ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ចាម អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត ជាង​២​ពាន់​នាក់ ក្នុងស្រុក​ព្រៃឈរ នា​ឱកាស​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា

(​កំពង់ចាម​) ៖ ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០២៦​នេះ ដែល​ជា​ថ្ងៃ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៤០ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត ២.៣៧៣​នាក់ នៅ​ក្រុមហ៊ុន សាន​ស៊ូ ហ្គា​ម៉ិន ស្ថិតនៅ​ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ។​

​ក្នុងឱកាស​សំណេះសំណាល​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​លើកឡើង​ថា ដោយសារ​ប្រទេស​កម្ពុជា​យើង​មាន​ថ្នាក់ដឹកនាំ ដ៏​ត្រឹមត្រូវ ដែល​បាន​នាំមក​នូវ​សុខសន្តិភាព ជូន​ដល់​សង្គមជាតិ នៅ​ប្រទេស​របស់​យើង ទើប​ធ្វើ​ឲ្យ​អ្នកវិនិយោគ ចូល​មក​ជា​ហូរហែ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ ក៏​ដូចជា​ខេត្ត​កំពង់ចាម​យើង​នេះ​ផងដែរ ដែល​បាន​ផ្ដល់​នូវ​ឱកាស​ការងារ ក៏​ដូចជា​បាន​ផ្ដល់​នូវ​ប្រាក់ចំណូល ចូលដល់​គ្រួសារ​របស់​ប្រជាពលរដ្ឋ​យើង ដើម្បី​បង្កើន​ជីវភាព​ឱ្យ​ល្អ​ប្រសើរ​ដូច​សព្វថ្ងៃនេះ ។​

​ឯកឧត្តម អ៊ុន ចាន់​ដា បាន​លើកឡើង​ផង​ដែរ​ថា នៅពេល​ដែល​គម្រោង​ព្រែកជីក​ហ្វូណន​បាន​សាងសង់​រួច ការដឹកជញ្ជូន​ភាគច្រើន​គឺ​តាម​ផ្លូវទឹក ដូច្នេះ​រាល់​ទំនិញ កសិផល សម្ភារៈ​វាយនភ័ណ្ឌ​ទាំងឡាយ ដែល​ផលិត​ចេញ​ពី​រោងចក្រ និង​ដឹក​ចូល​ទៅ​កំពង់​ផែ​ទន្លេ​បិទ ដឹកជញ្ជូន​ព្រែកជីក​ហ្វូណន​តេជោ ឆ្ពោះ​ទៅ​ប្រទេស​ទី ២ ដែល​ចាំ​ទទួល​ទំនិញ ។

​ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជាក់​ផង​ដែរ​ថា នៅពេល​ដំណើរការ​ដឹកជញ្ជូន​ទំនិញ​ចេញ​តាម​ព្រែកជីក​ហ្វូណន​តេជោ នោះ​ខេត្ត​កំពង់ចាម អាច​នឹង​មាន​រោងចក្រ​ច្រើន ដោយសារ​តែ​ខេត្ត​មួយ​នេះ​គឺ​កៀក​និង​កំពង់ផែ ដែល​ប្រការ​នេះ​ធ្វើឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង កាន់តែ​មាន​ឱកាស​ការ​ងារ និង​អត្ថប្រយោជន៍​ជាច្រើន​ថែមទៀត​ពី​ការអភិវឌ្ឍន៍​នេះ ។

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​យក​ឱកាស​សម្ដែង​នូវ​ការអបអរ​ដល់​បងប្អូន​កម្មករ កម្មការិនី​ទាំងអស់ ដែល​កំពុង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន សាន់​ស៊ូ ហ្គា​ម៉ិន នេះ ដែល​បាន​ធ្វើ​ការស្រុះស្រួល និង​សាមគ្គី​គ្នា គោរព​ទៅតាម​ច្បាប់​ការងារ ចូលរួម​សហការ​ធ្វើកា​រងារ​បានល្អ ជាមួយ​ខាង​រោងចក្រ ធ្វើឲ្យ​សកម្មភាព​ការងារ​ដំណើរការបា​ន​ល្អ​ដូច​បច្ចុប្បន្ន​នេះ​៕

 

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *