​កម្ពុជា​-​ម៉ាឡេស៊ី ប្ដេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង ទូលំទូលាយ​បន្ថែម​ទៀត​

រសៀល​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី ក្នុងឱកាស​នៃ​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៤៨ នៅ​កោះ​សេ​ប៊ូ សាធារណរដ្ឋ​ហ្វីលីពីន ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៧-៨ ខែ​ឧសភា ឆ្នាំ​២០២៦​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម Anwar Ibrahim បាន​បង្ហាញ​នូវ​ក្ដី​សោមនស្ស​រីករាយ​ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម្ដេច​ធិបតី សា​ជា​ថ្មី​ម្ដងទៀត ដោយ​ឯកឧត្តម​បានបញ្ជាក់​ថា ជំនួប​ជា​ញឹកញាប់​រវាង​ឯកឧត្តម​និង​សម្ដេច​ធិបតី ឆ្លុះបញ្ចាំង​អំពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​ម៉ាឡេស៊ី និង កម្ពុជា​។ បន្ថែម​លើ​នេះ​, ឯកឧត្តម Anwar Ibrahim បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី និង​បាន​គូសបញ្ជាក់​អំពី​ការប្ដេជ្ញា​បន្ត​ជំរុញ​ទំនាក់ទំនង​នេះ​ឱ្យ​កាន់តែ​រីកចម្រើន ទូលំទូលាយ និង រឹងមាំ​បន្ថែម​ទៀត ជាពិសេស​ការពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សក្ដានុពល សម្រាប់​ជា​ប្រយោជន៍​ដល់​ជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី បាន​ថ្លែងអំណរគុណ​ឯកឧត្តម Anwar Ibrahim ដែល​បាន​ដើរតួនាទី​យ៉ាង​សកម្ម ក្នុង​ការសម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ ចំនួន ២ លើក​, ២៨ កក្កដា និង ២៧ ធ្នូ ឆ្នាំ​២០២៥​។ សម្ដេច​ធិបតី បាន​គូសបញ្ជាក់ថា តួនាទី​របស់​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ឆ្លុះបញ្ចាំង​ពី​ស្មារតី​សាមគ្គីភាព​របស់​រដ្ឋ​ជា​សមាជិក​អាស៊ាន ដែល​បាន​បំពេញ​តួនាទី​ដ៏​សំខាន់ ក្នុង​ការធានា​ស្ថិរភាព វិបុលភាព និង​ចីរភាព នៅក្នុង​តំបន់​អាស៊ាន​។ បន្ថែម​លើ​នេះ​, សម្ដេច​ធិបតី ក៏​បាន​ពិភាក្សា​ជាមួយ​ឯកឧត្តម Anwar Ibrahim អំពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ ជាពិសេស ការ​ផ្ដោត​លើ​ឧស្សាហកម្ម​ហា​ឡាល់ (Halal Industry) ដែល​ជា​ឧស្សាហកម្ម​មួយ​មាន​សក្ដានុពល​ខ្ពស់​ចំពោះ​កម្ពុជា ក្នុង​កិច្ច​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ម៉ាឡេស៊ី​។ សម្ដេច​ធិបតី​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ម៉ាឡេស៊ី ដែល​បាន​គាំទ្រ​កម្ពុជា និង​បាន​បញ្ជូន​អ្នកបច្ចេកទេស​ផ្នែក​អាហារ​ហា​ឡាល់​មក​កាន់​កម្ពុជា ដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង វេទិកា​គាំទ្រ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​ទទួលបាន​សិទ្ធិ​ក្នុង​ការនាំ​ចេញ​អាហារ​ហា​ឡាល់​។​

​មុន​នឹង​បញ្ចប់​, ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​ការថែរក្សា​ស្ថិរភាព និង សន្តិភាព ក្នុង​តំបន់ ក៏ដូចជា​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី កម្ពុជា​-​ម៉ាឡេស៊ី លើ​វិស័យ​ការពារជាតិ និង​សន្តិសុខ​។​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *