រដ្ឋបាល​ខេត្ត​កំពង់ចាម ប្រារព្ធ​ទិវា​អតីតយុទ្ធជន និង​និវត្ត​ជនកម្ពុជា លើក​ទី​១៩ ឆ្នាំ​២០២៦

(​កំពង់ចាម​)៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន និង​និវត្ត​ជនកម្ពុជា ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៦ នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អតីតយុទ្ធជន និង​និវត្ត​ជនកម្ពុជា លើក​ទី​១៩ ឆ្នាំ​២០២៦ នៅ​សាលាស្រុក​ស្ទឹងត្រង់ ដែល​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត ថ្នាក់ដឹកនាំ​ស្រុក និង​អតីតយុទ្ធជន និង​និវត្តជន ប្រមាណ​ជា​ជាង ២០០​នាក់ ។​

​ឯកឧត្តម អ៊ុន ចាន់​ដា បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា ការ​ប្រារព្ធ​ទិវា​អតីតយុទ្ធជន និង​និវត្ត​ជនកម្ពុជា លើក​ទី​១៩ នា​ឱកាស​នេះ គឺជា​ព្រឹត្តិការណ៍​ជាតិ​មួយ ដែល​ធ្វើឱ្យ​ប្រជាជន​កម្ពុជា​គ្រប់​រូប​ចងចាំ​នូវ​គុណូបក្ការៈ​ដ៏​ឧត្តុង្គឧត្តម និង​ពលិកម្ម​ដ៏​ធំធេង​
​មិន​អាច​កាត់ថ្លៃ​បាន​របស់​យុទ្ធជន​យុទ្ធ​នារី មន្ត្រីរាជការ និង​អ្នកស្នេហាជាតិ​គ្រប់​ជំនាន់ ជាពិសេស​
​អ៊ំ ពូ មីង អតីតយុទ្ធជន និង​និវត្តជន ដែល​បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់ និង​លះបង់​អាយុជីវិត ព្រម​ទាំង​បញ្ញា ស្មារតី ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ នាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​រហូតមក​ដល់​បច្ចុប្បន្ន​នេះ​។​

​ឯកឧត្តម អ៊ុន ចាន់​ដា បាន​ថ្លែងបន្តថា ជា​ការពិត​ណាស់ កម្ពុជា​បាន​ឆ្លងកាត់​សង្គ្រាម និង​របប​ប្រល័យ​ពូជសាសន៍ ហើយ​បន្សល់ទុក​នូវ​ផលវិបាក​ជាច្រើន ដែល​មិន​អាច​គណនា​បាន​។​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ ថ្ងៃ​៧ មករា ១៩៧៩ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​រំដោះ​ប្រទេស​ជាតិ និង​ជួយ​សង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ​ឱ្យ​ចាក​ផុត​ពី​គ្រោះមហន្តរាយ និង​បាន​ស្តារ កសាង អភិវឌ្ឍ មាតុភូមិ​កម្ពុជា ឱ្យ​មាន​ការ​
​រីកចម្រើន ជា​បន្តបន្ទាប់​ដូច​សព្វ​ថ្ងៃ​។​ជ័យជម្នះ​នេះ ពិតជា​មាន​ការរួមចំណែក​ដ៏​ធំធេង​របស់​បងប្អូន​អតីតយុទ្ធជន និង​និវត្តជន​ដែល​យើងទាំងអស់គ្នា​តែង​ចងចាំ​ជានិច្ច​នូវ​គុណបំណាច់​ដ៏​ឧត្ដុង្គឧត្តម​ថ្លៃថ្លា​នេះ​។​

​លើសពីនេះ​ទៀត នៅ​ឆ្នាំ​១៩៩៨ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​អនុវត្ត​ដោយ​ជោគជ័យ​នូវ​នយោបាយ ឈ្នះ ឈ្នះ ធ្វើ​ឱ្យ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​គ្រប់​ភាគី​ទាំងអស់​រួម​ទាំង​អតីតយុទ្ធជន ត្រូវបាន​ធ្វើ​សមាហរណកម្ម​ទៅក្នុង​កងយោធពល​ខេមរភូមិន្ទ កង​នគរបាលជាតិ និង​អតីតយុទ្ធជន​តែមួយ ធ្វើឱ្យ​ទឹក​ដី​កម្ពុជា​ទទួលបាន​នូវ​ឯកភាព​ជាតិ សុខ​សន្តិភាព​គ្របដណ្តប់​លើ​ផ្ទៃ​ប្រទេស​ទាំងមូល ដែល​ប្រការ​នេះ​បាន​ធ្វើឱ្យ​ប្រជាជន​គ្រប់រូប​ចងចាំ​ជានិច្ច នូវ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​អតីតយុទ្ធជន ក្នុង​ការការពា​រឯក​រាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី និង​ការអភិវឌ្ឍ​ប្រទេសជាតិ ឱ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ​៕

 

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *