ខេត្តត្បូងឃ្មុំ៖ យោងតាមរបាយការណ៍ផ្លូវការ ក្នុងរយៈពេល ២ថ្ងៃជាប់ៗគ្នា គឺចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន នៃគណៈកម្មាធិការបង្ក្រាបការជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់ (គ.ប.ឆ.ប) បានបើកប្រតិបត្តិការចុះត្រួតពិនិត្យ និងពង្រឹងការបិទប្លុំបេបណ្តោះអាសន្នលើទីតាំងក្រុមហ៊ុន និងខុនដូរចំនួន ៥កន្លែង ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ប្រតិបត្តិការនេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ប៉េង គង់ អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមសហការពី គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ (ប្រចាំការខេត្តត្បូងឃ្មុំ) កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត និងដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ដោយ លោក កែវ ភក្តី តំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។
ជាលទ្ធផលនៃការចុះត្រួតពិនិត្យតាមទីតាំងនីមួយៗ រួមមាន៖
១. ក្រុមហ៊ុន GOLDBI RESORT (ចុះថ្ងៃទី០៨ មិថុនា) ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ។ ក្រុមការងារបានពិនិត្យឃើញអគារចំនួន ៥ មានដូចជា បន្ទប់ស្នាក់នៅ អាហារដ្ឋាន និងឃ្លាំងសម្ភារៈ។ ក្នុងនោះ ក្រុមការងារបានរកឃើញឧបករណ៍បច្ចេកទេសទាញសេវាទូរស័ព្ទ (POWER BEAM) ដែលត្រូវបានដកហូតប្រគល់ជូននិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) ព្រមទាំងបានរកឃើញតុល្បែងចំនួន ៣ និងម៉ាស៊ីនបាញ់ត្រីចំនួន ២គ្រឿង។ ក្រុមការងារបានកាត់ផ្តាច់ប្រព័ន្ធអ៊ីនធើណេតដែលនៅសេសសល់ ២ខ្សែទាំងស្រុង និងបានប្រើប្រាស់ក្រដាស់ប្លុំបេ (SEALED) ថ្មីចំនួន ៧២សន្លឹក ដើម្បីបិទបន្ថែមជំនួសក្រដាសចាស់ដែលខូចខាត ហើយសោទីតាំងត្រូវបានប្រគល់ជូនស្នងការដ្ឋានខេត្តគ្រប់គ្រង។
២. ក្រុមហ៊ុន សួនឧស្សាហ៍កម្មផ្លូវ៧២ (ចុះថ្ងៃទី០៩ មិថុនា) ស្ថិតនៅភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុងស្រុកពញាក្រែក ដែលទីតាំងនេះមានអគារចំនួន ៣៣អគារ ដែលត្រូវបានកាត់ផ្តាច់ប្រព័ន្ធទឹក ភ្លើង និងអ៊ីនធើណេតរួចរាល់ ព្រមទាំងពុំមានជនបរទេសស្នាក់នៅឡើយ។ ក្រុមការងារបានធ្វើកំណត់ហេតុបិទបន្ថែមក្រដាសប្លុំបេថ្មីចំនួន ៣៨សន្លឹក ដើម្បីបំពេញបន្ថែមលើក្រដាសចាស់ដែលខូចខាតដោយសារអាកាសធាតុ រួចប្រគល់កូនសោជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំចាត់ចែងបន្ត។
៣. ទីតាំង ហៅស៍ខុនដូរ (ចុះថ្ងៃទី០៩ មិថុនា)៖
ស្ថិតនៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង។ ជាអគារកម្ពស់ ៤ជាន់ ដែលពុំមានជនបរទេសស្នាក់នៅ។ ក្រុមការងារបានសម្រេចកាត់ផ្តាច់ប្រព័ន្ធទឹកទាំងស្រុង (ខណៈប្រព័ន្ធភ្លើង និងអ៊ីនធើណេតត្រូវបានផ្តាច់រួចរាល់ពីមុន)។ ដោយសារក្រដាសប្លុំបេចាស់តាំងពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅមានសភាពល្អធម្មតា ក្រុមការងារបានសម្រេចរក្សាស្ថានភាពដើម ដោយមិនប្រើប្រាស់ក្រដាសប្លុំបេបន្ថែមឡើយ។
៤. ក្រុមហ៊ុន អ៊ែកស៍ អហ្វ ស្តេត ឯ ក ឬការដ្ឋាន២៦០ (ចុះថ្ងៃទី០៩ មិថុនា)៖
ស្ថិតនៅភូមិអំពិល ឃុំកក់។ ទីតាំងនេះរួមមានវីឡា ៣ជាន់ ចំនួន ១២០ខ្នង, អគារពាណិជ្ជកម្ម ៦ជាន់ ចំនួន ២អគារ, សណ្ឋាគារ ២កន្លែង និងការដ្ឋានកំពុងសាងសង់មួយចំនួន។ ប្រព័ន្ធទឹក ភ្លើង អ៊ីនធើណេត និងខ្សែកាបទូរគមនាគមន៍ ៣ខ្សែ ត្រូវបានកាត់ផ្តាច់ទាំងស្រុង និងពុំមានជនបរទេសស្នាក់នៅឡើយ។ ក្រុមការងារបានរៀបចំកំណត់ហេតុបិទបន្ថែមក្រដាសប្លុំបេថ្មីចំនួន ៣២សន្លឹក និងប្រគល់កូនសោជូនស្នងការដ្ឋានខេត្ត។
៥. ក្រុមហ៊ុន ឃីងរ៉ូស្ទើ អេនធើធេនមិន ឯ ក (ចុះថ្ងៃទី០៩ មិថុនា)៖
ស្ថិតនៅភូមិអំពិល ឃុំកក់។ ទីតាំងនេះមានអគារចំនួន ៣៣អគារ និងវីឡា ១៥ខ្នង។ ក្នុងការចុះត្រួតពិនិត្យនេះ កម្លាំងជំនាញបានរកឃើញមានជនបរទេសស្នាក់នៅចំនួន ៣៦នាក់ (ស្រី ៧នាក់) ដែលមិនមានឈ្មោះចុះក្នុងប្រព័ន្ធគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ (FPCS) ឡើយ។
សមត្ថកិច្ចបានសម្រេចពិន័យអន្តរកាលតាមច្បាប់ស្តីពីអន្តោប្រវេសន៍ (ល្មើសមាត្រា ១៨) លើម្ចាស់ទីតាំង និងជនបរទេសម្នាក់ៗចំនួន ៣០,០០០រៀល។ ក្នុងនោះដែរ ជនជាតិបរទេសម្នាក់ឈ្មោះ HUANG JIN ភេទប្រុស កើតថ្ងៃទី២៦.០២.២០០០ កាន់លិខិតឆ្លងដែនលេខ EJ4594934 ត្រូវបានរកឃើញថាហួសសុពលភាពទិដ្ឋាការ (Overstay) ដែលត្រូវធ្វើសំណើបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីបណ្តេញចេញ។ ជាមួយគ្នានោះ ប្រព័ន្ធទឹក ភ្លើង អ៊ីនធើណេត ត្រូវបានកាត់ផ្តាច់ទាំងស្រុង និងបានបិទបន្ថែមក្រដាស់ប្លុំបេថ្មីចំនួន ៨៧សន្លឹក។
សរុបជារួមក្នុងប្រតិបត្តិការរយៈពេល ២ថ្ងៃនេះ ក្រុមការងារចម្រុះបានប្រើប្រាស់ក្រដាសប្លុំបេថ្មីសរុបចំនួន ២២៩សន្លឹក ដើម្បីធានាសុវត្ថិភាព និងរក្សាការពារស្ថានភាពបិទបណ្តោះអាសន្នលើទីតាំងទាំងនោះ ព្រមទាំងបានចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះជនបរទេសដែលល្មើសច្បាប់ស្នាក់នៅកម្ពុជាផងដែរ៕


