អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​អន្តរាគមន៍​ឃាត់ខ្លួន បុរស​ជនជាតិ​បរទេស​ម្នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ចាក់ទៅលើ​ជនរងគ្រោះ​០២​នាក់ បណ្ដាលឲ្យ​រងរបួស​ធ្ងន់​!

​នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៥ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​បណ្តឹង​ផ្ទាល់​មាត់​ពី​ប្រជាពលរដ្ឋ​តាមរយៈ​លេខ​ទូរស័ព្ទ​បន្ទាន់ ១២៩១ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​លើ​ករណី​បុរស​ជនជាតិ​បរទេស​ម្នាក់ បាន​កាន់​កាំបិត​ចុង​ស្រួច និង​ប៉័ងតោ ចំនួន​០២​ដើម ធ្វើ​សកម្មភាព​ចាក់​ទៅលើ​ជនរងគ្រោះ​ចំនួន​០២​នាក់ (​ស្រី​០១​នាក់​) នៅ​ចំណុច​ខុន​ដូរ​ប៑ែ​ល​លី​៣ ផ្លូវ​កែវ​ចិន្តា ស្ថិត​ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​ខាងលើ​ភ្លាមៗ ធ្វើការ​ឃាត់ខ្លួន​បាន​ជាក់ស្ដែង​បុរស​ជនជាតិ​បរទេស​ម្នាក់​ឈ្មោះ RANTAPAA MARKO ANTERO ជនជាតិ​បារាំង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ នៅ​ចំណុច​ខុន​ដូរ​ខាងលើ ក្នុង​បន្ទប់​លេខ​A១១ ជាន់​ទី​១១ បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​។​

​សមត្ថកិច្ច​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បានឲ្យដឹងថា មូលហេតុ​ដែល​បង្ក​ឱ្យមាន​អំពើហិង្សា​ចាក់ទៅលើ​ជនរងគ្រោះ​០២​នាក់​ខាងលើ ដោយសារតែ​បុរស​បរទេស​រូបនេះ បាន​ជិះ​កង់​បី​របស់​គេ​តែ​មិន​មាន​លុយ​ឱ្យ​ក៏​កើត​ជា​ទំនាស់​ទាស់ទែង​ជាមួយនឹង​ម្ចាស់​កង់​បី និង​បាន​ទៅ​ខ្ចី​ប្រាក់​ពី អ្នក​ទទួល​ភ្ញៀវ​ខុន​ដូ​ខាងលើ តែ​ត្រូវបាន​អ្នក​ទទួល​ភ្ញៀវ​របស់​ខុន​ដូ​មិន​ឲ្យ​ប្រាក់​ខ្ចី ក៏​មាន​ជម្លោះ​ទាស់​ពាក្យសម្ដី​គ្នា​ទៅវិញទៅមក ហើយ​ក៏​កើត​មាន​អំពើហិង្សា​ដោយ​ជនបរទេស​រូបនេះ បាន​រត់​ឡើង​ទៅ​បន្ទប់​ខុន​ដូរ​របស់ខ្លួន រួច​យក​កាំបិត​០២​ដើម មក​ធ្វើ​សកម្មភាព​ចាប់​អ្នក​ទទួល​ភ្ញៀវ​ខុន​ដូ​ខាងលើនោះ រួច​កាប់ និង​ចាក់ បណ្ដាលឲ្យ​រងរបួស​ធ្ងន់ ដោយ​ឃើញ​ដូចនេះ​សន្តិសុខ​នៅ​ខុន​ដូ​ខាងលើ ក៏​រត់​ទៅ​ជួយ​ក៏​ត្រូវបាន​ជន​បរទេស​នោះ យក​កាំបិត​កាប់​បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ផងដែរ​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *