លោក​ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម និង​សហការី ចុះ​ត្រួតពិនិត្យ និង​សំណេះសំណាល​ជាមួយ​កងកម្លាំង តាម​បណ្ដា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះសូទិន និង​ស្រុក​ស្រី​សន្ធរ​

ខេត្ត​កំពង់ចាម ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែកក្កដា ឆ្នាំ​២០២៦ ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម លោក​ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម និង​សហការី បាន​អញ្ជើញ​បន្ដ​ចុះ​ត្រួតពិនិត្យ និង​សំណេះសំណាល​ជាមួយ​កងកម្លាំង តាម​បណ្ដា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះសូទិន និង​ស្រុក​ស្រី​សន្ធរ​។​

​ក្នុងឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ ហេង វុទ្ធី បាន​នាំយក​ប្រសាសន៍​របស់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ដល់​គ្រប់​កងកម្លាំង​ទាំងអស់ ។​

​ជាមួយគ្នា ក៏​បាន​ពិនិត្យ​លើ​ការ​ស្នាក់នៅ និង​ការហូបចុក​របស់​កង​កម្លាំង ព្រមទាំង​ត្រួតពិនិត្យ​លើ​ឧបករណ៍​សម្ភារៈ​មួយចំនួន ដែល​ត្រូវ​បំពេញបន្ថែម ពិសេស​អាគារ​ធ្វើការ​មួយចំនួន ដែល​បាន​នឹង​កំពុង​ជួសជុល​កែលម្អ ឱ្យបាន​សមរម្យ ស្រប​តាម​លក្ខណៈ​ទម្រង់​អាគារ​រដ្ឋបាល ។​

​ជាមួយគ្នានេះដែរ លោក​ឧត្តមសេនីយ៍​ស្នងការ ក៏​បាន​ណែនាំ​ឱ្យ​គ្រប់​កងកម្លាំង​ទាំងអស់ ខិតខំ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ការចុះ​អន្តរាគមន៍​ជួយសង្គ្រោះ រាល់​គ្រោះមហន្តរាយ នានា ដែល​កើតមានឡើង​ក្នុង​មូលដ្ឋាន ឱ្យបាន​ទាន់​ពេលវេលា ។

​បន្ថែម​ពី​នេះ ត្រូវ​រៀបចំ​ទុកដាក់​ឯកសារ​ឱ្យបាន​ត្រឹមត្រូវ និង​របៀបរបប នៃ​ការដឹកនាំ​អនុវត្ត​កិច្ច​ការងារ​ប្រចាំថ្ងៃ ក្នុង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល ប្រកបដោយ​ប្រសិទ្ធភាព ៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *