រដ្ឋបាល​ខេត្ត​កំពង់ចាម សហការ​ជាមួយ​ក្រសួងមហាផ្ទៃ បើក​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ស្ដីពី​ការ​បន្ត​និរន្តរភាព​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams)

​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៦ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ស្ដី​ពី​ការបន្ត​និរន្តរភាព​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ក្រោម​អធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។ កិច្ចប្រជុំ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ប្រតិភូ​ក្រសួងមហាផ្ទៃ​, ឯកឧត្តម កោ វណ្ណឌី ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ចាម​, តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​, ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​, អភិបាលរង​ខេត្ត​, កងកម្លាំង​ទាំង​បី ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង​ស្រុក ឃុំ​សង្កាត់​, អធិការ​ក្រុង ស្រុក ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់ និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត ស្ថិតនៅ​សាលា​ខេត្តកំពង់ចាម​។​

​ថ្លែង​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត មានប្រសាសន៍ថា ជា​បទពិសោធន៍​ក្នុង​ការអនុវត្ត​ការងារ​ប្រឆាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ក្រោយ​ទទួលបាន​បទបញ្ជា​លេខ​០១​របស់​រាជរដ្ឋាភិបាល គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​បាន​ច្បាម​ជាប់​នៅ​នឹង​ដៃ និង​ឈាន​ទៅ​គ្រប់គ្រង​ភ្លាមៗ នូវ​គោលដៅ​សំខាន់ៗ​ចំនួន ៤០២​ទីតាំង និង​កន្លែង​ផ្សេងៗ ចំនួន ៧១៤​ទីតាំង​ផងដែរ ។

​ឯកឧត្តម អ៊ុន ចាន់​ដា បានបញ្ជាក់​ថា ដោយ​បាន​ដាក់​ចេញ​ញ​នូវ​ផែនការ​ជា​យុទ្ធសាស្ត្រ កំណត់ និង​គ្រប់គ្រង​បាន​នូវ​បណ្តា​ទីតាំង ដែល​សង្ស័យ​មាន​ការប្រមូលផ្តុំ​មនុស្ស​រស់នៅ​ប្រកប​អាជីវកម្ម​ផ្សេងៗ ជា​លទ្ធផល​ធ្វើឱ្យ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ចាម​ពុំមាន​Casino និង​ទីតាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទេ ទាំងនេះ​អាស្រ័យ​ដោយ​យើង​បាន​ចាត់វិធានការណ៏​នានា​ជាប់​ជា​ប្រចាំ​ពី​ចម្ងាយ កំណត់​គោលដៅ​មុន ចុះ​ពិនិត្យ និង​ពង្រាយ​កម្លាំង​តាម​គោលដៅ ដែល​នឹង​អាច​មាន​ការ​ហើរ​ចូល​ពី​ខាងក្រៅ​នូវ​មុខសញ្ញា​សង្ស័យ​បាន​ទាន់ពេលវេលា ។

​ជាមួយគ្នា​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បានបញ្ជាក់​ថា ការងាររដ្ឋបាល​ចំហរ​តាម​ដងផ្លូវ​សាធារណៈ កម្លាំង​ជំនាញ​បាន​ធ្វើ​ការបង្ក្រាប​បទល្មើស ៧​លើក ឃាត់ខ្លួន​មនុស្ស ៥៨ នាក់ ដែល​ជា​ជនជាតិ​ចិន​ធ្វើដំណើរ​ចូល​ក្នុង​ខេត្ត​កំពង់ចាម ដោយ​គ្មាន​លិខិតឆ្លងដែន (​ខុសច្បាប់​) បញ្ជូន​ខ្លួន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រោម​គោលនយោបាយ និង​ឆន្ទៈ ដឹកនាំ ប្រកប​ដោយ​ភាពម៉ឺងម៉ាត់ ច្បាស់លាស់ របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន នឹង​កំពុង​អនុវត្ត​ច្បាប់​យ៉ាង​តឹងរ៉ឹង លើ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ ដោយបាន ឃាត់ខ្លួន​ឧក្រិដ្ឋជន និង​អ្នកពាក់ព័ន្ធ​បញ្ជូនទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស និង​អនុវត្ត នីតិវិធី បណ្តេញចេញ​ទៅ​ប្រទេស​ជា​បន្តបន្ទាប់ ជា​ពិសេស​បាន​សហការ ផ្តល់​ព័ត៌មាន​អំពី​ខ្សែបណ្តាញ​មេខ្លោង ទៅកាន់​ប្រទេស​ក្នុង​តំបន់ និង​ក្រៅ​តំបន់ ជាច្រើន​ករណី​ផងដែរ ៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *