ឯកឧត្តម ប៉ែន កុសល្យ ដាក់បទបញ្ជា​ម៉ឺងម៉ាត់​ចំនួន ៩ ចំណុច ដល់​កងកម្លាំង និង​មន្ត្រី​ពាក់ព័ន្ធ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​

(​ខេត្ត​ត្បូងឃ្មុំ​) ៖ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៦ នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត នៅ​សាលប្រជុំ (​ក​) សាលាខេត្ត ដោយ​មាន​ការចូលរួម​ពី​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​សាលាដំបូង មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ប្រធាន​ពន្ធ​ធនាគារ សាខាគយ និង​រដ្ឋាករ​ខេត្ត នាយក​-​នាយករង​រដ្ឋបាល នាយក​-​នាយករង​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត ប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង​-​ស្រុក ព្រមទាំង​មន្ត្រីរាជការ និង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ប៉ែន កុសល្យ បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ និង​កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​បំពេញ​ការងារ​ស្របតាម​តួនាទី ភារកិច្ច​របស់​ខ្លួន ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ធ្វើឱ្យ​រដ្ឋបាល​ខេត្ដ សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​គួរ​ជាទី​មោទនៈ ទាំង​ការអភិវឌ្ឍន៍​ខេត្ដ និង​ការធានា​ស្ថិរភាព​នយោបាយ សន្ដិសុខ​សង្គម សុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់​សាធារណៈ បាន​យ៉ាង​ល្អប្រសើរ ។​

​ទោះជា​យ៉ាងណា ដើម្បី​ពង្រឹង​សន្តិសុខ និង​ជម្រុញ​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បាន​ដាក់ចេញ​នូវ​បទបញ្ជា​ម៉ឺងម៉ាត់ និង​ទិសដៅ​ការងារ​ចំពោះ​មុខ​ចំនួន ៩ ចំណុច ដូចខាងក្រោម​៖
១. បោសសម្អាត Online Scams និង​គ្រឿងញៀន​៖ បញ្ជា​ឱ្យ​កងកម្លាំង និង​អាជ្ញាធរ​ក្រុង​-​ស្រុក ចុះ​ពិនិត្យ​ការ​ស្នាក់នៅ​របស់​ជនបរទេស​តាម​សណ្ឋាគារ និង​ផ្ទះជួល ដើម្បី​លុបបំបាត់​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ព្រមទាំង​បង្ក្រាប​គ្រឿងញៀន ក្មេង​ទំនើង និង​ទប់ស្កាត់​ការនាំ​ចូល​សាច់​បង្កក​ខូច​គុណភាព​តាម​ព្រំដែន​។​
២. ការពារ​ការប្រឡង​បាក់​ឌុប ឆ្នាំ​២០២៦៖ ត្រូវ​ធានា​សន្តិសុខ ចរាច​រណ៍ អគ្គិសនី និង​ប្រព័ន្ធ​សេវា​ទូរស័ព្ទ​នៅតាម​មណ្ឌល​ប្រឡង​។ រៀបចំ​កន្លែង​ផ្ញើ​ម៉ូតូ​ឥតគិតថ្លៃ (​ស​.​ស​.​យ​.​ក​) ត្រៀម​រថយន្ត​សង្គ្រោះបន្ទាន់ និង​ទី​វត្ត​អារាម​សម្រាប់​បេក្ខជន​ខ្វះខាត​កន្លែង​ស្នាក់នៅ​។​
៣. អន្តរាគមន៍​បន្ទាន់​បញ្ហា​ច្រាំងទន្លេ​បាក់ស្រុត​៖ បង្កើត​គណៈកម្មការ​ដឹក​នាំ​ដោយ ឯកឧត្តម ហុក ពេជ្រ​ហោះ សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ស្រុក​ជា​ប់ទ​ន្លេ (​ក្រូចឆ្មារ​, ត្បូងឃ្មុំ​, អូររាំងឪ​) ដើម្បី​វាយតម្លៃ​តំបន់​ប្រឈម និង​ត្រៀម​សម្ភារៈ​សង្គ្រោះ​ក្នុង​រដូវ​ទឹក​ឡើង​។​
៤. ពន្លឿន​ការចុះបញ្ជី​ដីធ្លី​៖ ជំរុញ​យុទ្ធនាការ​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ និង​ដី​រដ្ឋ ព្រមទាំង​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ​ឱ្យបាន​ទាន់ពេលវេលា​។​
៥. បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​៖ ត្រូវ​បង្ក្រាប​ដាច់ខាត​នូវ​បទល្មើស​ព្រៃឈើ ជលផល និង​អណ្តូងរ៉ែ​ខុសច្បាប់ នៅ​តំបន់​បឹង​ការ​ដេរ ព្រៃ​លិច​ទឹក និង​បឹង​ក្រ​ពិត​។​
៦. ជំរុញ​ការធ្វើ​អត្តសញ្ញាណ​បណ្ណ​៖ ផ្ដោត​លើ​ការធ្វើ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ពលរដ្ឋ​គ្រប់​អាយុ និង​អ្នក​ហួស​សុពលភាព ដើម្បី​ត្រៀម​សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ​។​
៧. ពង្រឹង​សេវា​ច្រកចេញចូល​តែ​មួយ​៖ លើកកម្ពស់​ប្រសិទ្ធភាព និង​តម្លាភាព​ក្នុង​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​គ្រប់​កម្រិត​។​
៨. ពង្រឹង​របៀបរបប​ការងារ​៖ កងកម្លាំង និង​មន្ទីរ​ជំនាញ​ត្រូវ​ឆ្លើយតប និង​អនុវត្ត​រាល់​បទបញ្ជា​របស់​រដ្ឋ​បាល​ខេត្ត​ឱ្យបាន​ទាន់ពេលវេលា និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​
៩. បើកទូលាយ​ការពិភាក្សា​៖ ផ្ដល់​ឱកាស​ដល់​អង្គប្រជុំ​ឡើង​មតិយោបល់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​នៅ​សេសសល់​។​

​មុន​នឹង​បញ្ចប់ ឯកឧត្តម ប៉ែន កុសល្យ បាន​សង្កត់ធ្ងន់​យ៉ាង​ម៉ឺងម៉ាត់​ថា គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​សហការ​គ្នា អនុវត្ត​បទបញ្ជា​ទាំង ៩ ចំណុច​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ដើម្បី​បម្រើ​ផលប្រយោជន៍​ដ៏​ពិតប្រាកដ​ជូន​ប្រជាពលរដ្ឋ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕
​សម្របសម្រួល​ព័ត៌មាន​ដោយ​៖ អារុណ្ណា​ទី​

 

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *