(ខេត្តត្បូងឃ្មុំ) ៖ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលនីតិវិធីពី លោក កែវ ភក្តី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការចុះរឹតបន្តឹងច្បាប់ និងត្រួតពិនិត្យទីតាំងបន្ទប់ជួលមួយកន្លែង ដែលសង្ស័យមានការប្រព្រឹត្តបទល្មើស Online Scams ស្ថិតនៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការសហការរវាង កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ (ប្រចាំការខេត្តត្បូងឃ្មុំ), កម្លាំងកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។
ជាលទ្ធផល នៅក្នុងទីតាំងអគារស្នាក់នៅបន្ទប់ជួល ១ខ្នង ដែលមាន ១៣បន្ទប់នោះ សមត្ថកិច្ចបានរកឃើញ ជនជាតិបរទេសស្នាក់នៅសរុបចំនួន ២១នាក់ (ក្នុងនោះមានស្ត្រី ០៨នាក់) រួមទាំងដកហូតសម្ភារៈពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្ន ជនបរទេសទាំង ២១នាក់ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីធ្វើការសាកសួរ។
ចំពោះទិសដៅបន្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បាននិងកំពុងបន្តយុទ្ធនាការដុតដៃដុតជើង ចុះស្រាវជ្រាវ ត្រួតពិនិត្យ និងស្វែងរកទីតាំងសង្ស័យផ្សេងៗទៀត ដែលមានការលួចលាក់ប្រព្រឹត្តបទល្មើស ឬការរស់នៅប្រមូលផ្តុំខុសច្បាប់ នៅទូទាំងក្រុង-ស្រុកទាំង ០៧ ក្នុងភូមិសាស្ត្រខេត្ត។
ទន្ទឹមនឹងនេះ អាជ្ញាធរក៏កំពុងបន្តជំរុញការផ្សព្វផ្សាយ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ អនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕

