ឯកឧត្តម អ៊ុន ចាន់​ដា បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា ក្នុង​ការលើកកម្ពស់​សេវា​រដ្ឋបាល​ឌីជីថល​

​កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០២៦ បាន​អញ្ជើញ​ផ្តល់​បទសម្ភាសន៍​ជូន​ក្រុម​ការងារ​ក្រសួង​មហាផ្ទៃ អំពី​ផលប្រយោជន៍​នៃ​ការដាក់​ឱ្យ​អនុវត្ត «​កម្មវិធី​ព័ត៌មានវិទ្យា​សម្រាប់​ទទួល​ពាក្យ​ស្នើសុំ និង​ផ្តល់​សេវា​រដ្ឋបាល​តាម​ប្រព័ន្ធ​អន​ឡាញ​» នៅ​អង្គភាព​ច្រកចេញចូល​តែ​មួយ​។​

​ក្នុង​កិច្ចសម្ភាសន៍​នេះ ឯកឧត្តម​អភិបាលខេត្ត​កំពង់ចាម បាន​គូសបញ្ជាក់​យ៉ាងច្បាស់​ថា ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល​នេះ មិន​ត្រឹមតែ​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជា​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​បុគ្គលិក​ផ្តល់​សេវា និង​រដ្ឋបាល​ខេត្ត​ទាំងមូល​។ ការអនុវត្ត​តាម​ប្រព័ន្ធ​នេះ បាន​ជួយ​ឱ្យ​រដ្ឋបាល​ខេត្ត អាច​តាមដាន​រាល់​ស្ថានភាព​សំណុំរឿង​បាន​គ្រប់​ជំហាន ហើយ​មន្ត្រី​ម្នាក់ៗ មាន​តួនាទី និង​ការទទួលខុសត្រូវ​ច្បាស់លាស់​ក្នុង​ប្រព័ន្ធ ដែល​ជួយ​កាត់បន្ថយ​ការយឺតយ៉ាវ និង​ជំរុញ​ឱ្យ​ការផ្តល់សេវា​ប្រកប​ដោយ​មនសិការ​វិជ្ជា​ជីវៈ​ខ្ពស់​។​

​ឯកឧត្តម អ៊ុន ចាន់​ដា បាន​លើកឡើង​ថា ប្រព័ន្ធ​អន​ឡា​ញ បាន​ជួយ​ឱ្យ​មន្ត្រី​នៅ​អង្គភាព​ច្រកចេញចូល​តែ​មួយ កាត់បន្ថយ​ការងារ​រដ្ឋបាល​ដែល​ស្មុគស្មាញ​ដោយ​ដៃ​។ ការ​កត់ត្រា​ក្នុង​សៀវភៅ​បញ្ជី ត្រូវបាន​ជំនួស​ដោយ​ប្រព័ន្ធ​ឌីជីថល ដែល​ជួយ​ឱ្យ​ការស្រាវជ្រាវ និង​ផ្ទៀងផ្ទាត់​ឯកសារ​មាន​ភាព​រហ័ស និង​ត្រឹមត្រូវ​ខ្ពស់ បញ្ចៀស​បាន​នូវ​កំហុស​អ​ចេតនា​នានា​។​

​ជាមួយគ្នា​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត ក្នុង​ការ​បន្ត​គាំទ្រ និង​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ឱ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ប្រែក្លាយ​រដ្ឋបាល​ខេត្ត ទៅ​ជា​រដ្ឋបាល​ឌីជីថល​ដ៏​មាន​សក្តានុពល ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *