ត្បូងឃ្មុំ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីខួបលើកទី៤៩ នៃទិវាដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧- ២០ មិថុនា ២០២៦ នៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ។
ពិធីរំលឹកខួបលើកទី៤៨ ទិវានៃការចងចាំដំណើរ ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ X១៦ (២០ មិថុនា១៩៧៧ -២០ មិថុនា ២០២៦) នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញជាអធិបតីភាពពីថ្នាក់ដឹកនាំកំពូលៗរបស់រាជរដ្ឋាភិបាលកម្ពុជា នៅតំបន់ប្រវត្តិសាស្ត្រយោធា តេជោកោះថ្ម X១៦ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា៖ ការរៀបចំពិធីរំលឹកខួបលើកទី៤៨ ទិវានៃការចងចាំដំណើរ ឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ X១៦នេះ គឺរាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ខ្លាំងណាស់ ដូចនេះហើយការរៀបចំត្រូវធ្វើយ៉ាងណាឱ្យបានហ្មត់ចត់ ទាំងកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ ការរៀបចំនៅពិធីគោរពវិញ្ញាណក្ខណ្ឌ និងការរៀបចំផ្សេងៗ ត្រូវធានាថាប្រព្រឹត្តទៅដោយរលូន និងមានលទ្ធផលល្អ។
ឯកឧត្តម អភិបាលខេត្តក៏បានជម្រុញឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំនាញពាក់ព័ន្ធ ជាពិសេសកងកម្លាំងប្រដាប់អាវុធ ត្រូវត្រៀមខ្លួនឱ្យរួចជាស្រេចដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ទីតាំងនៃការប្រារព្ធពិធីផងដែរ។
គួរបញ្ជាក់ផងដែរថា៖ ចាប់ផ្តើមពីចលនាតស៊ូក្នុងដំណើរឈានឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលជាថ្ងៃចាប់ផ្តើមនៃចលនាតស៊ូប្រឆាំងរើបម្រះពីរបបដឹកនាំរបស់ប៉ុល ពត គឺមានសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តតិចតួចប៉ុណ្ណោះ ដោយចេញពីតំបន់កោះថ្ម X១៦ ព្រំដែនវៀតណាម ឈានទៅការបង្កើតកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ មានឈ្មោះកាត់ថា «ក១២៥» ដែលជាអង្គការចាត់តាំងយោធាដំបូង និងការបង្កើតអង្គការចាត់តាំងនយោបាយដំបូង គឺរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៧៨ ក្រោមការដឹកនាំរបស់សម្តេចពញាចក្រី ហេង សំរិន សម្តេចធម្មពោធិសាល ជា ស៊ីម និងសម្តេចតេជោ ហ៊ុន សែន ឈានទៅសម្រេចជ័យជម្នះក្នុងការសង្គ្រោះ និងរំដោះប្រទេសជាតិ ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាស្ថាពរនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩៕

