យុទ្ធ​ដំណើរ​ថ្មើរជើង​១០​គីឡូ​មែត្រ ទៅ​កាន់​តំបន់​យោធា​ប្រវត្តិសាស្ត្រ​តេ​ជោកោះ​ថ្ម X16 ដាស់​ស្មារតី​ជាតិ​ដល់​យុវជន​កម្ពុជា ឱ្យ​ចង​ចាំ​ពី​ប្រវត្តិ​នៃ​ការតស៊ូ​ស្វែងរក​សន្តិភាព របស់​សម្តេច តេ​ជោ ហ៊ុន សែន និង​យុទ្ធ​មិត្ត ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​

​ត្បូងឃ្មុំ​៖ រសៀល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៦ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​សមាជិក សមាជិការ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​តាម​បណ្តា​រាជធានី​ខេត្ត​ទាំង​២៥ ធ្វើ​យុទ្ធ​ដំណើរ​ថ្មើរជើង​១០​គីឡូ​មែត្រ ទៅ​កាន់​តំបន់​យោធា​ប្រវត្តិសាស្ត្រ​តេ​ជោកោះ​ថ្ម X16 ដែល​ស្ថិតនៅក្នុង​ភូមិ​ក្តុល ឃុំ​ទន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

​យុទ្ធ​ដំណើរ​ដោយ​ថ្មើរជើង​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដឹកនាំ​យុវជន​ឱ្យ​ស្វែងយល់​ពី​រឿងរ៉ាវ​និង​ប្រ​វត្តនៃ​ការតស៊ូ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​អតីត​យុទ្ធ​មិត្ត​ដែល​បាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ ក្នុង​បុព្វហេតុ​ស្វែងរក​សន្តិភាព និង​ដំណើរ​ឈាន​ឆ្ពោះ​ទៅ​ការផ្តួលរំលំ​បាន​នៅ​របប​កាប់សម្លាប់​ប្រជាជន​ខ្មែរ​រាប់​លាន​អ្នក របស់​ពួក ប៉ុល ពត​។​

​ក្នុង​យុទ្ធ​ដំណើរ​នេះ​មាន​រយៈពេល​២​ថ្ងៃ​គឺ​គិត​ចាប់ពី​ថ្ងៃ​ទី​២០-២១ ខែមិថុនា ឆ្នាំ​២០២៦ ដោយ​នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៦ មានការ​ដើរ​ដោយ​ថ្មើរជើង​ចំងាយ​១០​គីឡូម៉ែត្រ ពី​សាលា​បឋមសិក្សា ប៊ុនរ៉ានី​ហ៊ុនសែន កោះ​ថ្ម ឆ្ពោះទៅ​កាន់​តំបន់​យោធា​ប្រវត្តិសាស្ត្រ តេ​ជោកោះ​ថ្ម X16 ដែល​ជា​ទីកន្លែង​ដែល​សម្តេច​តេជោ ហ៊ុន សែន និង​យុទ្ធ​មិត្ត ធ្លាប់​តស៊ូ​ធ្វើដំណើរ​ឆ្លងកាត់​ក្នុង​តំបន់​នេះ ហើយ​ទី​នេះ​កាលពី​៤៩​ឆ្នាំ​មុន​ជា​ទីតាំង​ដែល​ជា​ដើម​កំណើត​នៃ​ការ​សន្តិភាព​ដែល​បានមក​ពី​ការតស៊ូ​យ៉ាង​ស្វិតស្វាញ​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ផងដែរ​។​

​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ដឹកនាំ​សមាជិក សមាជិការ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​តាម​បណ្តា​រាជធានី​ខេត្ត​ទាំងអស់ ធ្វើដំណើរ​ដោយ​ថ្មើរជើង ទៅ​តំបន់ X16​ហើយ​បាន​ធ្វើ​ការដុត​ធូប​បួងសួង​នៅ​ទីតាំង​ព្រះអង្គ​គោកធ្លក បន្ទាប់​មក​បន្តដំណើរ​ទៅ​បោះជុំរំ​សម្រាក​នៅ​ទីតាំង​នោះ​១​យប់​ផងដែរ ដោយ​ក្នុង​ពេល​យប់​មានការ​ទស្សនា​វីដេអូ​រឿង​«​កូនប្រុស​ក្រោម​ពន្លឺ​ព្រះ​ចន្ទ​» ដែល​រឿង​នេះ​គឺជា​តឹក​តាំង​ប្រវត្តិសាស្ត្រ​នៃ​ការតស៊ូ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​យុទ្ធ​មិត្ត កាលពី​៤៩​ឆ្នាំមុន​ផងដែរ បន្ទាប់​ពី​ទស្សនា​រួច​ក៏​មាន​ការរៀបចំ​ដុត​នៅ​ភ្លើង​ព្រះ​អគ្គី​បំភ្លឺ ដើម្បី​បង្ហាញ​ថា​ពន្លឺ​នៃ​សន្តិភាព​គឺ​កើត​ចេញពី​ការតស៊ូ ហើយ​ពន្លឺ​នេះ​គឺ​ប្រៀប​ដូច​ជា​អនាគត​ភ្លឺស្វាង​របស់​យុវជន​ជំនាន់​ក្រោយ​ផង​ដែរ​។​

​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៦ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក៏​បាន​ធ្វើ​ការរៀប ចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​និង​ឥស្សរជន អ្នក ស្នេហា​ជាតិ ដែល​បាន​ពលី ជីវិត​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ នៅ មហា​ចេតិយ ស្ថិតក្នុង​តំបន់​ប្រវត្តិសាស្ត្រ​កោះ​ថ្ម​X16 ក្នុង​ខេត្ត​ត្បូងឃ្មុំ​ផងដែរ​៕
​អត្ថបទ​ដោយ​៖ ជឿន សុធន​

 

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *