ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ចាត់ទុក​ប្រកាស​អន្តរក្រសួង​ស្ដីពី​ការផ្ដល់​សេវា​រដ្ឋបាលរ​បស់​ក្រុង ស្រុក ខណ្ឌ ជា​ការធានា​ប្រសិទ្ធភាព​និង​តម្លាភាព​ក្នុង​ការផ្តល់​សេវា​រដ្ឋបាល ជូន​ប្រជាពលរដ្ឋ​

ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ និង​ដាក់ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ប្រកាស​អន្តរក្រសួង​ស្តីពី​ការផ្តល់​សេវា​រដ្ឋបាល របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និង​ប្រកាស​អន្តរក្រសួង​ស្តីពី​ការបែងចែក​ចំណូល​ពី​ការផ្តល់​សេវា​រដ្ឋបាលរ​បស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ នា​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ថ្លែងថា ប្រកាស​អន្តរក្រសួង​ទាំងពីរ​នេះ ជា​លិខិត​បទដ្ឋាន​គតិយុត្ត​ដ៏​រឹងមាំ ក្នុង​ការធានា​ប្រសិទ្ធភាព និង​តម្លាភាព​នៃ​ការផ្តល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ឱ្យ​កាន់តែ​មាន​ភាពច្បាស់លាស់ មាន​គណនេយ្យភាព និង​ឆ្លើយតប​ចំ​តម្រូវការ​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​របស់ អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ព្រមទាំង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ការរៀបចំ​ប្រកាស​អន្តរ​ក្រសួង​ទាំង​ពីរ​នេះ រហូត​សម្រេច​បាន​ជោគជ័យ និង​ដាក់ឱ្យ​អនុវត្ត​ជា​ផ្លូវការ ដើម្បី​ឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ មាន​បញ្ជី​សេវា​ដែល​មាន​លក្ខណៈ​សមស្រប ក្នុង​ការផ្តល់​សេវា​រដ្ឋ​បាល​ជូន​ប្រជាពលរដ្ឋ ស្រប​តាម​ស្ថានភាព​សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​ជាក់ស្តែង​នៅក្នុង​មូលដ្ឋាន​។

​បន្ថែម​ពី​នេះ ឯកឧត្តម បាន​គូសបញ្ជាក់ថា យន្តការ​នេះ មាន​គោលបំណង​សំខាន់​ក្នុង​ការប្រមូលផ្តុំ​ការផ្តល់​សេវា​រដ្ឋបាល ឱ្យមក​ស្ថិតនៅ​កន្លែង​តែ​មួយ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ តាមរយៈ​ការកាត់បន្ថយ​ការិយាធិបតេយ្យ និង​ភាពស្មុគស្មាញ​នានា ដែល​មកដល់​បច្ចុប្បន្ន ក៏​បាន​បង្កើត​មធ្យោបាយ​ផ្ដល់​សេវា​តាម​បច្ចេកវិទ្យា​ឌីជីថល​ថែម​ទៀត​។ ឯកឧត្តម សង្កត់ធ្ងន់​ថា ការផ្តល់​សេវា​រដ្ឋបាល​តាម​ច្រក​ចេញចូល​តែមួយ គឺជា​រូប​ភាពជាក់ស្តែង​មួយ​នៃ​ការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដោយ​ផ្ដល់​សមត្ថកិច្ច​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ការ​ចេញ​លិខិតបញ្ជាក់ លិខិតអនុញ្ញាត អាជ្ញា​បណ្ណ ឬ​បណ្ណ​អនុញ្ញាត​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​។ ជាពិសេស គឺជា​ការ​បដិបត្តិ គោលការណ៍​ណែនាំ​របស់​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​។

​បើ​តាម​របាយការណ៍រ​បស់​ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ ការរៀបចំ​ប្រកាស​អន្តរ​ក្រសួង​ទាំង​ពីរ​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​សំខាន់ៗ​ចំនួន​៤ ។ ទី​១. ការកំណត់​ឱ្យបាន​ច្បាស់លាស់​នូវ​ប្រភេទ​សេវា​រដ្ឋបាល ដែល​ស្ថិតនៅក្រោម​សមត្ថកិច្ច​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដើម្បី​ផ្តល់​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ការអនុវត្ត​ការងារ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​។ ទី​២. គឺ​ការរៀបចំ​បញ្ជី​ប្រភេទ​សេវា​រដ្ឋបាល និង​កំណត់​តម្លៃ​សេវា​ទាំងអស់​ជា​តម្លៃ​អតិបរមា ដែល​ជា​មូលដ្ឋាន​សម្រាប់​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ដាក់ចេញ​នូវ​ដីកា​ស្ដីពី​ការកំណត់​តម្លៃ​សេវា​ជាក់ស្តែង​សម្រាប់​អនុវត្ត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដោយ​តម្លៃ​ជាក់លាក់​នោះ មិន​ត្រូវ​លើសពី​តម្លៃ​អតិបរមា​ដែល​បាន​កំណត់​ឡើយ​។ ទី​៣. គឺ​ដើម្បី​បែងចែក និង​គ្រប់គ្រង​ចំណូល ដែល​ទទួលបាន​ពី​ការផ្តល់​សេវា​រដ្ឋបាល​ឱ្យ​មាន​ភាពច្បាស់លាស់ ស្របតាម​ច្បាប់​ពាក់ព័ន្ធ និង​ទី​៤. គឺ​ការពង្រឹង និង​លើកកម្ពស់​ភាពជា​ម្ចាស់ ព្រមទាំង​សមត្ថភាព​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ក្នុង​ការផ្តល់​សេវា​រដ្ឋ​បាល​ជូន​ប្រជាពលរដ្ឋ ដោយ​ធានា​ឱ្យ​សេវា​ទាំងអស់​មាន​គុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​បរិ​យាប​ន្ន​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *