រក្សាបាន​នូវ​សន្តិសុខ​សុវត្ថិភាព​ត្រៀម​បុណ្យចូលឆ្នាំថ្មី​

(​ត្បូងឃ្មុំ​)៖ កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មីនា ឆ្នាំ​២០២៦​នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ដាក់ចេញ​នូវ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​កងកម្លាំង​ប្រដាប់អាវុធ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ដោយ​ផ្តោត​សំខាន់​លើ​ការបង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​ទៅលើ​ការបង្ក្រាប​បទល្មើស​ឆបោក​តាម​អន​ឡា​ញ (Online scams) ព្រមទាំង​ត្រៀម​ការរៀបចំ​ពិធី​អបអរសាទរ ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ​២០២៦ និង​ការរៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​សាលប្រជុំ ក សាលាខេត្ត​ត្បូងឃ្មុំ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត លោក​-​លោកស្រី​នាយក​-​នាយករង​រដ្ឋបាល នាយក​-​នាយករង​ទីចាត់ការ​រដ្ឋបាលខេត្ត លោក​-​លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត មេបញ្ជាការ​កងកម្លាំង​ទាំង ៣​ប្រភេទ លោក លោកស្រី​អភិបាល ក្រុង​-​ស្រុក និង​អ្នកពាក់ព័ន្ធ​ផងដែរ​។​

​ក្នុង​ឱកាស​នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​អស់​កម្លាំងកាយ​ចិត្ត​របស់​មន្ទីរ​អង្គភាព អាជ្ញាធរ ក្រុង ស្រុក ទាំងអស់ ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្ត បាន​ជំរុញ​ឱ្យ​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​រឹតបន្តឹង និង​អនុវត្ត​វិធានការ​ក្តៅ​ក្នុង​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន ការលុបបំបាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​ការទប់ស្កាត់​ក្រុម​ក្មេង​ទំនើ​ង មិន​ឱ្យ​បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន​ឡើយ​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​មានប្រសាសន៍​ផ្តោត​សំខាន់​លើ​ការយកចិត្តទុកដាក់​ខ្លាំង​លើ​ការបង្ក្រាប​បទល្មើស​ឆបោក​តាម​អន​ឡា​ញ (Online scams) ដែល​ជា​បញ្ហា​ចំពោះ​មុខ ត្រូវ​ទប់ស្កាត់​ឱ្យ​ខាន​តែ​បាន ដើម្បី​ការពារ​ទ្រព្យសម្បត្តិ និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​។ ទន្ទឹមនេះ ការគ្រប់គ្រង​ជនបរទេស ក៏​ត្រូវ​ត្រួតពិនិត្យ​ឱ្យបាន​ច្បាស់លាស់​នូវ​រាល់​ការ​ស្នាក់​នៅ​ខុសច្បាប់ របស់​ជនបរទេស​ក្នុង​ភូមិសាស្ត្រ​ខេត្ត ដើម្បី​បង្ការ​រាល់​បទល្មើស​ឆ្លងដែន​នានា ។​

​ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បាន​ណែនាំ​ដល់​រដ្ឋបាល​ខេត្ត មន្ទីរ​-​អង្គភាព និង​អាជ្ញាធរ​ក្រុង​-​ស្រុក ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​សំខាន់ៗ ដើម្បី​ត្រៀម​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ​មមី អដ្ឋស័ក ពុទ្ធ​សករាជ ២៥៦៩​។ ឯកឧត្តម​បាន​បញ្ជាក់ថា ត្រូវ​រួមគ្នា​លើកកម្ពស់​សោភ័ណភាព​ខេត្ត តាមរយៈ​ការតុបតែង​លម្អ​ភ្លើងពណ៌ និង​សណ្តាប់ធ្នាប់​តាម​ទីសាធារណៈ ឱ្យ​មាន​សម្រស់​ស្រស់ត្រកាល​។ ទន្ទឹមនឹងនេះ ត្រូវ​រៀបចំ​កម្មវិធី «​សង្ក្រាន្ត​» និង​ល្បែង​ប្រជាប្រិយ​ខ្មែរ ឱ្យបាន​កុះករ ដើម្បី​បង្ក​ភាពសប្បាយ​រីករាយ​ជូន​ពលរដ្ឋ និង​ភ្ញៀវទេសចរ​។ ជាពិសេស កងកម្លាំង​ប្រដាប់​អាវុធ​ត្រូវ​ពង្រឹង​កិច្ចការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុងឱកាស​មហាសង្ក្រាន្ត​នេះ​ផងដែរ​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *