លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​សំណេះសំណាល និង​ទទួល​ថវិកា​សប្បុរសជន ខួប​លើក​ទី​១៦៣ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ក្រោម​មូលបទ «​បន្ត​រួម​កម្លាំង​គ្នា ដើម្បី​មនុស្សធម៌​»

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២៦ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​កតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​សំណេះសំណាល និង​ទទួល​ថវិកា​សប្បុរសជន ខួប​លើក​ទី​១៦៣ ទិវា​ពិភពលោក​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ក្រោម​មូលបទ «​បន្ត​រួម​កម្លាំង​គ្នា ដើម្បី​មនុស្សធម៌​» ។​

​ក្នុង​ប្រសាសន៍​ចាប់ផ្តើម​កម្មវិធី លោកជំទាវ​បណ្ឌិត សូម​ថ្លែង​អំណរ​ព្រះ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ថ្វាយ ព្រះករុណា​ព្រះបាទ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​ទាំង​ទ្វេ​តែង​ប្រោស​ព្រះរាជ​ឧបត្ថម្ភ​ដល់ កាកបាទក្រហមកម្ពុជា​សម្រាប់​បេសកកម្ម​មនុស្សធម៌​ជួយសង្គ្រោះ​ដល់​ប្រជានុរាស្ត្រ​ព្រះអង្គ​។

​លោកជំទាវ​បណ្ឌិត ថែម​ទាំង​ថ្លែងអំណរគុណ​ដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជន​ឆ្ងាយ​ជិត ដែល​តែង​ផ្ដល់​ទំនុកចិត្ត​បរិច្ចាគ​ជា​ថវិកា និង​សម្ភារៈ​ជូន​ដល់​កាកបាទក្រហមកម្ពុជា​ដើម្បី​ចែករំលែក​ទឹកចិត្ត​មនុស្សធម៌ និង​មេត្តាធម៌ ដោយ​បានប្រែក្លាយ​ទៅជា​អង្ករ ម្ហូបអាហារ ទឹកស្អាត ថ្នាំពេទ្យ សម្ភារៈ​ប្រើប្រាស់​ចាំបាច់ និង​គ្រឿងឧបភោគ​បរិភោគ​ផ្សេងៗ ដើម្បី​ជួយ​ដល់​គ្រួសារ​ក្រីក្រ គ្មាន​ទីពឹង ជនភៀសសឹក អ្នករងរបួស អ្នក​ជួប​គ្រោះមហន្តរាយ ជាពិសេស​គឺ​ម្តាយ​ដែល​កំពុង​មាន​កូនតូចៗ ដែល​ជា​ការបង្ហាញ​ថា “​គ្មាន​នរណា​ម្នាក់​ត្រូវបាន​បោះបង់​ចោល​ឡើយ​” ។

​បន្ថែម​ពីលើ​នេះ លោកជំទាវ​បណ្ឌិត បាន​រំលឹក​ផងដែរ​ថា ក្នុង​រយៈពេល ៧០​ឆ្នាំ​កន្លងមកនេះ កាកបាទក្រហមកម្ពុជា បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​សង្គ្រោះ លើកស្ទួយ​ជីវិត សុខុមាលភាព​ប្រជាជន ផ្អែក​តាម​គោលការណ៍​គ្រឹះ​ទាំង​៧ រួមមាន​៖ មនុស្សធម៌ អព្យាក្រឹត្យ មិន​លម្អៀង ឯករាជ្យភាព ស្ម័គ្រចិត្ត ឯកភាព និង​សាកល​។ សមិទ្ធផល​ដែល​សម្រេច​បាន​កន្លងមក​នេះ​គឺ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ឈ្លាសវៃ​របស់ សម្តេច​កត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ហើយ​កាលពី​ចុងឆ្នាំ​២០២៥ និង​ដើមឆ្នាំ​២០២៦ កាកបាទក្រហមកម្ពុជា បាន​ជួយ​សង្គ្រោះ និង​ផ្តល់​អំណោយ​ជូ​ល​ដល់​ជាង ១០​ម៉ឺន គ្រួសារ ដែល​ជា​ជន​ក្រីក្រ គ្រួសារ​វីរ​កងទ័ព ជនភៀសសឹក អ្នករងរបួស ជន​ជួប​គ្រោះមហន្តរាយ និង​ជន​ងាយ​រងគ្រោះ​ជា​ដើម​៕

 

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *