សម្ដេច​ធិបតី​៖ អត្ថន័យ នៃ​ការអប់រំ ជា​ទ្រព្យ​ដែល​មិន​អាច​បាត់បង់​

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ សៅស៍​អ៊ីស​ថ៍​អេយ​សៀ (University of South-East Asia), ខេត្តសៀមរាប​។​

​ថ្លែង​ក្នុង​ពិធី​នោះ​, សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​សាកលវិទ្យាល័យ ដែល​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ក្នុង​ការចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​កសាង​មូលធន​មនុស្ស​។ សម្ដេច​ធិបតី​បានបញ្ជាក់​ថា អត្ថន័យ​នៃ​ការអប់រំ ជា​ទ្រព្យ​ដែល​មិន​អាច​បាត់បង់​បាន ហើយ​សមិទ្ធផល​នា​ថ្ងៃនេះ ជា​ផ្លែផ្កា​រួម​គ្នា​រវាង​និស្សិត​, អាណាព្យាបាល​, សាស្ត្រាចារ្យ និង​គណៈ​គ្រប់គ្រង​សាលា ដែល​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​នូវ​ធនធានមនុស្ស​ប្រកប​ដោយ​គុណវុឌ្ឍិ សម្រាប់​ជំរុញ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ ប្រកបដោយ​ចីរភាព ក៏​ដូចជា​បង្កើន​សមត្ថ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ក្នុង​បរិបទ​សាកលភាវូបនីយកម្ម និង បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI)​។​

​រាជរដ្ឋាភិបាល​តែងតែ​ចាត់ទុក «​មនុស្ស​» ជា​ធនធាន​ចាំបាច់​មិន​អាច​ខ្វះ​បាន សម្រាប់​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ ដោយ​បាន​ខិតខំ​កែច្នៃ​ពលរដ្ឋ​កម្ពុជា ជាពិសេស យុវជន និង កុមារ ឱ្យមាន​ចំណេះដឹង​ទូលំទូលាយ ជាមួយ​ជំនាញ​ពិតប្រាកដ​, សីលធម៌ និង វិន័យ​, ក៏ដូចជា សុខភាព​ផ្លូវកាយ និង ផ្លូវចិត្ត​រឹងមាំ សំដៅ​ឆ្លើយតប​បាន​កាន់តែ​ប្រសើរ និង ទាន់ពេល ទៅនឹង​តម្រូវការ​នៃ​ការអភិវឌ្ឍ​ជាតិ​, ទីផ្សារការងារ និង កិច្ច​ការពារ​ជាតិ​។ ក្នុងន័យនេះ​, រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា នឹង​ពន្លឿន​ការកែទម្រង់​វិស័យអ​ប់​រំ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​កម្ពុជា ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​, ភាព​ស័ក្តិ​សិទ្ធ និង សមធម៌ តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ និង កម្ម​វី​ធី​កែទម្រង់​ស៊ីជម្រៅ​តាម​គ្រប់​រូបភាព​សំដៅ​ទាញយក​ឱ្យ​អស់​នូវ​សក្តានុពល​នៃ «​ផល​លាភ​ប្រជាសាស្ត្រ​» ដែល​កម្ពុជា​កំពុងតែ​មាន ។​

រាជរដ្ឋាភិបាល បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​ការវិនិយោគ​លើ​វិស័យ​សង្គមកិច្ច ដោយ​ផ្តោត​លើ​គោលដៅ​សំខាន់​៣៖ (១) ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ​, (២) មានចំណេះដឹង និង​បំណិន​, និង​(៣)​មាន​ឱកាស​ការងារ ដើម្បី​មាន​ឯករាជ្យភាព និង​ម្ចាស់ការ​លើ​ខ្លួនឯង​។ ជាមួយគ្នានេះ​, សម្ដេច​ធិបតី​បាន​គូសបញ្ជាក់​សា​ជា​ថ្មី​ថា សម្រាប់​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​២០២៧-២០២៩, កំណើន​នៃ​ការវិភាជន៍​ថវិកា​ជាតិ​សម្រាប់​វិស័យ​អប់រំ និង​សុខាភិបាល នឹង​មាន​ការកើនឡើង ដោយ​ពុំ​មាន​ការកាត់បន្ថយ​ថវិ​កាលេី​វិស័យ​ទាំងពីរ​នេះ​ទេ ហេ​ី​យ​ថវិកា​សម្រាប់​វិស័យ​ការពារ​ជាតិ​ក៏ត្រូវ បាន​ដំឡើង​ដូច​គ្នា​ផង​ដែរ​។ បន្ថែម​ពី​នេះ​, ទោះបីជា​ស្ថិត​ក្នុង​ដំណាក់កាល​សេដ្ឋកិច្ច​កំពុង​ជួប​ការ​ប្រឈម​, រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​យ៉ាងច្រើន​ដើម្បី​ទប់ទល់​នឹង​អតិផរណា និង​ជួយ​សម្រាល​បន្ទុក​ប្រជាពលរដ្ឋ តាមរយៈ​ការកាត់បន្ថយ​ពន្ធ​លើ​ប្រេងឥន្ធនៈ និង​សម្ភារ​អគ្គិសនី និង​វិធានការ​ផ្សេងៗ​ទៀត​។

​សម្ដេច​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វិស័យ​ឯកជន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុងការ​លើកកម្ពស់​វិស័យ​អប់រំ ចាប់តាំងពី​ថ្នាក់បឋមសិក្សា រហូត​ដល់​ឧត្តមសិក្សា និង​ការបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET)​។ រាជរដ្ឋាភិបាល​នៅតែ​បន្ត​បើកចំហ និង​ស្វាគមន៍​ជានិច្ច​ចំពោះ​ការវិនិយោគ និង​ការចូលរួម​ពី​វិស័យ​ឯកជន ទាំង​ក្នុង​វិស័យ​អប់រំ និង​សុខាភិបាល ដោយ​កិច្ចសហការ​រវាង​សាលា​ឯកជន និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ នឹង​ជួយ​បង្កើត​ឱកាស​បន្ថែមទៀត​សម្រាប់​យុវជន ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ធានាបាន​នូវ​គុណភាព​អប់រំ​ជា​ចម្បង​។​

​ក្នុងឱកាស​នោះ​ដែរ​, សម្ដេច​ធិបតី​បាន​ចែករំលែក​នូវ​បទពិសោធន៍​ជីវិត និង​គុណ​តម្លៃ​សំខាន់ៗ​នៃ​ការសិក្សា និង​ការងារ ដោយ​បាន​លើកឡើង​ថា ទោះបីជា​ខ្លឹមសារ​មេរៀន​មួយ​ចំនួន​អាច​នឹង​ភ្លេច ប៉ុន្តែ​អ្វី​ដែល​ស្ថិតស្ថេរ​គឺ “​ផ្នត់គំនិត​” និង “​ឥរិយាបថ​”​។ សម្ដេច​ធិបតី​បាន​រំលេច​ថា ជោគជ័យ​ធំ កើតចេញ​ពី​ការ​ផ្គុំ​ចូលគ្នា​នៃ​ជោគជ័យ​តូចៗ (Think big, act small) ហើយ​ភាពជោគជ័យ​ទាមទារ​ពេលវេលា​យូរអង្វែង​, ភាព​អំណត់ និង​ភាព​ច្នៃប្រឌិត ឬ ភាពបត់បែន​។ សញ្ញាបត្រ​តែមួយ​មុខ​មិន​អាច​ធានា​ជោគជ័យ​បានឡើយ ប្រសិនបើ​គ្មាន​ឥរិយាបថ​ការងារ​រស់​រវើក ប្រកប​ដោយ​ភាពបត់បែន និង​ការទទួលខុសត្រូវ​ខ្ពស់ ព្រោះ​ការ​ផ្តល់​គុណ​តម្លៃ គឺ​ផ្អែក​លើ​លទ្ធផល​ការងារ​ជាក់ស្តែង​។​

​ជា​ចុងក្រោយ​, សម្ដេច​ធិបតី​បាន​ផ្ដាំផ្ញើ​ដល់​ជ័យលាភី​ទាំងអស់ ឱ្យមាន​មហិច្ឆិតា​អភិវឌ្ឍ​ខ្លួន​ក្នុងផ្លូ​វវិជ្ជមាន ប្រកប​ដោយ​ភាព​រាបសារ (be humble), និង​មាន​មោទនភាព​ចំពោះ​ខ្លួនឯង ប៉ុន្តែ​មិន​ត្រូវ​មាន​អំនួត ឬ​មើលងាយ​អ្នក​ដទៃ​ឡើយ​។ សម្ដេច​ធិបតី​បានបញ្ជាក់​ថា អ្នកចេះដឹង​ត្រូវ​មាន​ភាពរឹងមាំ តែ​មិន​រឹងរូស​, ត្រូវ​វិភាគ​បញ្ហា​ដោយ​ផ្អែក​លើ​វិទ្យាសាស្ត្រ និង​មិន​ត្រូវ​វិភាគ​តាម​បែប​ស៊ី​អារម្មណ៍​នោះទេ​។ គុណធម៌​, ឥរិយាបថ និង​ចរិយា​ធម៌ របស់​អ្នកចេះដឹង គឺជា​កត្តា​កំណត់​ពិតប្រាកដ​នៃ​ភាពជោគជ័យ​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *