ក្រុមហ៊ុន Royal Vopak ស្វែងរក​ឱកាស​វិនិយោគ​លើ​ការបង្កើត​ស្ថានីយ​ស្តុក​ឧស្ម័ន​ធម្មជាតិ​រាវ (LNG Terminal) និង​ស្ថានីយ​ចម្រាញ់​ប្រេង (Refinery Terminal) នៅ​កម្ពុជា​

នា​រសៀល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Chen Yan ប្រធាន​ក្រុមហ៊ុន Royal Vopak ប្រចាំ​ប្រទេស​ចិន និង​អាស៊ី​ខាងកើត (Koninklijke Vopak N.V.) និង​សហការី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាស​នៃ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ និង​ចូលរួម​សន្និសីទ​បញ្ញា​សិប្បនិម្មិត​ពិភពលោក ឆ្នាំ​២០២៦ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ពី​ថ្ងៃ​ទី​១៥-១៧ ខែកក្កដា ឆ្នាំ​២០២៦​។​

​ក្នុងឱកាស​នៃ​កិច្ច​ជំនួប​, លោក​ប្រធាន​ក្រុមហ៊ុន​បាន​គោរព​ជម្រាប​ជូន​សម្ដេច​ធិបតី អំពី​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន ដោយ​បញ្ជាក់​ថា​ក្រុមហ៊ុន Royal Vopak (Koninklijke Vopak N.V.) មាន​ជំនាញ​ខ្ពស់​ក្នុង​ការផ្ដល់​ដំណោះស្រាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការផ្ទុក​ផលិតផល​ប្រេង​, ឧស្ម័ន​, គីមី​ឥន្ធនៈ (Petrochemical) រួម​ទាំង​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) និង​ឧស្ម័ន​ឥន្ធនៈ​រាវ (LPG) ជាដើម​។ ជាមួយគ្នានេះ​, ក្រុមហ៊ុន​ផ្ដោត​សំខាន់​លើ​វិស័យ​ស្នូល​មួយចំនួន រួមមាន​៖ ស្ថានីយ​ស្តុក​ថាមពល​ថ្មី និង​ប្រកបដោយ​ចីរភាព​, ស្ថានីយ​ស្តុក​ឧស្ម័ន​, ស្ថានីយ​ស្តុក​គីមី​ឥន្ធនៈ​សម្រាប់​បម្រើ​ដល់​វិស័យ​ឧស្សាហកម្ម​, ស្ថានីយ​ស្តុក​សារធាតុ​គីមី និង​ស្ថានីយ​ស្តុក​ប្រេង​។ លោក​ប្រធាន​ក្រុមហ៊ុន​បាន​បន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​ដៃគូ​ក្នុងប្រទេស​កម្ពុជា ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​លើ​ការបង្កើត​ស្ថានីយ​ស្តុក​ឧស្ម័ន​ធម្មជាតិ​រាវ (LNG Terminal) និង​ស្ថានីយ​ចម្រាញ់​ប្រេង (Refinery Terminal) នៅ​កម្ពុជា​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​សម្ដែង​ការស្វាគមន៍​ចំពោះ​បំណង​វិនិយោគ ក៏ដូចជា​កិច្ចសហការ​រវាង​ក្រុមហ៊ុន Royal Vopak និង​ក្រុមហ៊ុន​ដៃគូ​នៅ​កម្ពុជា​។ សម្ដេច​ធិបតី​បាន​គូសបញ្ជាក់ថា ផែនការ​ស្វែងរក​ឱកាស​វិនិយោគ​លើ​ស្ថានីយ​ស្តុក​ឧស្ម័ន​ធម្មជាតិ​រាវ និង​ស្ថានីយ​ចម្រាញ់​ប្រេង គឺ​ស្រប​ទៅនឹង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ សំដៅ​ធានា​ឱ្យបាន​នូវ​សន្តិសុខ​ថាមពល​នៅ​ប្រទេស​កម្ពុជា​នាពេល​អនាគត​។​

​ជាទី​បញ្ចប់​, សម្តេច​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បន្ត​ពង្រឹង​កិច្ច​សហការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ដៃគូ​នៅ​កម្ពុជា និង​បន្ត​ពិភាក្សា​លម្អិត​បន្ថែមទៀត​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ជំរុញ​ផែនការ​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​លេចចេញ​ជា​ផ្លែផ្កា​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *