​ឯកអគ្គរដ្ឋទូត​ឡាវ​ថ្មី ប្រចាំ​កម្ពុជា ប្ដេជ្ញា​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​ថែម​ទៀត

នា​រសៀល​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម សន​សៃ វ៉ាន់​ណា​សៃ (Sonexay Vannaxay) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ឡាវ បាន​សម្ដែង​នូវ​មោទនភាព​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ឡាវ​តែង​តែង​ជា​ឯកអគ្គរដ្ឋទូត​ឡាវ ប្រចាំ​កម្ពុជា​។ ឯកឧត្តម​បាន​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា លើ​គ្រប់​វិស័យ រួម​ទាំង​ហេដ្ឋារចនាសម្ព័ន ដែល​ជា​ចលករ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​សម្តែង​ការពេញចិត្ត និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ស្អិតរ​មួ​ត​លើ​គ្រប់​វិស័យ រវាង​ឡាវ និង​កម្ពុជា ព្រមទាំង​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការបន្ត​ពង្រឹង “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​” ដើម្បី​ផលប្រយោជន៍​រួម​នៃ​ប្រទេស​ទាំង​ពីរ​។ ឆ្លៀត​ក្នុង​ឱកាស​នេះ​, ឯកឧត្តម​បាន​ថ្លែងអំណរគុណ រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​ផ្ដល់​នូវ​ការគាំទ្រ និង​ជួយ​ដល់​ប្រទេស​ឡាវ កន្លងមក ជាពិសេស​ក្នុង​ពេល​ដែល​ឡាវ​ធ្វើជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន ឆ្នាំ​២០២៤ ក៏ដូចជា ក្នុង​គ្រា​ដែល​ប្រទេស​ឡាវ​ស្ថិត​ក្នុង​គ្រា​លំបាក​នៃ​ការផ្ទុះ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​ប្តេជ្ញា​ខិតខំ​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត លើ​គ្រប់​វិស័យ ព្រមទាំង​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀងទ្វេភាគី​នានា ដើម្បី​ជា​ផលប្រយោជន៍​ទៅវិញទៅមក សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម​បាន​ជម្រាបជូន​សម្ដេច​ធិបតី​ថា ក្នុង​ខួប​លើក​ទី​៧០ នៃ​ការទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​ឆ្នាំ​២០២៦ នេះ​, ប្រទេស​ទាំង​ពីរ​បាន​ត្រៀម​រៀបចំ​កម្មវិធី​អបអ​រសាទរ ទាំង​នៅ​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​វៀងចន្ទន៍​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​សម្ដែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ​ឯកឧត្តម សន​សៃ វ៉ាន់​ណា​សៃ (Sonexay Vannaxay) ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ឡាវ ប្រចាំ​កម្ពុជា​។ សម្ដេច​ធិបតី​មាន​ជំនឿ​ជឿជាក់ថា ឯកឧត្តម នឹង​ចូលរួម​ចំណែក​បន្ថែមទៀត​ក្នុង​ការពង្រឹង និង​ពង្រីក​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជា​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ជិតស្និទ និង​ស៊ីជម្រៅ​បន្ថែមទៀត នៅក្នុង​អាណត្តិ​ការទូត​របស់​ឯកឧត្តម​។ សម្ដេច​ធិបតី​បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ ព្រមទាំង​បាន​គូសបញ្ជាក់​ផងដែរ​ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​រួចជាស្រេច ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ឡាវ​លើ​គ្រប់​វិស័យ​។ សម្តេច​ធិបតី​បាន​លើកទឹកចិត្ត​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ធ្វើការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដើម្បី​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សំខាន់ៗ រួមមាន ពាណិជ្ជកម្ម សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន កសិកម្ម ថាមពល​អគ្គីសនី ការពារជាតិ និង​សន្តិសុខ​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *