ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា រំលឹក​មន្ត្រីរាជការ ធ្វើខ្លួន​ជា​តួអង្គ​ស្នូល និង​ជា​គំរូ​នៃ​ការអនុវត្ត​ច្បាប់​ចរាច​រណ៍ ដល់​ពលរដ្ឋ​

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លើក​ទី​១៧ ប្រារព្ធ​ឡើង​នៅ​បរិវេណ​ឆ្នេរ​ព្រែក​កំពង់បាយ ស្ថិត​ក្នុង​ក្រុង​កំពត ខេត្ត​កំពត នា​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២៦ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​មានប្រសាសន៍​គូសបញ្ជាក់ថា មន្ត្រីរាជការ គឺជា​តួអង្គ​ស្នូល​ដ៏​សំខាន់បំផុត​ក្នុង​ការគោរព និង​អនុវត្ត​ច្បាប់​ចរាចរណ៍ ដើម្បី​ធ្វើ​ជា​គំរូ​ដល់​ពលរដ្ឋ​អនុវត្តតាម​។

​ពី​វេទិកា​អធិបតី ដែល​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អភិបាល​រាជធានី​-​ខេត្ត សមាជិក សមាជិកា គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) តំណាង​អង្គការ​ដៃគូ វិស័យ​ឯកជន ព្រមទាំង​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ សរុប​ប្រមាណ ១,០០០​នាក់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បានបង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅតែ​បន្ត​កើតឡើង​ជា​រៀងរាល់ថ្ងៃ ដោយ​ពុំ​ទាន់​មាន​សញ្ញាណ​ថមថយ​គួរឱ្យ​កត់សម្គាល់​នោះ​ទេ​។

​ជាក់ស្តែង​ក្នុង​រយៈពេល ៥​ខែ ដើមឆ្នាំ​២០២៦ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បាន​កើនឡើង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​គូសបញ្ជាក់​ដោយ​ក្តីព្រួយបារម្ភ​ថា គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​ស្ទើរ​រាល់ថ្ងៃ​នេះ មិន​ត្រឹមតែ​បង្ក​ឱ្យ​មាន​ការបាត់បង់​ជីវិត និង​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បាន​បន្សល់ទុក​នូវ​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ​ទាំងមូល​។

​ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រមុខ​ក្រសួងមហាផ្ទៃ ក៏បាន​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​គ្រប់រូប ក្រុមហ៊ុន​ដឹកជញ្ជូន និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួម​គ្នា​អនុវត្ត​តាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធានព្រឹទ្ធសភា ដែល​បាន​អំពាវនាវ​ថា ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​បាន​ផ្តល់​អនុសាសន៍​សំខាន់ៗ​ចំនួន ១១​ចំណុច ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ដើម្បី​តម្កល់​ឆន្ទៈ​ក្នុង​ការគោរព​អនុវត្ត​ច្បាប់ ប្រកបដោយ ស្មារតី​ទទួលខុសត្រូវ​។

​អនុសាសន៍​ទាំងនោះ​រួមមាន​  ទី​១.​ត្រូវ​ចេះ​បើកបរ ឱ្យបាន​ត្រឹមត្រូវ​ជា​ដាច់ខាត ២.​មិន​ត្រូវ​បើកបរ លើស​ល្បឿន​កំណត់​ជា​ដាច់ខាត ៣.​មិន​ត្រូវ​បើកបរ ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ដាច់ខាត ៤.​មិន​ត្រូវ​បើកបរ ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​គ្រឿងញៀន​ដាច់ខាត ៥.​មិន​ត្រូវ​បើកបរ ស្ថិតក្រោម​ស្ថានភាព​ងងុយដេក​ដាច់ខាត ៦.​ត្រូវគោរព​ផ្លាកសញ្ញា ភ្លើង​សញ្ញា និង​គំនូស​សញ្ញា​ចរាចរណ៍ ៧.​ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច គ្រប់​ពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត ៨.​ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ជានិច្ច ៩.​ត្រូវ​ប្រកាន់​ស្តាំ​ជានិច្ច ១០.​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជានិច្ច និង​ទី​១១.​ត្រូវមាន​សីលធម៌​យោគយល់​អធ្យាស្រ័យ និង​ប្រុងប្រយ័ត្ន​ជានិច្ច​។

​គួររម្លឹកថា ក្នុង​រយៈពេល ៥​ខែ ដើមឆ្នាំ​២០២៦ មូលហេតុ​ចម្បង​ដែល​បណ្តាលឱ្យ​កើតមាន​គ្រោះថ្នាក់​ទូទាំងប្រទេស រួមមាន ការបើកបរ​លើស​ល្បឿន​កំណត់ ៤៦% មិន​គោរព​សិទ្ធិ​អាទិភាព ២២% មិន​ប្រកាន់​ស្តាំ ១២% វ៉ា​ជែង​មិន​ប្រុងប្រយ័ត្ន ៧% បត់​មិន​ត្រឹមត្រូវ ៥% បើកបរ​ក្នុងស្ថានភាព​ស្រវឹង ៤% ល្មើស​សញ្ញា​ចរាចរណ៍ ២% ងងុយដេក ១% និង​កត្តា​បច្ចេកទេស​យានយន្ត ១%​។

​ដោយឡែក ចំពោះ​ខេត្តកំពត ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៣១​លើក បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន ១៧​នាក់ ស្រី ៣​នាក់ របួសធ្ងន់​-​ស្រាល​ចំនួន ៥៤​នាក់ ស្រី ១៩​នាក់​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *