កម្ពុជា​-​ឡាវ​-​វៀតណាម ឯកភាព​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​ជិតស្និទ្ធ

នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលរួម​អាហារ​ពេលព្រឹក​ការងារ​ជាមួយ ឯកឧត្តម ឡេ មិញ ហ៊ុង (Le Minh Hung) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង ឯកឧត្តម សន​សៃ ស៊ី​ផាន់​ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ក្នុងឱកាស​នៃ​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៤៨ នៅ​កោះ​សេ​ប៊ូ សាធារណរដ្ឋ​ហ្វីលីពីន​។

​ក្នុងឱកាស​នៃ​ជំនួប ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​បី​បាន​សម្តែង​នូវ​ការរីករាយ​ចំពោះ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ និង​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ព្រមទាំង​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ជំនួប​អា​អាហារ​ពេលព្រឹក​ជា​ប្រពៃណី រវាង​នាយករដ្ឋមន្ត្រី​ទាំងបី ដែល​ជា​វេទិកា​សម្រាប់​ការផ្លាស់ប្តូរ​ព័ត៌មាន និង​ការលើកកម្ពស់​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​។ ថ្នាក់ដឹកនាំ​ក៏​បាន​សង្កត់ធ្ងន់ថា ក្នុង​បរិការណ៍​ដែល​ស្ថានភាព​តំបន់ និង​ពិភពលោក​បន្ត​ប្រែប្រួល​ប្រកបដោយ​ភាពស្មុគស្មាញ ការបន្ត​ពង្រឹង​ទំនាក់ទំនង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​បី​កាន់តែ​មាន​សារៈសំខាន់​។ ថ្នាក់ដឹកនាំ​ទាំង​បី ក៏​បាន​ពិភាក្សា​អំពី​អាទិភាព និង​គំនិត​ផ្តួចផ្តើម​សំដៅ​ជំរុញ​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​នយោបាយ​, សន្តិសុខ និង​ការពារ​ជាតិ​, សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​, ការវិនិយោគ​, ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​, ការតភ្ជាប់​ថាមពល និង​ការតភ្ជាប់​ទេសចរណ៍ រួម​ទាំង​ការបង្កើន​ជើងហោះហើរ​ត្រង់​ទៅវិញទៅមក​រវាង​ប្រទេស​ទាំង​បី​។

​ក្នុងឱកាស​នោះ សម្តេច​ធិបតី​បាន​សង្កត់ធ្ងន់​លើ​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​ការពង្រឹង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ ដោយ​ផ្អែក​លើ​ឧត្តមភាព​រៀងៗ​ខ្លួន​នៃ​ប្រទេស​ទាំង​បី​។ សម្តេច​ធិបតី​ក៏​បាន​គូសបញ្ជាក់​អំពី​ការបន្ត​ជំរុញ​ការតភ្ជាប់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន និង​ការផ្លាស់ប្តូរ​ទំនិញ​។ ជាមួយ​ប្រទេស​ឡាវ សម្តេច​ធិបតី​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​ការជ្រើសរើស​ទី​តាំងសាង​សង់ស្ពាន​ឆ្លងកាត់​ទន្លេរពៅ (​កម្ពុជា​) – ទន្លេ​សេ​ឡាំ​ផាវ (​ឡាវ​) ។ ជាមួយ​ប្រទេស​វៀតណាម សម្តេច​ធិបតី​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​ការកំណត់​ទីតាំងត​ភ្ជាប់​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត និង​គម្រោង​ផ្លូវ​ល្បឿន​លឿន​ហូជីមិញ​-​ម៉ុក​បៃ​។ ជាមួយគ្នានេះ សម្តេច​ធិបតី​ក៏​បាន​ផ្តួចផ្តើម​ឱ្យ​មាន​ការ​ពិនិត្យ​លទ្ធភាព​ក្នុង​ការអភិវឌ្ឍ​គម្រោង​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​រវាង​ប្រទេស​ទាំង​បី តាមរយ​:​ការប្រើប្រាស់​បណ្តាញ​បញ្ជូន​អគ្គីសនី​ដែលមាន​ស្រាប់ ព្រមទាំង​បាន​លើកទឹកចិត្ត​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ នៃ​ប្រទេស​ទាំង​បី ពិនិត្យ​លទ្ធភាព​រៀបចំ​កញ្ចប់​ផលិតផល​ទេសចរណ៍​រួម​។

​មុន​នឹង​បញ្ចប់ សម្តេច​ធិបតី​បាន​អញ្ជើញ​ថ្នាក់ដឹកនាំ​ឡាវ និង​វៀតណាម ចូលរួម​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូ​នីលើ​ក​ទី​២០ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ ក្នុង​ខែ​វិច្ឆិកា ឆ្នាំនេះ​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *