​កម្ពុជា និង FBI ប្តេជ្ញា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រ​សន្តិសុខ​

​ភ្នំពេញ​-​វិមាន​សន្តិភាព ៖ នា​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Kash Patel នាយក​ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) នៃ​សហរដ្ឋ​អាម៉េរិក ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម Kash Patel បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ​ជាមួយ FBI នា​ពេលកន្លងមក​។ ទន្ទឹមនេះ​, ឯកឧត្តម​បាន​កោតសរសើរ​កិច្ចខិតខំ​ប្រឹងប្រែង និង​ប្រតិបត្តិការ​របស់​កម្ពុជា ក្នុង​ការបង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។ ឯកឧត្តម​នាយក FBI បាន​គូសបញ្ជាក់ថា ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​មិនមែន​ជា​បញ្ហា​ដាច់​ដោយឡែក​របស់​ប្រទេស​ណាមួយ​ឡើយ ។ ក្នុងន័យនេះ​, ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា គន្លឹះ​ដ៏​សំខាន់​ក្នុង​ការដោះស្រាយ​បញ្ហា​នេះ គឺ​ការប្តេជ្ញាចិត្ត និង​កិច្ចសហប្រតិបត្តិការ​តំបន់ និង​សកលលោក ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​នេះ  ​ជំនួស​ឱ្យ​ការដាក់បន្ទុក​ឱ្យ​គ្នា​ទៅវិញទៅមក​។ បន្ថែម​លើ​នេះ​, ឯកឧត្តម​បាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​សហរដ្ឋ​អាម៉េរិក ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​គាំទ្រ និង​ធ្វើការ​ជា​ដៃគូ ជាមួយ​ស្ថាប័ន​អនុវត្ត​ច្បាប់​របស់​កម្ពុជា ព្រមទាំង​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា ទំនាក់ទំនង​សហរដ្ឋ​អាម៉េរិក​-​កម្ពុជា នឹង​បន្ត​រីកចម្រើន​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។​

​ជា​ការឆ្លើយតប​, សម្តេច​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​វិជ្ជមាន​នៃ​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក លើ​វិស័យ​ជាច្រើន រួមមាន​៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ​, ការពារជាតិ និង​សន្តិសុខ ជាដើម​។ សម្តេច​ធិបតី​បានបញ្ជាក់​ថា ប្រទេស​ទាំង​ពីរ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​ក្នុង​វិស័យ​សន្តិសុខ ព្រមទាំង​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋ​អាម៉េរិក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​, ការជួញដូរ​គ្រឿងញៀន និង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។ សម្តេច​ធិបតី​បាន​ជម្រាប​បន្ថែមថា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​ការប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​ខែ​កញ្ញា ឆ្នាំ​២០២៦ ដើម្បី​រួមចំណែក​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​តំបន់ និង​សកលលោក​នេះ​។ ជាមួយគ្នានេះ​, សម្តេច​ធិបតី​បាន​ថ្លែងអំណរគុណ​សហរដ្ឋ​អាម៉េរិក ចំពោះ​កិច្ចសហប្រតិបត្តិការ​លើ​ការផ្លាស់ប្តូរ​ព័ត៌មាន និង​ការកសាង​សមត្ថភាព ដល់​មន្ត្រី​អនុវត្ត​ច្បាប់​របស់​កម្ពុជា នា​ពេលកន្លងមក​។

​មុន​នឹង​បញ្ចប់​, សម្តេច​ធិបតី និង​ឯកឧត្តម​នាយក FBI ក៏​បាន​ផ្លាស់ប្តូរ​យោបល់​អំពី​ទិសដៅ​ការងារ​បន្ត សម្រាប់​កិច្ចសហប្រតិបត្តិកា​រ​សន្តិសុខ​រវាង​កម្ពុជា និង​សហរដ្ឋ​អាម៉េរិក សំដៅ​ប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​, ការជួញដូរ​គ្រឿងញៀន និង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយបាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការបន្ត​ផ្លាស់ប្តូរ​ព័ត៌មាន និង​កសាង​សមត្ថភាព​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *