សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​កំពង់ស្ពឺ

​កំពង់ស្ពឺ​៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២ ខែ​ឧសភា ឆ្នាំ​២០២៦​នេះ សម្តេច​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និង​ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត​កំពង់ស្ពឺ​។​

​ពិធី​សំណេះសំណាល​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​កំពង់ស្ពឺ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត​កំពង់ស្ពឺ​សរុប ៩៦២​នាក់​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ហៅ​ការអញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​នេះ ជា​ដំណើរ​ឆ្ពោះ​ទៅកាន់​មូលដ្ឋាន​។ ដំណើរ​ឆ្ពោះ​ទៅកាន់​មូលដ្ឋាន បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២៦ ដោយ​ចាប់ផ្តើម​ចេញពី​ខេត្ត​កំពង់ចាម ហើយ​ខេត្ត​ត្បូងឃ្មុំ​នៅ​ថ្ងៃ​បន្ទាប់​។ ខេត្ត​កំពង់ស្ពឺ ជា​ខេត្ត​ទី​៣​ហើយ ដែល​សម្តេច​តេជោ បាន​អញ្ជើញ​ជួប​សំណេះសំណាល​។​

​កម្មវិធី​ជួប​សំណេះសំណាល​នេះ គឺជា​វេលា​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​សម្តេច​តេជោ ហ៊ុន សែន ក្នុងការ​ក្រើនរំលឹក និង​ជំរុញ​ដល់​មន្ត្រី​នៅ​មូលដ្ឋាន​ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​ទៅលើ​កិច្ចការ​ជា​ដែន​សមត្ថកិច្ច​របស់​ខ្លួន ជាពិសេស​ការផ្តល់សេវា​ទាំងឡាយ​ជូន​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ការដោះស្រាយ​បញ្ហា​ទាំងឡាយ​ដែល​ជា​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​។​

​ក្រៅ​ពី​ការជំរុញ​យកចិត្តទុកដាក់​លើ​ការផ្តល់​សេវា​ហើយ​នោះ សម្តេច​តេជោ ហ៊ុន សែន ក៏​លើកឡើង​ពី​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់ ការប្រយុទ្ធ​ប្រឆាំង​បទល្មើស​នានា និង​កិច្ចការ​ការពារ​ធនធាន​ធម្មជាតិ​ជាដើម​។​

​យោងតាម Fresh AI បានឱ្យដឹងថា ខេត្ត​កំពង់ស្ពឺ ជា​រដ្ឋបាល​ថ្នាក់​ខេត្ត​មួយ​របស់​កម្ពុជា ដែល​មាន​ទី​រួម​ខេត្ត​នៅ​ក្រុង​ច្បារមន និង​បច្ចុប្បន្ន​ដឹកនាំ​ដោយ​លោក​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ ជា​អភិបាលខេត្ត​។ ខេត្ត​នេះ​មាន​ផ្ទៃក្រឡា ៦.៩៦៩,៦៣​គីឡូម៉ែត្រ​ការ៉េ ដែល​មាន​សណ្ឋាន​ដី​ចម្រុះ​ជា​តំបន់ភ្នំ ខ្ពង់រាប និង​វាលទំនាប ជាមួយនឹង​ប្រជាជន​សរុប​ប្រមាណ ៩៥៩.៩៤២​នាក់​។​

​ខេត្ត​កំពង់ស្ពឺ​ចែកចេញជា ២​ក្រុង ៧​ស្រុក ៨៨​ឃុំ​-​សង្កាត់ និង ១.៣៧០​ភូមិ​។ ខេត្ត​កំពង់ស្ពឺ មាន​ព្រំប្រទល់​ខាងកើត​ជាប់​ខេត្តកណ្តាល និង​តាកែវ ខាងត្បូង​ជាប់​ខេត្តតាកែវ និង​កំពត ខាងលិច​ជាប់​ខេត្ត​ព្រះសីហនុ ខាងជើង​ជាប់​ខេត្ត​កំពង់ឆ្នាំង និង​ពោធិ៍សាត់​។​

​ក្រោម​ដំបូល​សុខសន្តិភាព ខេត្ត​កំពង់ស្ពឺ មាន​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និង​វិនិយោគ ដោយ​មាន​សក្តានុពល​ខ្ពស់​ផ្នែក​កសិកម្ម ឧស្សាហកម្ម​កាត់ដេរ និង​ផលិតកម្ម​សត្វ​។​

​លោក ជាម ច័ន្ទ​សោភ័ណ្ឌ អភិបាលខេត្ត​កំពង់ស្ពឺ បាន​ថ្លែងថា រដ្ឋបាលខេត្ត បាន​យកចិត្តទុកដាក់​ក្នុង​ការបង្កើន និង​ជំរុញ​សក្តានុពល​វិស័យ​កសិកម្ម តាមរយៈ​ពង្រាយ​មន្ត្រី​កសិកម្ម​តាម​ឃុំ​-​សង្កាត់ ដើម្បី​ជួយ​ការងារ​បណ្តុះបណ្តាល និង​ណែនាំ​បច្ចេកទេស​ដល់​ប្រជាកសិករ ដែល​មាន​ផ្ទៃដី​បង្កបង្កើន​ផល​សរុប ១២១.១៧៣​ហិកតា ទិន្នផល ៤០៧.៣៣០​តោន ដំណាំ​ឧស្សា​កម្ម ដូចជា​ស្វាយកែវ​រមៀត ប្រមាណ​ជាង ៦៤.០៣៧​ហិកតា ទិន្នផល ៤០៤.៨៧៩​តោន អំពៅ​ប្រមាណ​ជាង ៥២.០០០​ហិកតា ទិន្នផល​សរុប ២.៦០០.០០០​តោន ផលិត​ស្ករអំពៅ បាន​ប្រមាណ ៣៤០.០០០​តោន​/​ឆ្នាំ និង​ដំណាំ​រួមផ្សំ​រាប់សែន​ហិកតា ព្រមទាំង​មាន​កសិដ្ឋាន​ចិញ្ចឹមសត្វ ៤៦២​កន្លែង មាន​ប្រមាណ​ជាង ១៤.៥៦៨.០១៥​ក្បាល រួមមាន ជ្រូក មាន់ (​ពងមាន់​នាំចេញ​ប្រមាណ​ជាង ៦៣.៤៥៧.២០០​គ្រាប់​/​ឆ្នាំ​) ដែល​គិត​ជា​ទឹកប្រាក់​សរុប​លើសពី ៣៥០.០០០.០០០​ដុល្លារ​/​ឆ្នាំ​។​

​លោក​អភិបាលខេត្ត បានឱ្យ​ដឹង​ដែរ​ថា វិស័យ​ឧស្សាហកម្ម ក៏​មាន​ការកើនឡើង​ឥតឈប់ឈរ ក្នុង​នោះ​កាលពី​ឆ្នាំ​២០២៥​កន្លងទៅ ដោយ​ទទួលបាន​គម្រោង វិនិយោគ​ក្រោម ៥​លាន​ដុល្លារ ចំនួន ១២៦​គម្រោង និង​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចំនួន ១៣០​គម្រោង​។ ដោយឡែក​គិត​ត្រឹម​ខែមេសា ឆ្នាំ​២០២៦​នេះ ខេត្ត​កំពង់ស្ពឺ ក៏​ទទួលបាន​គម្រោង​វិនិយោគ​ក្រោម ៥​លាន​ដុល្លារ ចំនួន ៣៥​គម្រោង​បន្ថែមទៀត​។​

​បច្ចុប្បន្ន​ទូ​ទាំង​ខេត្ត​កំពង់ស្ពឺ មាន​តំបន់​សេដ្ឋកិច្ច (SEZ) ២​កន្លែង សួន​ឧស្សាហកម្ម ៩​កន្លែង និង​រោងចក្រ សហគ្រាស គ្រឹះស្ថាន សរុប​មាន​ចំនួន ១.៦១៨​កន្លែង ស្រូប​កម្លាំង​ពលកម្ម​សរុប ៣២៧.១៩៣​នាក់​។ ក្រៅពី​វិស័យសេដ្ឋកិច្ច ក៏មាន​វិស័យ​សង្គមកិច្ច​ដទៃទៀត បាន​ចូលរួមចំណែក​ក្នុង​ផ្តល់​សេវាសាធារណៈ និង​លើកកម្ពស់​កម្រិតជីវភាព​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ព្រមទាំង​បាន​បង្កើន​ទំហំ​សេដ្ឋកិច្ច​ខេត្ត មាន​ចំនួន ២.៦០៥​លាន​ដុល្លារ និង​ចំណូល​សម្រាប់​មនុស្ស​ម្នាក់ៗ (GDP) មាន​ចំនួន ២.៧០២​ដុល្លារ (​ទិន្នន័យ​ឆ្នាំ​២០២៤)៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *