កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី

នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម Le Minh Hung នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុងឱកាស​នៃ​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៤៨ នៅ​កោះ​សេ​ប៊ូ សាធារណរដ្ឋ​ហ្វីលីពីន ដែល​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ទី​៧-៨ ខែ​ឧសភា ឆ្នាំ​២០២៦​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម​បាន​ថ្លែងអំណរគុណ​ចំពោះ សម្ដេច​ធិបតី ដែល​បាន​ផ្ញើ​លិខិត​អបអរសាទរ ក្នុងឱកាស​ដែល​ឯកឧត្តម​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​វៀតណាម​លើ​គ្រប់​វិស័យ និង​បាន​គូសបញ្ជាក់​នូវ​ការប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ​ថែម​ទៀត​នៅពេល​អនាគត​។ ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម Le Minh Hung ក៏​បាន​អញ្ជើញ​សម្ដេច​ធិបតី បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ជាថ្មី​ម្ដងទៀត​។​

​ជា​ការឆ្លើយតប សម្ដេច​ធិបតី​បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​កម្ពុជា​និង​វៀតណាម ទាំង​ក្នុង​ក្រប​ខណ្ឌ​រដ្ឋាភិបាល ក្រប​ខណ្ឌ​គណបក្ស និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​។ សម្ដេច​ធិបតី​បាន​បញ្ជាក់បន្ថែម​ថា ឆ្នាំ​២០២៧ ខាងមុខ គឺជា​ខួប​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម ហើយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ប្រគល់​ភារកិច្ច​ជូន​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​សហការ​រៀបចំ​កម្មវិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នេះ​ឱ្យបាន​ល្អ​ប្រសើរ​។ សម្ដេច​ធិបតី​ក៏​បាន​គូសបញ្ជាក់​សារ​ជា​ថ្មី​អំពី​សារៈសំខាន់​នៃ​ការបន្ត​ដាក់ចេញ​វិធានការ​បន្ថែមទៀត ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​ឈាន​ដល់​គោលដៅ ២០ ប៊ី​លាន​ដុល្លារ​អាមេរិក និង​បាន​ស្នើ​វិនិយោគិន​វៀតណាម​បន្ត​មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​បន្ថែមទៀត​។ សម្ដេច​ធិបតី​បាន​សង្កត់ធ្ងន់​អំពី​សារៈសំខាន់​នៃ​ការ​ពន្លឿន​ការកំណត់​ទីតាំងត​ភ្ជាប់​រវាង​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត និង​គម្រោង​ផ្លូវ​ល្បឿន​លឿន​ហូជីមិញ​-​ម៉ុក​បៃ ដើម្បី​ជា​ប្រយោជន៍​ដល់​សេដ្ឋកិច្ច និង​ការធ្វើដំណើរ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។ បន្ថែម​លើ​នេះ សម្ដេច​ធិបតី​បាន​ជំរុញ​ឱ្យមាន​ការសម្រួល​នីតិវិធី​គយ និង​អន្តោ​ប្រវេ​សន្ត៍ នៅ​តាម​ច្រកព្រំដែន​ឱ្យ​មាន​ភាពសាមញ្ញ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន និង​ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ពីរ​។​

​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ក៏​បាន​ពិភាក្សា​លើ​គំនិត​ផ្ដួចផ្ដើម​មួយចំនួន ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សំខាន់ៗ រួមមាន​៖ នយោបាយ​, សន្ដិសុខ និង​ការពារ​ជាតិ​, សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល​, ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​, ទេសចរណ៍ និង​ការផ្លាស់ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *