អគ្គនាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួង​មហាផ្ទៃ និង​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បើក​វគ្គ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​មន្ត្រី​លើ​ការដោះស្រាយ​បណ្តឹង និង​ការប្រើប្រាស់ App “​មតិ​យើង​”

(​ត្បូងឃ្មុំ​) ៖ ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០២៦ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​អគ្គនាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួង​មហាផ្ទៃ បានរៀបចំ​វគ្គ​បណ្តុះបណ្តាល និង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី «​តួនាទី ភារកិច្ច​របស់​ការិយាល័យ​ប្រជាពលរដ្ឋ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​»​ពាក់ព័ន្ធ​នឹង​ការងារ​របស់​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត ដើម្បី​ពង្រឹង​សមត្ថភាព​មន្ត្រី​ក្នុង​ការដោះស្រាយ​បណ្តឹង និង​ការផ្តល់​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ​តាមរយៈ​ប្រព័ន្ធ App “​មតិ​យើង​” ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព តម្លាភាព និង​មាន​ស្តង់ដារ​តែមួយ​នៅ​ទូទាំង​ប្រទេស​។​

​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ឡុង ធា​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ​, ឯកឧត្តម ម៉ាត់ ហ្គោ​ហ្វូត អភិបាលរង​ខេត្ត តំណាង ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ និង លោកស្រី ហ៊ាង ឆ​យី អនុប្រធាន​នាយកដ្ឋាន​មុខងារ និង​ធនធាន នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ នៅ​សាលប្រជុំ​រំដួល ។ ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម ពី​ប្រតិភូ​តំណាង​ក្រសួង ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោកស្រី ទៀង រស្ម៉ី ប្រធាន​ការិ​.​ប្រជាពលរដ្ឋ​ខេត្ត លោក​-​លោកស្រី ប្រធាន​-​អនប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង បី ប្រភេទ រដ្ឋបាល​ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ និង​ពាក់ព័ន្ធ​ជាច្រើនរូប​។​

​ឯកឧត្តម ម៉ាត់ ហ្គោ​ហ្វូត បាន​ប្រសាសន៍​ស្វាគមន៍ និង​បាន​លើកឡើង​ថា ការឈាន​ជើង​ចូលមក​ដល់​នៃ​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ គឺជា​ជំហាន​ដ៏​វិជ្ជមាន​មួយ​ក្នុង​ការលើកកម្ពស់​អភិបាលកិច្ច​ល្អ និង​គណនេយ្យភាព​។ ឯកឧត្តម​បាន​បញ្ជាក់ថា កម្មវិធី​ទូរស័ព្ទដៃ “​មតិ​យើង​” និង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​បណ្តឹង​ថ្មី​នេះ នឹង​ក្លាយជា​ស្ពាន​ចម្លង​ដ៏​សំខាន់ ក្នុង​ការផ្សារភ្ជាប់​ទំនាក់​ទំនង​រវាង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាមួយ​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ខិត​ជិត​គ្នា ងាយស្រួល​ក្នុង​ការទទួលយក​មតិ​រិះគន់​ដើម្បី​ស្ថាបនា និង​ដោះស្រាយ​រាល់​សំណូមពរ បណ្តឹងតវ៉ា​ផ្សេងៗ​បាន​ទាន់ពេលវេលា និង​មាន​តម្លាភាព​បំផុត​។​

​ឯកឧត្តម ម៉ា​ត ហ្គោ​ហ្វូត ក៏​បាន​ផ្ដាំផ្ញើ​ដល់​សិក្ខាកាម​ដែល​ជា​មន្ត្រី​មកពី​ការិយាល័យ​ប្រជាពលរដ្ឋ​តាម​បណ្តា​ក្រុង​/​ស្រុក ទូទាំង​ខេត្ត​ទាំងអស់ ត្រូវខិតខំ​ក្រេបជញ្ជក់​ចំណេះដឹង​ពី​វគ្គ​តម្រង់​ទិស​នេះ ដើម្បី​យកទៅ​អនុវត្ត​នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​យុគសម័យ​ឌីជីថល​។​

​លោកស្រី ហ៊ាង ឆ​យី អនុប្រធាន​នាយកដ្ឋាន​មុខងារ និង​ធនធាន នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា វគ្គ​បណ្តុះបណ្តាល​នេះ មាន​គោលបំណង ដើម្បី​ឱ្យ​សិក្ខាកាម​យល់​ឱ្យបាន​ច្បាស់​អំពី​តួនាទី ភារកិច្ច និង​សមត្ថកិច្ច​របស់​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី​-​ខេត្ត​, ទទួលបាន​ចំណេះដឹង​អំពី​បែបបទ នីតិវិធី​នៃ​ការទទួល សម្រុះសម្រួល​ដោះស្រាយ​បណ្ដឹង​របស់​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី ខេត្ត និង​ផ្តល់​ជា​ចំណេះដឹង​បន្ថែម​លើ​ច្បាប់​ប្រឆាំង​អំពើពុករលួយ និង​ការគ្រប់គ្រង​រដ្ឋបាលរ​បស់​រដ្ឋបាល​រាជធានី ខេត្ត​។​

​លោកស្រី អនុប្រធាននាយកដ្ឋាន បានបញ្ជាក់​ថា ការងារ​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល ក្នុង​គោលដៅ​លើកកម្ពស់​អភិបាលកិច្ច​ល្អ និង​ការកែទម្រង់រដ្ឋបាល​សាធារណៈ​ឱ្យ​ទៅជា​អ្នកផ្តល់​សេវា​ដ៏​មាន​ប្រសិទ្ធភាព និង​ជា​ដៃគូ​អភិវឌ្ឍន៍​ដែល​ប្រជាពលរដ្ឋ​អាច​ទុកចិត្តបាន សំដៅ​បម្រើ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​ក្នុង​ឱកាស​នេះ ឯកឧត្តម ឡុង ធា​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​លើកឡើង​ថា ការប្រើប្រាស់ App “​មតិ​យើង​” និង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ថ្មី​នេះ គឺជា​ជំហាន​ដ៏​សំខាន់​ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល ក្នុង​ការប្រើប្រាស់​បច្ចេក​វិទ្យា​ដើម្បី​បម្រើ​សេវា​សាធារណៈ​ឱ្យបាន​ឆាប់រហ័ស និង​មាន​តម្លាភាព​។

​ជា​លទ្ធផល​ការងារ ឯកឧត្តម​បាន​ឱ្យដឹងថា គិត​ត្រឹម​ដើមឆ្នាំ​២០២៦​នេះ ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ ទទួលបាន​បណ្តឹង​សរុប​ចំនួន ៩៨​ករណី​។ ទោះបីជា​មាន​ការផ្លាស់ប្តូ​រ​ថ្នាក់ដឹកនាំ​ការិយាល័យ​កន្លងមក ប៉ុន្តែ​ក្រោម​ការដឹកនាំ​របស់​លោក​ស្រី ទៀង រស្ម៉ី ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត​ថ្មី សកម្មភាព​ការងារ​មាន​ភាពល្អប្រសើរ​គួរឱ្យកត់សម្គាល់ ដែល​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់​ខ្ពស់​លើ​សុខទុក្ខ​របស់​ពលរដ្ឋ​។​

​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏​បាន​លើកទឹកចិត្ត​ដល់​មន្ត្រី​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​គ្រឹះ​ទាំង ០៥ គឺ “​អព្យាក្រឹត តម្លាភាព យុត្តិធម៌ រក្សា​ការសម្ងាត់ និង​ចៀសវាង​ទំនាស់​ផលប្រយោជន៍​” ក្នុង​ការដោះស្រាយ​រាល់​បណ្តឹង​ក្រៅ​ប្រព័ន្ធតុលាការ​។​

​ជាទី​បញ្ចប់ ឯកឧត្តម ឡុង ធា​ម បាន​ផ្តល់​ការណែនាំ​ដល់​សិក្ខាកាម​ទាំងអស់​ដែល​ជា​មន្ត្រី​ថ្នាក់​ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់ ត្រូវខិតខំ​ក្រេបជញ្ជក់​ចំណេះដឹង​ពី​វគ្គ​បណ្តុះបណ្តាល​នេះ ដើម្បី​យកទៅ​អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព និង​ផ្សព្វផ្សាយ​បន្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ឱ្យបាន​យល់ដឹង​ពី​របៀប​ដាក់​ពាក្យបណ្តឹង និង​ការផ្តល់​មតិ​រិះគន់​ស្ថាបនា តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​នេះ​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *