អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ដោះស្រាយ​ករណី​ដីធ្លី និង​ការ​អាស្រ័យ​ផល ចំនួន ៥​ករណី ក្នុង​ស្រុក​ស្រី​សន្ធរ​

(​កំពង់ចាម​) ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​ពិនិត្យ ពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ​លើ​ករណី​ដីធ្លី និង​ការ​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​ចំនួន ៥​ករណី ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ស្រី​សន្ធរ​។​

​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តិ​ទៅ​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៦ នៅ​សាលា​ខេត្តកំពង់ចាម ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ អភិបាលស្រុក អាជ្ញាធរ​ឃុំ និង​មន្ត្រី​ពាក់ព័ន្ធ​។​

​របៀបវារៈ​សំខាន់ៗ​ទាំង ៥​ករណី ដែល​ត្រូវបាន​លើកយក​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​នោះ រួមមាន​៖

​ករណី​ទី​១៖ ការ​អាស្រ័យ​ផល ដាំ​ដំណាំ និង​សាងសង់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​លើ​ដី​ចំណី​ទន្លេ ព្រែក និង​អរ ស្ថិតនៅក្នុង​ឃុំ​ព្រែក​ដំបូក ឃុំ​ស្វាយ​ខ្សាច់​ភ្នំ និង​ឃុំ​ឫស្សីស្រុក​។

​ករណី​ទី​២៖ ការពិនិត្យ​ដី​អាស្រ័យ​ផល​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ជុំវិញ​ទួល​ទាំង​៣ រួមមាន​៖ ទួល​រត់​លាវ ទួល​ចេតិយ៍ និង​ទួល​ច្រនៀង ស្ថិតនៅក្នុង​ឃុំ​បឹង​វែង និង​ឃុំ​បារាយណ៍​។

​ករណី​ទី​៣៖ ករណី​ដី​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​ដែល​កាន់កាប់ និង​អាស្រ័យ​ផល​នៅ​ជុំវិញ​បឹង​រាម ស្ថិតនៅក្នុង​ឃុំ​ប្រាំ​យ៉ាម ឃុំ​ផ្ទះ​កណ្តាល និង​ឃុំ​បារាយណ៍​។

​ករណី​ទី​៤៖ ករណី​ដី​អាស្រ័យ​ផល​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​បឹង​រាម ដែល​បាន​ចុះបញ្ជី​កម្មសិទ្ធិ​ជា​ដី​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។

​ករណី​ទី​៥៖ ករណី​បងប្អូន​ប្រជាពលរដ្ឋ​កាន់កាប់ និង​អាស្រ័យ​ផល​ដី​នៅក្នុង​តំបន់​ទំនប់​បាយ​ដេ ស្ថិតនៅក្នុង​ភូមិកំ​ធ្លាក់ ឃុំ​បារាយណ៍​។​

​ឯកឧត្តម អ៊ុន ចាន់​ដា បាន​ជំរុញ និង​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​មន្ទីរជំនាញ​ពាក់ព័ន្ធ ត្រូវ​ចុះ​ពិនិត្យ សិក្សា​ស្រាវជ្រាវ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​ដីធ្លី​ទាំងនោះ​ឲ្យបាន​ច្បាស់លាស់ ម៉ត់ចត់ និង​តម្លាភាព ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប ស្រប​តាម​នីតិវិធី​ច្បាប់ បង្ការ​ផលប៉ះពាល់ និង​ធានាបាន​នូវ​ផលប្រយោជន៍​ស្រប​ច្បាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូចជា​ការថែរក្សា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ផងដែរ​។​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *