(ខេត្តត្បូងឃ្មុំ) ៖ រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ចំនួន ០២រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ពិធីនេះត្រូវបានប្រារព្ធឡើងនៅសាលប្រជុំ (គ) សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងគណៈប្រតិភូក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការពាក់ព័ន្ធយ៉ាងច្រើនកុះករ។
យោងតាមអនុក្រឹត្យលេខ ៤៥៨ អនក្រ.តត របស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីជាន់ខ្ពស់ចំនួន ០២រូប ត្រូវបានផ្ទេរភារកិច្ចមកជាអភិបាលរងខេត្តត្បូងឃ្មុំ រួមមាន៖
១. ឯកឧត្តម រស់ ផារិទ្ធ (ឋានន្តរស័ក្តិឧត្តមមន្ដ្រី ថ្នាក់លេខ១) ផ្ទេរភារកិច្ចពីអភិបាលរងខេត្តស្វាយរៀង។
២. ឯកឧត្តម ស្រេង សុភាព (ឋានន្តរស័ក្តិឧត្តមមន្ដ្រី ថ្នាក់លេខ១) ផ្ទេរភារកិច្ចពីអភិបាលរងខេត្តក្រចេះ ដែលការតែងតាំងនេះ គឺជំនួស ឯកឧត្តម ពាង ណារិទ្ធ និងឯកឧត្តម កេង ប៊ុនណា ដែលត្រូវបានផ្ទេរភារកិច្ចទៅជាអភិបាលរងខេត្តក្រចេះវិញ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានសម្តែងការអបអរសាទរ និងបានអានរបាយការណ៍ស្វាគមន៍ ព្រមទាំងបានគូសបញ្ជាក់ថា សមិទ្ធផលទាំងឡាយក្នុងខេត្តនាពេលកន្លងមក គឺកើតចេញពីសាមគ្គីភាព និងការខិតខំប្រឹងប្រែងរួមគ្នារវាងថ្នាក់ដឹកនាំ និងមន្ទីរជំនាញ។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា អភិបាលរងខេត្តដែលទើបតែងតាំងថ្មី នឹងបន្តខិតខំបំពេញតួនាទី ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងឯកភាពផ្ទៃក្នុង ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។
ជាការឆ្លើយតប ឯកឧត្តម រស់ ផារិទ្ធ និង ឯកឧត្តម ស្រេង សុភាព ជាអភិបាលរងខេត្តត្បូងឃ្មុំថ្មី បានឡើងថ្លែងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដោយសន្យាថានឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការផ្ទៃក្នុង ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កសាងសេវាសង្គម និងរួមចំណែកធ្វើឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍ណែនាំឱ្យឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្ត ដែលទើបនិងទទួលការតែងតាំងថ្មី ត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ការងាររបស់ខ្លួន ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍មូលដ្ឋានខេត្តត្បូងឃ្មុំ ឱ្យកាន់តែមានភាពរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។
មុននឹងបញ្ចប់ ឯកឧត្តម អ៊ុំ ម៉ារ៉ា ក៏បានណែនាំផងដែរ ដល់រដ្ឋបាលខេត្ត សូមបន្តបង្ការបង្ក្រាបក្មេងទំនើង និងស្រាវជ្រាវតាមជំនាញបង្ក្រាបមុខសញ្ញាដែលកំពុងគេចខ្លួន និងមុខសញ្ញាក្រុមក្មេងទំនើង និងបន្តចុះល្បាតត្រួតពិនិត្យដើម្បីបង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេស ស្រាវជ្រាវតាមដាន ក្នុងមូលដ្ឋាន គ្រប់គ្រងជនបរទេស និង បោសសម្អាត Online Scams ដែលលួចលាក់នៅតាមមូលដ្ឋានដោយភាពទទួលខុសត្រូវខ្ពស់បំផុត៕

