​មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​ឧសភា និង​លើក​ទិសដៅ​ការងារ​បន្ត​សម្រាប់​ខែមិថុនា ដើម្បី​ពង្រឹង​គុណភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ឆ្លើយតប​ទៅ​នឹងរ​បត់​បរិវត្ត​កម្ម​ឌីជីថល​

(​ត្បូងឃ្មុំ​)៖ លោក ធី​ន ស៉ីថា​ច ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២៦ នេះ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​ឧសភា និង​លើក​ទិសដៅ​ការងារ​បន្ត​សម្រាប់​ខែមិថុនា ដើម្បី​ពង្រឹង​គុណភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ឆ្លើយតប​ទៅ​នឹងរ​បត់​បរិវត្ត​កម្ម​ឌីជីថល ដែល​កិច្ចប្រជុំ​នេះ ធ្វើឡើង​នៅ​សាលប្រជុំ​មន្ទីរ​។​

​កិច្ចប្រជុំ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក វ៉ាន់ វីរៈ និង​លោក ស ស៉ី​សុភត្រា អនុប្រធាន​មន្ទីរ ព្រមទាំង​លោក​-​លោកស្រី​ប្រធាន អនុប្រធាន​ការិយាល័យ​ទាំង​៥ និង​មន្ត្រីរាជការ​-​មន្ត្រី​ជាប់​កិច្ចសន្យា​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​ជាច្រើនរូប​។​

​ក្នុងឱកាស​នោះ លោក ធី​ន ស៊ី​ថាច បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​បំពេញ​ភារកិច្ច​សម្រេចបាន​លទ្ធផល​ល្អ​ប្រសើរ គួរ​ជាទី​មោទក​។ លោក​ប្រធាន​មន្ទីរ​គូសបញ្ជាក់ថា ស្នាដៃ​ទាំងនេះ​បាន​រួមចំណែក​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការចាប់យក​កាលានុវត្តភាព​ថ្មីៗ​ផ្នែក​បច្ចេកវិទ្យា ខណៈ​ដែល​សង្គម​កម្ពុជា​កំពុង​បោះជំហាន​ទៅ​មុខ​យ៉ាង​លឿន​ក្នុង​យុគសម័យ​ឌីជីថល​។​

​អង្គប្រជុំ​ក៏បាន​ស្តាប់​របាយការណ៍​សង្ខេប​ពី​សំណាក់ លោក ស ស៉ី​សុភត្រា អនុប្រធាន​មន្ទីរ ដោយ​បាន​ធ្វើ​បទ​បង្ហាញ​ពី​ដំណើរការ នៃ​ការអនុវត្ត​សាកល្បង​គេហទំព័រ (Website) ថ្មី​របស់​មន្ទីរ ដែល​បាន​ដាក់ឲ្យ​ប្រើប្រាស់​ពី​ក្រសួង​ព័ត៌មាន ក្រោម​ការគាំទ្រ​បច្ចេកទេស​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។ ជាមួយគ្នានេះ លោក វ៉ាន់ វីរៈ អនុប្រធាន​មន្ទីរ ក៏​បាន​លើក​ពី​ស្មារតី​នៃ​កិច្ចប្រជុំ​រួមមួយ ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន តាម​កម្មវិធី Zoom ពី​វឌ្ឍនភាព នៃ​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដំណាក់កាល​ទី​២ របស់​ក្រសួង​ព័ត៌មាន ដែល​ផ្តោត​សំខាន់​លើ​ការពង្រឹង​អក្ខរកម្ម​ព័ត៌មាន​ក្នុង​ស្រទាប់​យុវវ័យ​។​

​ដើម្បី​បន្ត​និរន្តរភាព​ការងារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព លោក​ប្រធាន​មន្ទីរ​បាន​ដាក់ចេញ​នូវ​ទិសដៅ​យុទ្ធសាស្ត្រ​សំខាន់ៗ រួមមាន​៖
– ពង្រឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​៖ ត្រៀម​ក្រុម​ការងារ​បច្ចេកទេសរ​បស់​មន្ទីរ ដើម្បី​បន្ត​អនុវត្ត​សាកល្បង និង​ការពារ​ប្រព័ន្ធ​គេហទំព័រ​ថ្មី ឱ្យមាន​សុវត្ថិភាព​ខ្ពស់​។​
– ពង្រីក​អក្ខរកម្ម​ព័ត៌មាន​៖ ត្រៀម​លក្ខណៈ​សកម្ម​ក្នុង​ការអនុវត្ត​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដំណាក់កាល​ទី​២ សំដៅ​បង្កើន​ការយល់ដឹង​ដល់​យុវជន​។​
– ការងារ​ផ្សាយ​ផ្ទាល់​ព្រឹត្តិការណ៍​ធំ​៖ ត្រៀម​សម្ភារៈ ឧបករណ៍ និង​បច្ចេកទេស​សម្រាប់​ការផ្សាយ​ផ្ទាល់ (Live) ក្នុងឱកាស​ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០២៦ ខួប​លើក​ទី​១៦៣ ក្រោម​មូលបទ «​បន្ត​រួម​កម្លាំង​គ្នា ដើម្បី​មនុស្សធម៌​»​។​

​ជា​ចុងក្រោយ លោក ធី​ន ស៊ី​ថាច បាន​លើកទឹកចិត្ត​ដល់​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​ខិតខំ​បន្ត​ផលិត​ព័ត៌មាន និង​កម្មវិធី​ថ្មីៗ ដែល​គួរឱ្យ​ជឿ​ទុកចិត្តបាន ទាំង​ផ្នែក​ព័ត៌មាន អប់រំ និង​កម្សាន្ត ដើម្បី​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​មហាជន​ទូទាំង​ខេត្ត​។ ទន្ទឹមនឹងនេះ លោក​ប្រធាន ក៏​បាន​ផ្តាំផ្ញើ​ឱ្យ​ថ្នាក់ដឹកនាំ​ការិយាល័យ និង​មន្ត្រី​ទាំងអស់ សូមក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​រឹងមាំ ចេះ​ចែករំលែក និង​បែងចែក​ភារកិច្ច​គ្នា​ដោយ​តម្លាភាព ក្នុងនាម​ជា «​គ្រួសារ​តែ​មួយ​» នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ ដើម្បី​សម្រេច​ភារកិច្ច​ជូន​ជាតិ និង​ប្រជាជន​ឱ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *