ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត បានចាត់ឱ្យកម្លាំងជំនាញចាត់វិធានការបង្ក្រាបលើទីតាំង ឆបោកតាមប្រព័ន្ធអនឡាញ (online scam) ឱ្យអស់ពីក្នុងខេត្តត្បូងឃ្មុំ។ ការលើកឡើងនេះ ក្នុងឱ្យកាស ឯកឧត្តម អភិបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ដឹកនាំដោយ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្នុងសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ។
ឯកឧត្តម ប៉ែន កុសល្យ បានបង្ហាញពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ដែលក្នុងរយៈ២ ខែដើមឆ្នាំ២០២៦នេះ គណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានចាត់វិធានការក្តៅគគុកដើម្បីបង្ក្រាបលើទីតាំងល្បែងអនឡាញខុសច្បាប់ និងឧក្រិតជនឆបោកតាមប្រព័ន្ធអនឡាញ (online scam) ឱ្យអស់ពីក្នុងខេត្តត្បូងឃ្មុំ។
ឯកឧត្តមអភិបាលខេត្តបន្តលើកឡើងថា ការចុះបង្ក្រាបនេះគឺធ្វើឡើងស្របទៅតាមប្រសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើយ៉ាងណាកម្ចាត់ online scam ឱ្យអស់ពីកម្ពុជា ដើម្បីកុំឱ្យកម្ពុជាក្លាយជាទីតាំងរបស់ឧក្រិដ្ឋជនឆបោកតាមអនឡាញ និងល្បែងអនឡាញខុសច្បាប់។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើការសាទរ និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តត្បូងឃ្មុំ ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលបានបំពេញការងារយ៉ាងយកចិត្តទុកដាក់ និងស្រស្រាក់ស្រស្រ៊ាំ។
ជាមួយគ្នានេះដែរ ក្នុងឱកាសកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្តមប្រធានក្រុមប្រឹក្សា បានលើកយករបៀបវារៈចំនួន៤ មកពីភាក្សា និងអនុម័ត៖
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ របស់ រដ្ឋបាលខេត្តត្បូងឃ្មុំ ។
៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការសកម្មភាពការងាររយៈពេលបីខែ (មេសា- ឧសភា-មិថុនា)ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ។
៤- បញ្ហាផ្សេងៗផងដែរ៕

