រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ស្តី​ពី​ការបន្ត​និរន្ត​ភាព​យុទ្ធនាការ​បោសសម្អាត ការ​ឆបោក​តាម​ប្រពន្ធ​បច្ចេកវិទ្យា Online Scam

(​ត្បូងឃ្មុំ​)៖ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៦ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ស្តី​ពី​ការបន្ត​និរន្ត​ភាព​យុទ្ធនាការ​បោសសម្អាត ការ​ឆបោក​តាម​ប្រពន្ធ​បច្ចេកវិទ្យា Online Scam ក្រោម​អធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។​

​ក្នុងនោះ​មាន​ការអញ្ជើញ​ពី​សំណាក់ ឯកឧត្តម ឡុង ធា​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី ស្ថាប័ន​តុលាការ និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ចំណុះ​ឲ្យ​រដ្ឋបាល​ខេត្ត កងកម្លាំង​ទាំង​៣ ព្រមទាំង​វិស័យ​ឯកជន ដោយ​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​ត្បូងឃ្មុំ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត​ត្បូងឃ្មុំ គូស​បានបញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នា​ថ្ងៃនេះ គឺ​មិន​ត្រឹមតែ​បាន​ផ្តល់​ចំណេះដឹង​បន្ថែម​ប៉ុណ្ណោះ​ទេ តែ​មាន​សារៈប្រយោជន៍​សម្រាប់​កិច្ចការងារ​ក្នុង​ការអនុវត្ត​បន្តបន្ទាប់​ទៀត​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ការលុបបំបាត់​ជន​ឱកាសនិយម​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ផង​ដែរ​។​

​ឯកឧត្តម ប៉ែន កុសល្យ លើកឡើងថា ក្នុង​កិច្ច​ការងារ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (online scam) ខេត្ត​ត្បូងឃ្មុំ​យើង បាន​បើក​យុទ្ធនាការ​បោសសម្អាត​យ៉ាង​ស្រាក់​ស្រាំ ក្នុងនោះ​បាន​ធ្វើការ​បិទ​នៅ​ទីតាំង​មួយចំនួន​ដែល​បាន​រកឃើញ​នៅ​ការ​បង្កប់​ការបោក​តាម​ប្រពន្ធ​បច្ចេកវិទ្យា​នេះ​ផងដែរ ដោយ​ទទួលបាន​សេចក្តីណែនាំ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​មហាផ្ទៃ​។

​ឯកឧត្តម អភិបាលខេត្ត បន្ថែមថា យើង​ក៏​បាន​ធ្វើការ​ចុះ​ពិនិត្យ​នៅ​តាម​ផ្ទះសំណាក់ សណ្ឋាគារ ដែល​មាន​ការសង្ស័យថា អាច​មាន​ការ​លាក់​បង្កប់នៅ​ឧក្រិដ្ឋជន ឆបោក​តាម​អន​ឡា​ញ ហើយក៏​បាន​ធ្វើការ​ឃាត់​ខ្លួន​ជនសង្ស័យ​មួយ មិន​មាន​លិខិតឆ្លងដែន​ស្របច្បាប់ ដែល​សមត្ថកិច្ច​ដាក់​ការសង្ស័យថា​បាន​លួច​ឆ្លងដែន​ខុសច្បាប់ និង​បន្ត​អនុវត្តន៍​ទៅ​រងាម​នីតិវិធី​ច្បាប់​។​

​ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កម្លាំងចម្រុះ​ទាំងអស់ ចំណុះ​ឲ្យ​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​ទាំងមូល ដែល​បាន​សហការ​គ្នា​បាន​យ៉ាង​ល្អ ក្នុង​ការអនុវត្តន៍​ចុះបង្ក្រាប និង​ធ្វើ​រដ្ឋបាល​ចំហ ពាក់ព័ន្ធ​លើ​កិច្ចការងារ​នេះ​។​

​ឯកឧត្តម រដ្ឋលេខាធិការ ក៏​បាន​ធ្វើ​ការណែនាំ​ដល់​គណៈបញ្ជាការ​ឯកភាព​ខេត្ត ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ធ្វើ​ការត្រួតពិនិត្យ តាមដាន​ឱ្យបាន​ហ្មត់ចត់ ដោយ​ធ្វើយ៉ាងណា​កុំឱ្យ​ឧក្រិដ្ឋជន​ឆបោក​តាម​អន​ឡា​ញ អាច​មានឱកាស​ក្នុង​ការប្រើប្រាស់​ទីតាំង ឬ​តំបន់​ណាមួយ​ក្នុង​ខេត្ត​ដើម្បី​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​បច្ចេកវិទ្យា​អន​ឡាញ​ស្គេម​នេះ ព្រោះ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​គឺ​បង្ករ​គ្រោះថ្នាក់​ខ្លាំង​ណាស់​មិន​ថា​ក្នុង​មូលដ្ឋាន ក្នុង​សង្គម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ធ្វើឱ្យ​បាត់បង់​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​។​

​ឯកឧត្តម រដ្ឋលេខាធិការ​បាន​បន្តថា បច្ចុប្បន្ន​បច្ចេកវិទ្យា​កា​ន់​តែ​ទំនើប ជាពិសេស​បញ្ញា​សិប្បនិម្មិត (AI) បាន​នឹង​កំពុង​វាយលុក​ខ្លាំង​ទូទាំង​សកលលោក ហើយ (AI) នេះ​គឺជា​អាវុធ​មុខ​ពីរ ដែល​អាច​ជួយ​ជា​ប្រយោជន៍​សម្រាប់​មនុស្សជាតិ​ផង និង​ជា​មហន្តរ​រាយ​របស់​មនុស្សជាតិ​ផងដែរ​។

​ដូច​ដែល​អ្វីដែល​យើង​បានឃើញ​នាពេល​បច្ចុប្បន្ន​នេះ បញ្ហា​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​អន​ឡា​ញ គឺ​ឧក្រិដ្ឋជន ភាគច្រើន​ប្រើប្រាស់ បញ្ញា​សិប្បនិម្មិត (AI) ដើម្បី​បម្លែង​រូបភាពឬ​វីដេអូ​ផ្សេងៗ បង្ករ​ជា​ភាពចលាចល​ក្នុង​សង្គម បោកប្រាស់​លុយកាក់​ប្រជាពលរដ្ឋ​។​

ក្នុងនោះ​បាន​ប្រើប្រាស់​(AI)​ជាការ​ល្បួងលួងលោម ជា​តួអង្គ​បញ្ចុះបញ្ចូល​ក្នុងន័យ​បោកប្រាស់​តាមរបៀប​ស្នេហា បោកប្រាស់​តាមរបៀប​គំរៀមកំហែង បោកប្រាស់​តាមរបៀប​ផ្តល់​ឱកាស​ការងារ​ទទួល​បាន​ប្រាក់ខែ​ខ្ពស់ បោកប្រាស់​ទំនុកចិត្ត​ផ្សេងៗ ដូចនេះ​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធានការ​ក្តៅគកុក​ដើម្បី​ធ្វើយ៉ាងណា​បោសសម្អាត​ឱ្យ​អស់​នៅ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​ទាំងនោះ​។​

​បើ​យោងតាម​របាយការណ៍រ​បស់​លោក​ឧត្តមសេនីយ៍ទោ ចិន នី ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បានបង្ហាញ​ថា តាម​បទ​បញ្ជាការ​របស់​រដ្ឋ​បាល​ខេត្ត​ត្បូងឃ្មុំ ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត និង​សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ចុះ​ត្រួតពិនិត្យ ស្រាវជ្រាវ និង​បង្ក្រាប​ទីតាំង​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ព្រមទាំង​រឹតបន្តឹង​ការអនុវត្ត​អនុក្រឹត្យ​លេខ ០៣ ស្តីពី​ការគ្រប់គ្រង​សន្តិសុខ​សុវត្ថិភាព​តាម​ទីតាំង​រស់នៅ​ប្រមូលផ្តុំ​។

​ជា​លទ្ធផល​បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ចំនួន​២​លើក ឃាត់ខ្លួន​មនុស្ស​សរុប ៦៥៩ នាក់ (​ស្រី ១៨៩ នាក់​) ក្នុងនោះ​មាន​ជនជាតិ ចិន វៀតណាម មី​យ៉ាន​ម៉ា និង​ជនជាតិខ្មែរ​មួយចំនួន​។ បច្ចុប្បន្ន​កម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បាន​បំពាក់​ការម៉េរ៉ា​សុ​វត្តិភាព​ក្នុង​ទីតាំង​ទាំង​៩​កន្លែង និង​ស្ថិត​នៅក្នុង​(​បន្ទប់​ស្ថានការណ៍​) ដើម្បី​រង់ចាំ​ការតភ្ជាប់​ប្រព័ន្ធ Server តាមដាន​ភូមិសាស្ត្រ​ទាំងនោះ ២៤​ម៉ោង​លើ ២៤​ម៉ោង​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *