ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​អគារ​វះកាត់ ១​ខ្នង នៅ​មន្ទីរពេទ្យបង្អែក​ព្រះ​នរោត្តម​សីហនុ​ត្បូងឃ្មុំ ក្រុង​សួង

(​ត្បូងឃ្មុំ​) ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក រ័ត្ន ច័ន្ទ​សុភា ប្រធាន​សមាគម​និកាយ​សាសនា​ចក្រ នៃ​ព្រះ​យេស៊ូ​វ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ប្រចាំ​ប្រទេស​កម្ពុជា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ អគារ​វះកាត់ សម្ភព និង​រោគ​ស្ត្រី មន្ទីរពេទ្យបង្អែក​ព្រះ​នរោត្តម​សីហនុ​ត្បូងឃ្មុំ ដោយ​មាន​ការឧបត្ថម្ភ សមាគម​និកាយ​សាសនា​ចក្រ នៃ​ព្រះ​យេស៊ូ​វ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ស្ថិត​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៥​។​

​ជា​កិច្ច​ចាប់ផ្តើម លោក​វេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​សម្តែង​ការ​ស្វា​គម និង​បាន​លើកឡើង​ពី​របាយការណ៍​សង្ខេបរ​បស់​មន្ទីរពេទ្យ ជូន​គណៈ​អ​ភ​ធិបតី និង​អង្គពិធី​ជ្រាប ដោយ​ក្នុង​នោះ អគារ​មន្ទីរពេទ្យ​ថ្មី ១​ខ្នង ដែល​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ពេល​នេះ មាន​ទំហំ ១៧,៥​ម៉ែត្រ x ២៦​ម៉ែត្រ មាន ៩​បន្ទប់ នឹង​ប្រើប្រាស់​ជា​មធ្យោបាយ​សម្រាប់​ផ្តល់​សេវា​បង្គ្រប់​កម្រិត​២ ដែល​មាន​ផ្នែក សម្ភព​, រោគ​ស្ត្រី​, វះកាត់​តូច​-​ធំ​, ជំងឺ​ទូទៅ​មនុស្ស​ចាស់​-​កុមារ​, និង​សេវា​ផ្សេងទៀត​។ អគារ​ថ្មី​នេះ ត្រូវបាន​ជួសជុល​កែលម្អរ ដោយ​សមាគម​និកាយ​សាសនា​ចក្រ នៃ​ព្រះ​យេស៊ូ​វ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ប្រចាំ​ប្រទេស​កម្ពុជា ចំណាយ​ពេល​សាងសង់​អស់​រយៈពេល ៦​ខែ គឺ​ចាប់ពី​ខែ​មិនា ដល់​ខែ​សីហា ឆ្នាំ​២០២៥​នេះ មាន​ជា​សំណង់​អគារ ព្រមទាំង​បំពាក់​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ និង​គ្រឿង​សង្ហា​រឹម ជាច្រើន​មុខ​។​

​ក្នុងនោះដែរ លោក រ័ត្ន ច័ន្ទ​សុភា ប្រធាន​សមាគម​និកាយ​សាសនា​ចក្រ នៃ​ព្រះ​យេស៊ូ​វ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា ការ​ផ្តល់​ជូន​នេះ គឺជា​សមិទ្ធផល​ថ្មី​បន្ថែមទៀត ក្នុងចំណោម​សិទ្ធ​ផល​សម្រេច​បាន​នានា​នៅ​ទូទាំង​ប្រទេស​នា​ពេលកន្លងមក ដែល​ជា​ជំនួយ​មនុស្សធម៌ របស់​សមាគម​និកាយ​សាសនា​ចក្រ ក្នុង​បេសកកម្ម​មនុស្សធម៌​នៅ​កម្ពុជា ជាពិសេស​ដើម្បី​ពង្រីក​សមត្ថភាព​ការផ្តល់​សេវាកម្ម របស់​មន្ទីរពេទ្យ​បង្អែក​ព្រះ​នរោត្តម​សីហនុ​ត្បូងឃ្មុំ​បន្ថែមទៀត និង​សូម​ចូលរួម​ថែទាំ​យ៉ាង​ត្រឹមត្រូវ និង​ប្រើប្រាស់​ឲ្យបាន​យូរអង្វែង​។​

​ក្នុង​ឱកាស​នេះ ឯកឧត្តម ប៉ែន កុសល្យ បាន​មានប្រសាសន៍ថា ការបើក​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​សមិទ្ធផល​អគារ​វះកាត់ ក្នុង​មន្ទីរពេទ្យ​បង្អែក ព្រះ​នរោត្តម​ឧត្តម​សីហនុ​ត្បូងឃ្មុំ ថ្ងៃនេះ គឺជា​សមិទ្ធិផល​ថ្មី​មួយ​បន្ថែម​ទៀត សម្រាប់​ខេត្ត​ត្បូងឃ្មុំ ក៏ដូចជា​ក្រុង​សួង ក្នុង​ឆ្នាំ​២០២៥ ហើយក៏​ជា​សក្ខីភាព​រួម ក្នុង​ការអនុវត្ត​កម្មវិធី​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​«​ការពង្រីក​ការផ្តល់សេវា​សុខាភិបាល​ឆ្ពោះ​ទៅ​កាន់ការ​គ្របដណ្តប់​សុខភាព​ជា​សកល​» ដែល​នេះ ជា​ការចូលរួម​លើក​ស្ទួយ​វិស័យ​សុខាភិបាល សម្រាប់​ការផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ចាត់ទុកថា ការឧបត្ថម្ភ​គាំទ្រ និង​កិច្ចសហការ​ចូលរួម​យ៉ាង​សកម្ម ពី​សមាគម​ក្នុង​ភាព​ជា​ដៃគូ​អភិវឌ្ឍន៍ ការគាំទ្រ​ថវិកា បច្ចេកទេស ឧបករណ៍​សម្ភារៈ បរិក្ខារ ជា​កត្តា​ចាំបាច់ ដែល​មិន​អាច​ខ្វះ​បាន និង​បាន​រួមចំណែក​យ៉ាងសំខាន់ ដល់​វឌ្ឍនភាព ក្នុង​វិស័យ​សុខាភិបាល​នៅ​ប្រទេស​កម្ពុជា និង​ក៏​ជា​ផ្នែក​មួយ ចូលរួម​ក្នុង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល គឺជា​អាទិភាព​ជា​យុទ្ធសាស្ត្រ​មួយ ដែល​វិស័យ​សុខាភិបាល​ត្រូវ​បន្ត​យកចិត្តទុកដាក់​ដើម្បី​ការកែលម្អ​គុណភាព​សេវា​សាធារណៈ បាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។ ក្នុងនោះ​ឯកឧត្តម​អភិបាលខេត្ត ក៏បានផ្តល់​ជា​ទស្សនទាន​មួយចំនួន​ផងដែរ ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​សុខាភិបាល នៅ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ​ទាំងមូល ដើម្បី​ចូលរួម​ចំណែក​លើក​ស្ទួយ​សមត្ថភាព និង​ឆន្ទៈ ក្នុង​ការអនុវត្ត​ភារកិច្ច របស់​មន្ត្រី​សុខាភិបាល​ប្រកបដោយ គុណភាព សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព និង​កាន់តែ​មាន​ជំនឿ​ទុកចិត្ត មក​លើ​ប្រព័ន្ធ​សុខាភិបាល​។​

​ឯកឧត្តម ប៉ែន កុសល្យ ក៏​បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ ថ្នាក់ដឹកនាំ និង​មន្ត្រី​សុខាភិបាល​ខេត្ត​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ គិតគូរ​យ៉ាង​ហ្មត់ចត់ ទាំង​ការផ្តល់​សុខភាព​ជូន​ប្រជាពលរដ្ឋ ទាំង​ផ្នែក​ទំនាក់ទំនង ពិសេស​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​សុខាភិបាល ក្នុង​ការពង្រឹង ការចូលរួម​អនុវត្ត​កម្មវិធី​របស់​ក្រសួង​សុខាភិបាល ។ បន្ថែម​លើ​នេះ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ថ្លែង​អំណរ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សមាគម​និកាយ​សាសនា​ចក្រ ដែល​បាន​ជួសជុល​កែលម្អ​អគារ​វះកាត់​នេះ ដែល​នេះ​ជា​គម្រោង​មនុស្សធម៌​ដ៏​ថ្លៃថ្លា ពិតជា​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការចូលរួម​លើក កម្ពស់​វិស័យ​សុខាភិបាល​នៅ​កម្ពុជា សំដៅ​ចូលរួម​ពង្រឹង​សមត្ថភាព​ស្ថាប័ន ក្នុង​ការផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត កាន់តែ​ទំនើប គុណភាព ប្រសិទ្ធភាព និង​សុវត្ថិភាព ៕​

   

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *