ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងតំណាងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំវគ្គបណ្តុះបណ្តាលតាមបណ្តាក្រុង ស្រុក សម្រាប់អាជីវករ សមាជិកភូមិមួយផលិតផលមួយ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងរៀបចំផ្គូរផ្គងរវាងអ្នកលក់និងអ្នកទិញ នៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ។
ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្តបានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងដើម្បីជួយដល់ប្រជាពលរដ្ឋបង្កើនការផលិត ការប្រើប្រាស់ផលិតផលក្នុងស្រុក និងដើម្បីអនុវត្តតាមអនុសាសន៍របស់រាជរដ្ឋាភិបាលណែនាំពីប្រមុខរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សហគ្រាសធុនតូចមធ្យម ជាពិសេសអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជំរុញចលនាភូមិមួយផលិតផលមួយ ដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយសហការជាមួយដៃគូពាក់ព័ន្ធមួយចំនួន ដូចជាមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) សហគ្រិនខ្មែរ(KE) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលរិទ្ធិពល និងរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងអាជីវកម្មសម្រាប់សហគ្រាសក្រៅប្រព័ន្ធ និងវេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញ ផងដែរ ដើម្បីធ្វើយ៉ាងណាជំរុញឱ្យ ប្រជាពលរដ្ឋ អាជីវករ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចទទួលបានអត្ថប្រយោជន៍ពីវេទិកានេះ។
ជាមួយគ្នានេះដែរ លោក ឈុំ សុខគា ប្រធាននាយកដ្ឋានទីផ្សារ និងស្តង់ដារនៃគណៈកម្មាធិការជាតិជំរុញភូមិមួយ ផលិតផលមួយ បានលើកឡើងថា វគ្គបណ្តុះបណ្តាល និងកម្មវិធីផ្គូរផ្គងអាជីវកម្មនេះ នឹងផ្តោតសំខាន់លើចំណុចគន្លឹះចំនួន៣រួមមាន៖
ការអភិវឌ្ឍជំនាញឌីជីថល៖ ការពង្រឹងសមត្ថភាពលើការគ្រប់គ្រងអាជីវកម្ម ការប្រើប្រាស់បច្ចេកវិទ្យា និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) ដើម្បីដើរឱ្យទាន់ការវិវត្តនៃទីផ្សារសម័យថ្មី ។
ការតភ្ជាប់បណ្តាញទីផ្សារ៖ បង្កើតវេទិកាជួបជុំផ្ទាល់រវាងអ្នកផលិត និងអ្នកទិញខ្នាតធំ ដូចជាផ្សារទំនើប និងក្រុមហ៊ុនចែកចាយ ដើម្បីពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញក្នុងស្រុក។
ការទទួលបានការគាំពារ៖ ការណែនាំ និងការលើកទឹកចិត្តឱ្យចុះឈ្មោះក្នុងប្រព័ន្ធដោយស្ម័គ្រចិត្ត ដើម្បីទទួលបានការគាំពារផ្នែកសន្តិសុខសង្គម ព្រមទាំងឱកាសទទួលបានប្រភពទុនហិរញ្ញវត្ថុផ្លូវការ ។
លោកប្រធាននាយកដ្ឋានបានបន្តថា កម្មវិធីនេះគឺជាឱកាសដ៏សំខាន់សម្រាប់បងប្អូនអាជីវករខ្នាតមីក្រូ បុគ្គលស្វ័យនិយោជន៍ និងអ្នកលក់ដូរតាមកញ្ច្រែង កន្ត្រក កង់បី ម៉ូតូឌុប ឬហាងកាត់សក់ ក្នុងការលើកកម្ពស់កម្រិតជីវភាព និងពង្រីកមុខរបររបស់ខ្លួនថែមទៀតផង៕
អត្ថបទដោយ៖ ជឿន សុធន

