ឯកឧត្តម ផា​រ៉ា មង្គល ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​ក្រូចឆ្មារ អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​អបអរសាទរ​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​ឆ្នាំ​២០២៥ និង​ទិវា​គ្រូបង្រៀន ៥ តុលា ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ «​គ្រូបង្រៀន​ជា​តួអង្គ​សំខាន់​នៃ​បរិវត្ត​កម្ម​បញ្ញា​សិប្បនិម្មិត​» នៅ​ស្រុក​ក្រូចឆ្មារ​

(​ខេត្ត​ត្បូងឃ្មុំ​) ៖ ឯកឧត្តម ផា​រ៉ា មង្គល សមាជិក​គណៈកម្មាធិកា​គណបក្ស​ថ្នាក់កណ្តាល ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​ក្រូចឆ្មារ អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​អបអរសាទរ​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​ឆ្នាំ​២០២៥ និង​ទិវា​គ្រូបង្រៀន ៥ តុលា ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ «​គ្រូបង្រៀន​ជា​តួអង្គ​សំខាន់​នៃ​បរិវត្ត​កម្ម​បញ្ញា​សិប្បនិម្មិត​» នៅ​ស្រុក​ក្រូចឆ្មារ ដោយ​បាន​ជំរុញ​ដល់​យុវជន​ឱ្យ​បន្ត​ការសិក្សាអប់រំ និង​ប្រែក្លាយ​ជា​កម្លាំង​ស្នូល​ក្នុង​ការកសាង​ជាតិ​។

​ពិធី​នេះ​ធ្វើឡើង​នៅ​ស្នាក់​គណបក្ស​ស្រុក​ក្រូចឆ្មារ ដោយ​មាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម ស៊ា​ក ឡេង សមាជិក​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម លាង មុនី​រិទ្ធ​, ឯកឧត្តម ឡោ ដាវុ​ធ​, ឯកឧត្តម លី រស្មី ឯកឧត្តម សួន សុ​ផា រដ្ឋលេខាធិការ និង​លោក សយ ទូច អភិបាលស្រុក ជា​ប្រធាន​គណៈកម្មាធិកា​គណបក្ស​ស្រុក ព្រមទាំង​លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ផា​រ៉ា មង្គល បាន​មានប្រសាសន៍​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ពរ​សព្វ​សារធុ​ការពី​សំណាក់ សម្ដេច​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រមទាំង សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ជូន​ដល់​អង្គពិធី​ទាំងមូល​។ ទន្ទឹមនឹងនោះ ឯកឧត្តម​ប្រធាន ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​សេចក្តី​នឹករឭក​ពី​សំណាក់ ឯកឧត្តម ជា សុផារ៉ា ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ ដែល​តែងតែ​រួមសុខទុក្ខ​ជាមួយ អ៊ុំ ពូ មីង និង​បងប្អូន​ប្រជាពលរដ្ឋ អស់​រយៈពេល ២​ទសវត្ស នៅក្នុង​ស្រុក​ក្រូចឆ្មារ​យើង​នេះ​។

​ឯកឧត្តម​ប្រធាន​ក្រុមការងារ​គណបក្ស​ស្រុក បាន​សម្តែង​នូវ​ការ​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​លទ្ធផល​របស់​សិស្សានុសិស្ស ដែល​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​២០២៥ នា​សម័យ​ប្រឡង ២៨ សីហា ២០២៥ កន្លងទៅនេះ ដោយ​ទទួលបាន​លទ្ធផល​ល្អ​ឆ្នើម​ជាង​ឆ្នាំ​មុនៗ ។ ជោគជ័យ​នេះ មិនមែន​ជា​ចំណុច​បញ្ចប់​នោះទេ ប៉ុន្តែ​ជា​ចំណុច​ចាប់ផ្ដើម​ថ្មី សម្រាប់​ក្មួយៗ ត្រូវ​បន្ត​ការអប់រំ ការអភិវឌ្ឍ​ខ្លួន និង​ការចូលរួម​ក្នុង​កិច្ចការ​សង្គម ដើម្បី​ក្លាយជា​មនុស្ស​ដែល​មាន​តម្លៃ​សម្រាប់​ប្រទេសជាតិ ព្រោះ​យុវជន​ជា​កម្លាំង​ដ៏​សំខាន់ ក្នុង​ការកសាង​សេដ្ឋកិច្ច និង​អនាគត​ប្រទេសជាតិ​។ ជាមួយគ្នានេះ ចំពោះ​ប្អូនៗ​ក្មួយៗ ដែល​ប្រឡង​ធ្លាក់ សូម​កុំ​បាក់​ទឹកចិត្ត​! នេះ​គ្រាន់តែ​ជារ​បត់​ជីវិត​មួយ​ប៉ុណ្ណោះ មិនមែន​ជា​ការសម្រេច​ជោគវាសនា មុខរបរ ឬ​អាជីព​នាពេល​អនាគត​ឡើយ ឯកឧត្តម​ប្រធាន​ក្រុមការងារ ក៏​បាន​ជំរុញ​ឱ្យ​ក្មួយៗ បើក​ចិត្ត​ឱ្យ​ទូលាយ ទទួលយក​បទពិសោធ​ន៍​ថ្មីៗ ហើយ​ងាក​មក​ចាប់យក ឱកាស​រៀន​ជំនាញ​វិជ្ជាជីវៈ​បច្ចេកទេស (TVET) ដែល​ជា​កម្មវិធីសិក្សា​ឥតគិតថ្លៃ និង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ផងដែរ​។​

​ឯកឧត្តម ផា​រ៉ា មង្គល បាន​មានប្រសាសន៍​រំ​លេច ដល់​ក្មួយៗ និង​អង្គពិធី​ទាំងមូល សូម​បន្ត​អត់ធ្មត់ និង​ជឿជាក់​លើ​រាជរដ្ឋាភិបាល ដែល​កំពុង​ខិតខំ​ប្រឹងប្រែង ដើម្បី​បុព្វហេតុ​សុខសន្តិភាព និង​បូរណភាព​ទឹកដី​។ បន្ថែម​លើ​នេះ ឯកឧត្តម​ប្រធាន​ក្រុមការងារ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ទាំងអស់ សូម​ចូលរួម​ជំរុញ គាំទ្រ នឹក​ប្រើប្រាស់​ផលិតផល​ខ្មែរ ដើម្បី​ជា​ការលើកទឹកចិត្ត​ដល់​ស្នាដៃ​កូន​ខ្មែរ​ផង និង​ជួយ​បង្កើន​សេដ្ឋកិច្ច​ជាតិ​។​ជា​ពិសេស​លុប​បំបាត់ នៅ​ការ​មាក់ងាយ​របស់​បរ​ទេស​មួយចំនួន ដែល​លើកឡើង​ថា បើ​គ្មាន​ទំនិញ​ពី​ស្រុក​គេ ខ្មែរ​នៅ​ក្បាច់​ពោះ​ស្លាប់​។​

​ដើម្បី​ជា​ការគាំទ្រ និង​លើកទឹកចិត្ត ឯកឧត្តម ផា​រ៉ា មង្គល រួម​នឹង​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​ក្រូចឆ្មារ បានប្រគល់​រង្វាន់ និង​ថវិកា​លើកទឹកចិត្ត ដល់​សិស្សានុសិស្ស ប្រឡង​ជាប់ ៖ និទ្ទេស A ទទួលបាន​ថវិកា ២,០០០,០០០ រៀល​/​ម្នាក់​, និទ្ទេស B ដល់ E ទទួលបាន​ថវិកា ១០០,០០០ រៀល​/​ម្នាក់ ។ ជាមួយគ្នា​នោះ ដើម្បី​ជា​ការអបអរសាទរ ទិវា​គ្រូបង្រៀន ៥ តុលា ឆ្នាំ​២០២៥ ឯកឧត្តម​ប្រធាន រួម​នឹង​ថ្នាក់ដឹកនាំ និង​ក្រុមការងារ ក៏​បាន​ឧបត្ថម្ភ​ថវិកា ដល់​នាយក​វិទ្យាល័យ (៦ នាក់​) ៤០០,០០០ រៀល​/​ម្នាក់​, លោក​ប្រធានការិយាល័យ​អប់រំ ៤០០,០០០ រៀល និង​លោកគ្រូ​-​អ្នកគ្រូ (៦២ នាក់​) ៥០,០០០ រៀល​/​ម្នាក់​ផង​ដែរ​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *