អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​រៀបចំ​របាយការណ៍ ស្តីពី​លទ្ធផល​ការងារ​ឆមាស​ទី​១ និង​ទិសដៅ​បន្ត របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម

(​កំពង់ចាម​) ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២៦ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា និង​ឆ្លង​សេចក្តីព្រាង​របាយការណ៍ ស្តីពី​លទ្ធផល​ការងារ​សម្រេច​បាន​ក្នុង​ឆមាស​ទី​១ និង​លើក​ទិសដៅ​បន្ត របស់​រដ្ឋបាល​ខេត្ត ស្ថិត​នៅ​សាលប្រជុំ​សាលាខេត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​-​លោកស្រី អភិបាលរង​ខេត្ត នាយក​-​នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យ ពិភាក្សា និង​កែសម្រួល​លើ​ការរៀបចំ​របាយការណ៍ ក៏ដូចជា​ស្លាយ​(Slides) បទ​បង្ហាញ​ឱ្យមាន​ភាព​គ្រប់​ជ្រុងជ្រោយ ច្បាស់លាស់ និង​មាន​សោភ័ណភាព ដើម្បី​ត្រៀម​យក​ទៅ​ធ្វើ​បទ​បង្ហាញ​ជូន​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ លើ​ចំណុច​សំខាន់ៗ​រួមមាន ៖ បង្ហាញ​ពី​សមិទ្ធផល បទពិសោធន៍​ល្អៗ កិច្ចអភិវឌ្ឍន៍​មូលដ្ឋាន និង​បញ្ហា​ប្រឈម​នានា​ដែល​ខេត្ត​បាន​ជួបប្រទះ និង​ដោះស្រាយ​កន្លងមក​។ កំណត់​ផែនការ​សកម្មភាព និង​យុទ្ធសាស្ត្រ​គន្លឹះៗ ដើម្បី​ជម្រុញ​ការងាររដ្ឋបាល ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម និង​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់​ថា រាល់​ទិន្នន័យ និង​ខ្លឹមសារ​នៅក្នុង​បទ​បង្ហាញ ត្រូវតែ​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ជាក់ស្តែង​នៃ​សន្ទុះ​អភិវឌ្ឍន៍​របស់​ខេត្ត​កំពង់ចាម ទាំង​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ យុត្តិធម៌​សង្គម និង​ការអភិវឌ្ឍន៍​មូលដ្ឋាន​។ បន្ថែម​ពី​នេះ ត្រូវ​រៀបចំ​ទម្រង់​បទ​បង្ហាញ​ឱ្យ​មាន​ភាព​ទាក់ទាញ ងាយ​យល់ និង​ខ្លី​ខ្លឹម ដើម្បី​ធានាបាន​នូវ​ភាពជោគជ័យ និង​ទទួលបាន​ការវាយតម្លៃ​ខ្ពស់​ពី​ក្រសួងមហាផ្ទៃ​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *