អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ប្ដេជ្ញា​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ស្មារតី​ស្ថាបនា

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក Thomas Andrews អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ​, លោក Thomas Andrews បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល ព្រមទាំង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​ផ្តល់​កិច្ចសហប្រតិបត្តិការ យ៉ាង​បើកចំហ និង​ប្រកបដោយ​ការយោគយល់​គ្នា​។ លោក Thomas Andrews បាន​ជម្រាបជូន​សម្តេច​ធិបតី​ថា ក្នុង​ដំណេីរ​បំពេញ​បេសកកម្ម​ការងារ​នេះ លោក​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឥស្សរជន​ជាន់ខ្ពស់​, តំណាង​ក្រសួង​ស្ថាប័ន​, អង្គការ​សង្គម​ស៊ីវិល និង​បាន​បំពេញ​ទស្សនកិច្ច​នៅ​ជំរុំ​ជនភៀសសឹក ដោយសារ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​។ លោក Thomas Andrews បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការយកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល ក្នុង​ការជួយ​សង្គ្រោះ និង​គាំទ្រ​ជនភៀសសឹក​ដោយសារ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ដែល​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ​បាន​។ បន្ថែម​លើ​នេះ​, លោក​ក៏​បាន​កោតសរសើរ​ចំពោះ​កម្ពុជា ដែល​បាន​ទទួលយក​លិខិ​តូបក​រណ៍ពា​ក់​ព័ន្ធនឹ​ង​សិទ្ធិ​មនុស្ស​ចំនួន ៨ លើ ៩ ព្រមទាំង​បាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត និង​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការសហការ​ជាមួយ​កម្ពុជា ក្នុង​ស្មារតី​ស្ថាបនា ដោយ​ផ្អែក​លើ​ច្បាប់​ជាតិ និង​អន្តរជាតិ​។​

​ជា​ការឆ្លើយតប​, សម្តេច​ធិបតី បាន​អបអរសាទរ​ចំពោះ​លោក Thomas Andrews ដែល​ទទួលបាន​ការតែងតាំង​ជា​អ្នករាយការណ៍​ពិសេស​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​ពិតជា​ត្រូវការ​ដៃគូ​សហការ​ក្នុង​ស្មារតី​ស្ថាបនា និង​ប្រកបដោយ​សមធម៌​។ សម្តេច​ធិបតី បានលើកឡើង​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​សិទ្ធិ​មនុស្ស និង​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន ដោយ​ផ្អែក​លើ​ច្បាប់​ជាតិ និង​លិខិ​តូបក​រណ៍​អន្តរជាតិ​នានា ជាពិសេស ការលើកកម្ពស់​សិទ្ធិ​ទទួលបាន​សេវា​ថែទាំ​សុខភាព និង​ការអប់រំ ជាដើម​។ ទន្ទឹមនឹងនេះ​, សម្តេច​ធិបតី​បាន​សង្កត់ធ្ងន់ថា ការប្រើប្រាស់​សិទ្ធិ និង​សេរីភាព ត្រូវ​ធ្វើ​ឡើង​ប្រកបដោយ​ការទទួលខុសត្រូវ និង​ស្រប​តាម​ដែន​កំណត់​នៃ​ច្បាប់​។ សម្ដេច​ធិបតី​បាន​បញ្ជាក់បន្ថែម​ថា ទោះ​ជា​ប្រទេស​តូច ឬ​ធំក្តី ការអនុវត្ត​ច្បាប់ និង​ការលើកកម្ពស់​សិទ្ធិ​មនុស្ស គឺ​ត្រូវ​ស្ថិតនៅក្រោម​ច្បាប់ ហើយ​ប្រទេស​នី​មួយៗ​សុទ្ធតែ​មាន​លក្ខណៈ​ពិសេស​ផ្សេងៗ​ពីគ្នា​។ ជាមួយគ្នានេះ​, សម្តេច​ធិបតី ក៏​បាន​លើកទឹកចិត្ត​ឱ្យ​អ្នករាយការណ៍​ពិសេស បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​លេីកទឹកចិត្ត​ឱ្យ​ការសរសេ​ររបាយការ​ណ៍ ដោយ​ផ្អែក​លើ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ និង ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ សំដៅ​រួមចំណែក​ដល់​ការអនុវត្ត និង​លើកកម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​។​

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី​ក៏​បាន​ជម្រាបជូន​លោក Thomas Andrews អំពី​ការវិវត្ត​នៃ​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ និង​គូសបញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត និង​ជំហរ​របស់​កម្ពុជា​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​នេះ​ដោយ​សន្តិវិធី ផ្អែកលើ​ច្បាប់​អន្តរជាតិ និង​អនុលោម​តាម​អនុសញ្ញា សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់​រវាង​កម្ពុជា និង​ថៃ​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *