ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ​ឱ្យ​កាន់តែ​រីកចម្រើន គឺ​សម្រាប់​ទ្រទ្រង់​កំណើន​នៃ​សកម្មភាព​ពាណិជ្ជកម្ម​អន្តរជាតិ និង​កំណើន​សេដ្ឋកិច្ចជាតិ​

​ខេត្ត​ព្រះសីហនុ ៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ បុគ្គលិក កម្មករ និយោជិត នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នា​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​១៤០ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ២០២៦ និង​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០ នៃ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​ជប៉ុន សម្រាប់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១ ខែ​ឧសភា ឆ្នាំ​២០២៦ ថា វិស័យ​កំពង់ផែ គឺជា​វិស័យ អាទិភាព​ដែល​បានចង្អុលបង្ហាញ​ក្នុង​យុទ្ធសាស្ត្រ បញ្ច​កោណ​-​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។ ក្នុងន័យនេះ​, រាជរដ្ឋាភិបាល​ខិតខំ​បន្ត​បង្កើន​ថវិកា​វិនិយោគ និង​កៀរគរ​ហិរញ្ញប្បទាន​នានា ដើម្បី​បន្ត​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់ផែ​របស់​យើង ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត សម្រាប់​ទ្រទ្រង់​កំណើន​នៃ​សកម្មភាព​ពាណិជ្ជកម្ម​អន្តរជាតិ និង​កំណើន​សេដ្ឋកិច្ចជាតិ​។​

​ជា​បន្ត​, សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ថា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ត្រូវ​ខិតខំ​ធ្វើ​ទំនើបកម្ម និង​កែទម្រង់ ឱ្យ​បាន​ជាប់​ជាប្រចាំ ពិសេស​ការកែសម្រួល​នីតិវិធី​ផ្សេងៗ​ឱ្យ​កាន់តែ​លឿន និង​ប្រសិទ្ធភាព​ខ្ពស់ ដែលជា ចំណែក​យ៉ាង​សំខាន់​ក្នុង​ការកាត់បន្ថយ​ការចំណាយ និង​ចំណេញ​ពេលវេលា​។ មួយវិញទៀត យើង​ត្រូវ​ជំរុញ និង​យកចិត្តទុកដាក់ ក្នុង​ការអភិវឌ្ឍ​លើ​បច្ចេកវិទ្យា សម្ភារៈ និង​ធនធានមនុស្ស​។ ក្នុង ន័យ​នេះ​, ទន្ទឹម​នឹង​ការ​ធ្វេី​ទំនេី​ប​កម្មប​ចេ្ចក​វិទ្យា និង​សម្ភារ​:, បុគ្គលិក និង មន្ត្រី​ទាំងអស់ ដែល​បម្រើការ​ក្នុង​វិស័យ​កំពង់ផែ ត្រូវ​បន្ត​ពង្រឹង​សមត្ថភាព​ជាប់​ជាប្រចាំ ដើម្បី​ជួយ​ដល់​ការ​ពង្រឹងគុណភាព នៃ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ផង និង​សេដ្ឋកិច្ច​ជាតិ​ផង ពិសេស​ការទទួលបាន​ការជឿជាក់​ពី​បណ្តា​ប្រទេស​នានា លើ​ការរៀបចំ និង​ទុក​ដាក់លេី​ការដឹក​ជញ្ជូ​នទូ​កុងតឺន័រ ដែល​បាន​ចាកចេញ​ពី​កម្ពុជា​។​

​បន្ថែម​ពី​នេះ​, សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​ដាក់​ចេញ​នៅ​គោលការណ៍​ណែនាំ​អំពី​ការកាត់បន្ថយ​នីតិវិធី​ក្នុង​ការចុះ​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន (EIA) សម្រាប់​រោងចក្រ​សហគ្រាស​ដែល​បាន​ចុះ​ធ្វើ ឬ​បង្កើត​រោង​ច្រក​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​មាន​អាជ្ញាប័ណ្ណ​ផ្លូវការ ដោយ​៖ ១), ក្នុងករណី​ដែល​រោងចក្រ​សហគ្រាស មិន​មាន​ហានិភ័យ​នៃ​ការប៉ះពាល់​បរិស្ថាន​ខ្ពស់ មិន​តម្រូវ​ឱ្យ​មាន​ការចុះ​ធ្វើការ​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​ជា​មួយ​ក្រសួង​បរិស្ថាន​ទេ ដោយ​តម្រូវឱ្យ​ម្ចាស់​តំបន់​សេដ្ឋកិច្ច​ពិសេស ជា​អ្នកទទួលខុសត្រូវ និង​សហការ​ជាមួយ​ក្រសួង​បរិស្ថាន និង ២), ក្នុងករណី​ដែល​រោងចក្រ​សហគ្រាស ដែល​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​បរិស្ថាន គឺ​ត្រូវ​ធ្វើ​ការវាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន ជាមួយ​ក្រសួង​បរិស្ថាន ព្រម​ជាមួយគ្នានេះ ក្រសួង​បរិស្ថាន នៅតែ​មាន​សិទ្ធិ​ក្នុង​ការចុះ​ត្រួតពិនិត្យ ប្រសិនបើ​មាន​តម្រូវការ ឬ​ហានិភ័យ​ផងដែរ​។​

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែម​ឡេីង​វិញ អំពី​ករណី​ក្មេង​ទំនើង ដោយ​សម្ដេច បានបញ្ជាក់​ថា សម្ដេច​បាន​ប្រគល់​ភារកិច្ច​ឱ្យ​ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ឯកឧត្តម ស ថេត អគ្គស្នងការ​នគ​បាល​ជាតិ និង ឯកឧត្តម វង្ស ពិ​សេន អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ ពិនិត្យ​មើល​ច្បាប់​ដែល​មាន​ជា​ធរមាន ៖ ១), ថា​តេីច្បាប់​អាច​អនុញ្ញាត​ឱ្យ​យេ​ី​ង អាច​យក​ក្មេង​ទំនើ​ង​ធ្វេី​សកម្មភាព​ការងារ​មួយចំនួន ដែល​បម្រើ​ដល់​សមរភូមិ​មុខ​ឬទេ មិន​មាន​គោលការណ៍​ឱ្យ​បង្កើត​ច្បាប់​ថ្មី​នោះទេ​។ ទី​២), គឺ​យក​ក្មេង​ទំនើង​ទាំងនោះ ទៅ​ធ្វេី​សកម្មភាព បម្រើ​សមរភូមិ​មុខ ពុំមែន​បញ្ជូន​ទៅ​សមរភូមិ​មុខ​នោះ​ទេ ( មិន​ឱ្យ​កាន់​កាំ​ភ្លេីង នៅ​សមរភូមិ​នោះទេ​)​។ ជា​គោល​គំនិត​, ក្មេង​ទំនេី​ង​ដែល​ប្រព្រឹត្ត​ខុស គឺ​ត្រូវ​អនុវត្ត​ច្បាប់​ជា​ធរមាន​។ ប៉ុន្តែ ឱ្យ​ពិនិត្យ​មេ​ី​ល​ក្មេង ទំនេី​ង ដែល​កំពុង​ជាប់​ឃុំ​, ដែល​កំពុង ទទួល​ការអប់រំ ត្រូវធ្វេី​ពលកម្ម​បន្ថែម ដូចជា​ធ្វេី​សកម្មភាព​ចាក់​បេតុង​ធ្វើ​លេណដ្ឋាន​ជា​ដេ​ី​ម ដែល​បម្រើ​ដល់​សមរភូមិ ក្រៅពី​សកម្មភាព​ពលកម្ម​តិចតួច ដូចជា បោសសម្អាត ការ​ធ្វេី​រង​បន្លែ ឬ​ទទួល​ការ​អប់​បណ្តុះបណ្តាល​ផ្សេងៗ​ដែលមាន ស្រាប់ ។

​បន្ថែម​ពី​នេះ​, សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ថា​សង្គម​ជាតិ​មួយ​រីកចម្រើន ទាល់តែ​មនុស្ស​មាន​វិន័យ​, មាន​សមត្ថភាព ឆន្ទៈ និង​ការទទួលខុសត្រូវ​ខ្ពស់​។ ក្នុងន័យនេះ​, ប្រជាជន​គ្រប់រូប​ត្រូវតែ​ជា​ធនធាន​របស់​ជាតិ មិនមែន​ជា​បន្ទុក​របស់​ជាតិ​ទេ នេះ​ហើយ​គឺជា​ទិសដៅ​របស់​យើង​ក្នុង​ការកសាង​ជាតិ ៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *