ខេត្ត​កំពង់ចាម ត្រៀម​លក្ខណៈ​សម្រាប់​ពិធី​សម្ពោធ​កំណាត់​ផ្លូវជាតិ​លេខ​៧ ជាមួយ​ការចូលរួម​ពី​មហាជន​រហូតដល់ ៧៧៧៧​នាក់​

(​កំពង់ចាម​) រដ្ឋបាល​ខេត្ត​កំពង់ចាម និង​ក្រសួង​សាធារណការ ក្រោម​ការដឹកនាំ​ផ្ទាល់​ពី​សំណាក់ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ឯកឧត្តម លឹម សុ​ី​ដេនី​ន រដ្ឋលេខាធិការ និង​ដឹកជញ្ជូន កំពុង​ញាប់ដៃ​ញាប់ជើង​រៀបចំ​តុបតែង​លម្អ និង​រៀបចំ​ទីតាំង​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ត្រៀម​លក្ខណៈ​ទទួល​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ កំណាត់​ផ្លូវជាតិ​លេខ​៧ ដែល​ជា​សមិទ្ធផល​ថ្មីស្រឡាង​មួយ​បម្រើ​ដល់​ផលប្រយោជន៍​សាធារណៈ​។​

​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ នឹង​ត្រូវ​ប្រារព្ធ​ឡើង​ចំ​ថ្ងៃ​ដែល​មាន​លេខ​នាំ​សំណាង និង​ជា​និមិត្តរូប​ដ៏​អស្ចារ្យ គឺ​ផ្លូវ​ជាតិ​លេខ​៧ សម្ពោធ​នៅ​ថ្ងៃទី​០៧ ខែ​៧ មាន​ការចូលរួម​ពី​មហាជន​រហូតដល់ ៧៧៧៧​នាក់​។​

​នា​ព្រឹក​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០២៦ អភិបាលខេត្ត​កំពង់ចាម និង​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួង​សាធារណការ ព្រមទាំង ក្រុម​ងារ និង​អាជ្ញាធរ​មូលដ្ឋាន បាន​រៀបចំ​តុបតែង​លម្អ​នៅតាម​បណ្តោយ​ដងផ្លូវ​ជាតិ​លេខ​៧ មាន​ការចង​បដា​ពាក្យស្លោក ទង់ជាតិ និង​ទង់​ជម្រុះ​ពណ៌ ដើម្បី​ញ៉ាំង​បរិយាកាស​ឱ្យ​កាន់តែ​មាន​ភាព​អធិកអធម​។ ណែនាំ​ឲ្យ​រៀបចំ​ផ្លូវវាង​បណ្តោះអាសន្ន​សម្រាប់​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ ដើម្បី​ចៀសវាង​ការកកស្ទះ​នៅ​ទីតាំង​ប្រារព្ធ​ពិធី នៅ​ភូមិ​ព្រៃ​ខ្ជាយ ឃុំ​សំរោង ស្រុក​ព្រៃឈរ​។​

​គួរបញ្ជាក់​ថា កំណាត់​ផ្លូវជាតិ​លេខ​៧ នេះ គឺជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ក្នុងការ​ត​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម ការធ្វើដំណើរ និង​ការដឹកជញ្ជូន​កសិផល​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ចាម ក៏ដូចជា​ការតភ្ជាប់​ទៅកាន់​បណ្តា​ខេត្ត​នានា​ផង​ដែរ​។ អាជ្ញាធរខេត្ត​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អបអរសាទរ​សមិទ្ធផល​ថ្មី​នេះ និង​ធ្វើ​ដំណើរ​ដោយ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *