ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ចាម អញ្ជើញ​បញ្ចុះបឋមសិលា ក្រុង​ពាលី​តម្លើង​រូបសំណាក​នាគព័ន្ធ​ថ្មី

(​កំពង់ចាម​) នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៦ នេះ ឯកឧត្ដម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​អាជ្ញាធរ​មូលដ្ឋាន អញ្ជើញ​បញ្ចុះបឋមសិលា ក្រុង​ពាលី​តម្លើង​រូបសំណាក​នាគព័ន្ធ​ថ្មី និង​ស្រោចស្រង់​បើកព្រះនេត្រ​នាគ​  នៅ​ចំណុច​រង្វង់​មូល​នាគព័ន្ធ​ចាស់ (​ទល់មុខ​ក្លោងទ្វារ​ចូល វត្ត​ប្រាសាទ​នគរ​បាន​ជ័យ​) ស្ថិតនៅ​ភូមិ​នគ​របា​ជ័យ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​។​

​ស្ថិតក្នុង​ឱកាស​នោះ ឯកឧត្ដម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បាន​និមន្ត​ព្រះសង្ឃ​ជ័យ​ន្តោ ទៅតាម​កិច្ច​តាម​សាសនា ដើម្បី ឧទ្ទិស​បួងសួង​សុំ​ដល់​ម្ចាស់ ទឹកដី សូមពរ​សេចក្ដីសុខ សេចក្ដីចំរើន ដល់​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​កំពង់ចាម ក៏ដូចជា ប្រជាពលរដ្ឋ​ទូទៅ ដែល​ធ្វើដំណើរ ឆ្លងកាត់​ទឹកដី​ខេត្ត​កំពង់ចាម ផងដែរ​។

​បើតាម ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​គូសបញ្ជាក់ថា រូបសំណាក​នាគព័ន្ធ​នេះ គឺជា​សំណង់​ប្រវត្តិសាស្ត្រ ដែល​តំណាង​ឲ្យ​អត្តសញ្ញាណរ​បស់​ខេត្ត​កំពង់ចាម ។ សមិទ្ធផល​នេះ បាន​សាង​អំពី​ស្ពាន់​សុទ្ធ មាន​ទម្ងន់ ៨​តោន កំពស់ ១០​ម៉ែត្រ (​បូក​ទាំង​ជើង​ទ​ម្រ ៣​ម៉ែត្រ​) ផង ។ រូបសំណាក​ថ្មី​នេះ បាន​កសាងឡើង ទៅតាម​ទម្រង់​ចាស់​ទាំង​ស្រុង ដោយ​ប្តូ​ពី​ស៊ីម៉ង់ត៍ មក​ជា​ស្ពាន់​សុទ្ធ​វិញ និង​មាន​ទំហំ​ធំ​ជាង​មុន ដោយ​បាន​កែ​ជើង​ទម្រ​បែប​ថ្មី មាន​ទំហំ​រហូតដល់​ទៅ ១៧​ម៉ែត្រ​×១៧​ម៉ែត្រ ឯណោះ​។​

​សូម​ជម្រាប​ដែរ​ថា រូបសំណាក​នាគព័ន្ធ​ថ្មី​នេះ បាន​សាងសង់​នៅលើ​បណ្ដោយ​ផ្លូវជាតិ​លេខ ៧ ស្ថិត​នៅ​ចំណុច​ទល់មុខ​ក្លោងទ្វារ​ចូល វត្ត​ប្រាសាទ​នគរ​បាន​ជ័យ ក្នុងភូមិ​នគរ​បា​ជ័យ ស្រុក​កំពង់សៀម ។ ហើយ​សំណង់​នេះ ក៏​ស្ថិតនៅ​ជាមួយ​គម្រោង​ពង្រីក និង​លើក​ក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ ៧ ជា ៤​គន្លង ប្រវែង ៤៥,៤៨៩​គីឡូម៉ែត្រ ចាប់​ពី​រង្វង់​មូល​ស្គន់ ស្រុក​ជើងព្រៃ ដល់​ចំណុច​គល់ស្ពាន​គី​ស្សូ​ណា ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម កំពុង​អនុវត្ត ដោយ​ក្រុមហ៊ុន CRBC ប្រើប្រាស់​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ដំណើរ​សាងសង់ នា​ចុងឆ្នាំ​២០២៣ ហើយ​គ្រោង​បញ្ចប់​ទាំងស្រុង នា​ឆ្នាំ​២០២៧ ខាងមុខនេះ ផងដែរ ៕​

 

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *