អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​

​កំពង់ចាម ៖ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​ស្នេី​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់ គោលនយោបាយ គោលការណ៍​ណែនាំ វិធានការ និង​ផែនការ​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​។ ការ​ថ្លែង​បែប​នេះ​ក្នុងឱកាស​ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នៅ​សាលា​ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៦ ក្រោម​វត្តមាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ពី​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម កោ វណ្ណឌី ប្រធាន​សាលាដំបូង​ខេត្ត និង​ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដែល​ក្នុង សូចនាករ​ទី​៤ មុំ​ទី​១ បាន​សង្កត់ធ្ងន់​ទៅលើ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ ហើយ​ក្នុងនោះ​រួម​មាន​បទល្មើស​នៃ​អំពើ​ជួញដូរ​មនុស្ស ការជួញដូរ​កំលាំង​ពលកម្ម អាជីវកម្ម​ផ្លូវភេទ និង​ការបន្ត​ពង្រឹង​ការ អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​។

​ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ ត្រូវ​តាមដាន​ត្រួតពិនិត្យ​សភាពការណ៍ និង​ការវិវត្ត​ប្រែប្រួល​នៃ​បទល្មើស កលល្បិច​ជនល្មើស ទំនោរ​និង​បញ្ហា​សង្គម​ជា​កត្តា​អូសទាញ ជំរុញ ឬ​នាំ​ប្រជាពលរដ្ឋ​ទៅ​រក​ភាព​រងគ្រោះ​ដោយ​ការជួញដូរ​មនុស្ស ការរំលោភបំពាន និង​ការកេងប្រវ័ញ្ច​គ្រប់​រូបភាព ពោល​គឺ​ត្រូវ​សហការ ដើម្បី​ប្រមូល​ព័ត៌មាន​ដែល​អាច​ធានា​ដល់​វិធានការ​បង្ក្រាប​បទល្មើស​ចាប់​ជនល្មើស និង​ជួយ​ជនរងគ្រោះ​ក្នុង​ករណី​ឆ្លងដែន​ទាន់​ពេលវេលា​ផងដែរ​។

​ជាមួយគ្នា​នោះ ឯកឧត្តម អ៊ុន ចាន់​ដា ក៏​បាន​អំពាវនាវ​សូម​ឱ្យ​បន្ត​យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់​ក្នុងការ​ចងក្រង និង​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​គ្រប់​ប្រភេទ ដោយ​គ្មាន​ការអន្តរាគមន៍ និង​គ្មាន​ការលើកលែង ដោយឡែក​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ និង​ក្មួយៗ​សិស្សានុសិស្ស សូម​អប់រំ​កូនក្មួយ និង​មិត្ត​ភ័ក្ត្រ​ខ្លួន កុំឱ្យ​លង់ខ្លួន​ទៅក្នុង​ការសេព​គ្រឿងញៀន​ឱ្យសោះ ព្រោះ​ថា​វា​អាច​បំផ្លាញ​អនាគត​យើង​៕

​ប្រភព ៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *