គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បន្ត​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​ចំហរ​តាម​ផ្ទះសំណាក់ ដើម្បី​បង្ការ និង​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​

ត្បូងឃ្មុំ​៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៦ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បន្ត​ចុះ​ធ្វើ​រដ្ឋបាល​ចំហរ​យ៉ាង​សកម្ម​ដូច​ភ្លៀងរលឹម​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ត្រួតពិនិត្យ​តាម​ផ្ទះ​វីឡា ផ្ទះសំណាក់ និង​បន្ទប់​ជួល ដើម្បី​ស្វែងរក​ជនបរទេស​ស្នាក់​នៅ​ខុសច្បាប់ ដែល​អាច​លួចលាក់​ប្រព្រឹត្ត​បទល្មើស​បច្ចេកវិទ្យា (Online Scams) បទល្មើស​គ្រឿងញៀន និង​សកម្មភាព​ក្មេង​ទំនើង ក្នុង​ភូមិសាស្ត្រ​ខេត្ត​។​

​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការត្រួត​ពិនិត្យ​ផ្ទះសំណាក់​ចំនួន ០២​ទីតាំង (​ស្មើនឹង ១០៨ បន្ទប់​) ដោយ​រក​ឃើញ​មាន​ជនជាតិ​បរទេស​ស្នាក់​នៅ​សរុប ២០ នាក់ (​ស្រី ០២ នាក់​) ដែល​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ ក្នុងនោះ​រួមមាន​៖ ជនជាតិ​ចិន ចំនួន ១៧ នាក់ (​ប្រុស​), ជនជាតិ​វៀតណាម ចំនួន ០២ នាក់ (​ស្រី ០១ នាក់​) និង​ជនជាតិ​រុស្ស៊ី ០១ នាក់ (​ស្រី​) ។​

​ជា​វិធានការ​ចំពោះមុខ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការអប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​ទីតាំង​ទាំង​០២ ព្រមទាំង​ជន​បរទេស​ទាំង ២០ នាក់ ឱ្យ​អនុវត្ត​ស្របតាម​អនុក្រឹត្យ​លេខ ០៣ របស់​រាជរដ្ឋាភិបាល និង​ច្បាប់​ស្តីពី​ការប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។​

​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត នឹង​បន្ត​ចាត់វិធានការ​ស្រាវជ្រាវ ត្រួតពិនិត្យ និង​ស្វែងរក​ទីតាំង​សង្ស័យ​ផ្សេងៗ ដែល​មាន​ការ​លួចលាក់​ប្រព្រឹត្ត​បទល្មើស និង​ការរស់នៅ​ប្រមូលផ្តុំ​ខុសច្បាប់ ឱ្យបាន​ទូទាំង ០៧ ក្រុង​/​ស្រុក នៃ​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​បន្ត​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ ០៣ របស់​រាជរដ្ឋាភិបាល ឱ្យបាន​ទូលំទូលាយ​បន្ថែមទៀត ដើម្បី​ធានា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ​៕

 

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *