ទិវា​ជាតិ ទីក្រុង​ស្អាត​លើក​ទី​១៣ សម្រាប់​ខេត្ត​ត្បូងឃ្មុំ​ឆ្នាំនេះ ធ្វើឡើង​នៅ​ក្រុង​សួង

ត្បូងឃ្មុំ​៖ ទិវា​ជាតិ ទីក្រុង​ស្អាត​លើក​ទី​១៣ ឆ្នាំ​២០២៦ ក្រោម​ប្រធានបទ “​សាមគ្គី​ដើម្បី​ទីក្រុង​ស្អាត​” គឺ​ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៦ នៅ​បរិមាណ​សាលាក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ដែល​ពិធី​នេះ​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បាន​ធ្វើឡើង ក្រោម​អធិបតីភាព ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ការសម្អាត​ទីក្រុង ឱ្យមាន​ភាព​ស្អាត សោភ័ណ្ឌភាព និង​អនាម័យ​។​

​លោក ងួន ប៊ុណ្ណា​ន អភិបាលក្រុង​សួង បាន​ឡើង​ធ្វើ​របាយការណ៍​ដោយ​បាន​បង្ហាញថា ក្រុង​សួង​គឺជា​ក្រុង​មួយ​ក្នុងចំណោម​ស្រុក​ទាំង​៧ នៃ​ខេត្ត​ត្បូងឃ្មុំ ហើយ​ត្រូវបាន​ចាត់ទុក​ថា​ក្រុង​ស្អាត និង​មាន​សោភ័ណ្ឌភាព​ល្អ នា​ឆ្នាំ​កន្លងមក ក្រុង​សួង​ធ្លាប់​ទទួលបាន​ជ័យលាភី​ផ្កា​រំដួល​១​ទង ក្នុងព្រឹ​ត្ត​ការចលនា​ប្រឡងប្រណាំ​ង​ទីក្រុង​ស្អាត​លើក​ទី​២​ផងដែរ​។​

​លោក​អភិបាលក្រុង​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រា​រព​ទិវា​ជាតិ ទីក្រុង​ស្អាត​លើក​ទី​១៣ សម្រាប់​ខេត្ត​ត្បូងឃ្មុំ​ឆ្នាំនេះ គឺ​ធ្វើឡើង​ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ ឱ្យមាន​ផ្នត់គំនិត​ស្រឡាញ់​បរិស្ថាន និង​ចូលរួម​ក្នុងការ​ថែរក្សា​បរិស្ថាន​ឱ្យ​មាន​សោភ័ណ្ឌភាព និង​អនាម័យ ដើម្បី​ឱ្យ​ក្រុង​សួង​ក្លាយជា​ក្រុង​ដែល​គ្មាន​សម្រាម និង​ការបំពុល​។​

​ជាមួយគ្នា​នោះ ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរង​ខេត្ត បាន​ធ្វើ​ការថ្លែងអំណរគុណ​ដល់​លោក​អភិបាលក្រុង ដែល​យកចិត្តទុកដាក់​លើ​ការងារ​ថែ​រទាំ សម្អាត រក្សា​អនាម័យ​សណ្តាប់ធ្នាប់​ក្នុង​ក្រុង ដែល​នេះ​គឺជា​មុខមាត់​សម្រាប់​ខេត្ត​ត្បូងឃ្មុំ​យើង​ទាំងមូល​ផង​ដែរ​។​

​ក្នុង​ទិវា​ជាតិ ទីក្រុង​ស្អាត​លើក​ទី​១៣ ឆ្នាំ​២០២៦​នេះ ឯកឧត្តម​អភិបាលរង​ខេត្ត បាន​ធ្វើការ​ណែនាំ​បន្ថែម​ដល់​រដ្ឋបាល​ក្រុង ឱ្យ​បន្ត​យកចិត្តទុកដាក់​លើ​សោភ័ណ្ឌភាព​ក្រុង ជា​ពិស​សត្រូវ​ធ្វើការ​ពន្យល់​ណែនាំ​ដល់ ប្រជាពលរដ្ឋ អាជីវករ​លក់ដូរ ឱ្យ​ចេះ​រៀបចំ​ទុកដាក់​សម្រាម​ឱ្យបាន​ត្រឹមត្រូវ ព្រមទាំង​ចូលរួម​ធ្វើការ​ដាំ​ដើមឈើ​លម្អរ​សោភ័ណ្ឌភាព​ក្រុង ដែល​ដើមឈើ​ទាំងនោះ​មាន​សារៈសំខាន់​ជា​ម្លប់ និង​ជា​គម្រប​ដី ជាពិសេស​គឺ​រក្សា​បាន​នៅ​ស្ថេរភាព​ការ​បូ​ន កាត់បន្ថយ​ការឡើង​កម្តៅ និង​ឧស្ម័ន​ផ្ទះ​កញ្ចក់​ផងដែរ​។​

​ក្រោយ​បញ្ចប់​សន្ទរកថា គណៈអធិបតី ព្រមទាំង​ប្រតិភូ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត រួមមាន​មន្ទីរ​ទេសចរណ៍​ខេត្ត មន្ទីរ​វប្បធម៌​ខេត្ត មន្ទី​រធន​ធាតុទឹក និង​ឧត្តុនិយម​ខេត្ត មន្ទីរ​បរិស្ថាន​ខេត្ត ស្នងការដ្ឋាន​នគរបាល​ខេត្ត បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​ខេត្ត សិស្សានុសិស្ស យុវជន​កាយ​រិទ្ធ យុវជន​ស​.​ស​.​យ​.​ក លោកគ្រូ អ្នកគ្រូ បាន​ដើរ​ក្បួន​ដង្ហែរ​ជាមួយនឹង​ផ្ទាំង បដា ពាក្យស្លោក​បរិស្ថាន​ស្អាត ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​ក្រុង​សួង​ចូលរួម​ស្រឡាញ់​បរិស្ថាន ថែទាំ​បរិស្ថាន អនាម័យ​ទីក្រុង ព្រមទាំង​ចូលរួម​រើស​សម្រាម​សម្អាត​បរិស្ថាន​ជុំវិញ​រដ្ឋបាល​ក្រុង​សួង​ផងដែរ​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *