រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ រៀបចំ​ពិធី​សូត្រមន្ត​ចម្រើន​ព្រះ​ប​រិត្ត និង​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​

​ខេត្ត​ត្បូងឃ្មុំ​៖ នា​ព្រឹក​ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ​២០២៦ ឯកឧត្តម ឡុង ធា​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ​, ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោកជំទាវ ហេង សំអាន ប៉ែន​កុសល្យ ប្រធានកិត្តិយស​សាខាសមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​ត្បូងឃ្មុំ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សូត្រមន្ត​ចម្រើន​ព្រះ​ប​រិត្ត និង​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​នៃ​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​។​

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នោះ ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រីរាជការ​ទាំងអស់ បានរៀបចំ​ពិធី​តាម​បែប​សាសនា ដោយ​មាន​ការ​សូត្រមន្ត​ចម្រើន​ព្រះ​ប​រិត្ត ដើម្បី​បណ្តេញ​គ្រោះ​ចង្រៃ​ឆ្នាំ​ចាស់ និង​ទទួល​ពរជ័យ​សិរី​សួស្តី​ពី​ទេវតា​ឆ្នាំ​ថ្មី​។​

​បន្ទាប់​ពី​កិច្ចសាសនា ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បាន​មានប្រសាសន៍​សំណេះសំណាល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​រាជការ​គ្រប់​លំដាប់ថ្នាក់ ដោយ​ឯកឧត្តម​បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​បំពេញ​ភារកិច្ច​កន្លងមក ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​ខេត្ត​ត្បូងឃ្មុំ​ឱ្យមាន​ការរីកចម្រើន​ជា​លំដាប់​។ ទន្ទឹមនឹងនោះ ឯកឧត្តម​ក៏បាន​ជូនពរ​ដល់​មន្ត្រីរាជកា​រ​ទាំងអស់ សូមឱ្យ​ជួបតែ​សេចក្តីសុខ សុភមង្គល និង​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ដែល​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​.២៥៧០ ខាងមុខនេះ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ នឹង​រៀបចំ «​សង្ក្រាន្ត​ត្បូងឃ្មុំ​» នៅ​បរិវេណ​មុខ​សាលាខេត្ត ដោយ​មាន​ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ជា​ច្រើន​ទម្រង់ ព្រមទាំង​ការប្រគំ​តន្ត្រី​រាំ​លេង​កម្សាន្ត​សប្បាយ អបអរសាទរ​ការយាង​ចុះមក​គ្រង​ជម្ពូទ្វីប​របស់​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម រាក្យ​សា​ទេវី បុត្រី​ទី​៣ នៃ​កបិល​មហាព្រហ្ម​។​
​ពិសេស​នា​ពេល​រាត្រី ក៏​មាន​ការប្រគំ​តន្ត្រី​ខ្នាត​ធំ​ដោយ​មាន​ការចូលរួម​ពី​តារា​ល្បីៗ ការតាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក ការបាញ់ទឹក​តាម​ចង្វាក់ភ្លេង​នៅ​បរិវេណ​មាត់ទន្លេ​សិប្បនិម្មិត និង​កន្លែង​ថតរូប​អនុស្សាវរីយ៍​ស្អាតៗ​ជាច្រើន​។​រដ្ឋបាលខេត្ត សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ អញ្ជើញ​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​ខេត្ត​ត្បូងឃ្មុំ​ឱ្យបាន​ច្រើន​កុះករ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ជាតិ​យើង ក្នុង​ស្មារតី​សាមគ្គីភាព និង​ក្តីសប្បាយរីករាយ​ទាំងអ​ស់​គ្នា​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *