ខេត្ត​កំពង់ចាម សម្រេចបាន GDP ជាង ៣​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២៥ ដោយ​ប្រាក់ចំណូល​មធ្យម​ម្នាក់ៗ​កើន​ដល់ ២,៨៣០​ដុល្លារ​

(​កំពង់ចាម​) អាជ្ញាធរ​ខេត្ត​កំពង់ចាម បានឱ្យដឹងថា សេដ្ឋកិច្ច​របស់​ខេត្ត​កំពង់ចាម បាន​និង​កំពុង​បន្ត​រីកចម្រើន​យ៉ាង​រឹងមាំ ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) សម្រាប់​ឆ្នាំ​២០២៥ ដែល​បង្ហាញ​ពី​កំណើន​វិជ្ជមាន និង​ការកើនឡើង​នៃ​កម្រិត​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​។​

​ថ្លែង​បែប​នេះ នា​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៦ ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​លទ្ធផល​បឋម​ផលិតផល​ក្នុងស្រុក​សរុប​ថ្នាក់​ខេត្ត​ឆ្នាំ​២០២៥ សម្រាប់​ខេត្ត​កំពង់ចាម នៅ​មន្ទីរ​ផែនការ​ខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម រិន វីរៈ ទីប្រឹក្សា​ផ្ទាល់ សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ,​រដ្ឋលេខាធិការ​ក្រសួង​ផែនការ និង​ជា​ប្រធាន​ក្រុមប្រឹក្សា ភិបាល​នៃ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ និង​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ អភិបាលខេត្ត​កំពង់ចាម​។​

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បានឱ្យដឹងថា ផលិតផល​ក្នុងស្រុក​សរុប (GDP)៖ ខេត្ត​កំពង់ចាម​សម្រេចបាន​ទំហំ​ទឹកប្រាក់​រហូតដល់ ៣,០៧៣ លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០២៥​។ ប្រាក់ចំណូល​មធ្យម​សម្រាប់​មនុស្ស​ម្នាក់ (GDP per Capita)៖ ប្រជាពលរដ្ឋ​ម្នាក់ៗ​ទទួលបាន​ប្រាក់ចំណូល​មធ្យម​ចំនួន ២,៨៣០ ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ​។​

​ឯកឧត្តម អភិបាលខេត្ត បាន​បន្តថា ការរៀបចំ GDP ខេត្ត​នេះ ត្រូវបាន​អនុវត្ត​តាម​វិធីសាស្ត្រ និង​ស្តង់ដារ​ថ្នាក់ជាតិ ក្រោម​ការដឹកនាំ​របស់​ក្រសួង​ផែនការ និង​វិទ្យាស្ថាន​ជាតិ​ស្ថិតិ ដោយ​មាន​ការចូលរួម​ផ្តល់​ទិន្នន័យ​ពី​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត រដ្ឋបាល​ក្រុង​-​ស្រុក និង​វិស័យ​ឯកជន លើ​វិស័យ​សំខាន់ៗ​ចំនួន ៣ ៖ ១. វិស័យ​កសិកម្ម រួមមាន ៖ ដំណាំ​, ចិញ្ចឹមសត្វ​, ផល​ផលិត​នេសាទ និង​រុក្ខ​ក​ម្ពុ​។ ២. វិស័យ​ឧស្សាហកម្ម រួមមាន​៖ រ៉ែ​, កម្មន្តសាល​, អគ្គិសនី​, ទឹកស្អាត និង​សំណង់​។ ៣. វិស័យ​សេវាកម្ម រួមមាន​៖ លក់​ដុំ​-​លក់រាយ​, ដឹកជញ្ជូន និង​ឃ្លាំង​ស្តុក​, សណ្ឋាគារ និង​ភោជនីយដ្ឋាន​, ហិរញ្ញវត្ថុ និង​ធាន៉ារ៉ាប់រង​, ព័ត៌មាន និង​ទូរគមនាគមន៍​, អចលនទ្រព្យ​, ជំនាញ​វិជ្ជាជីវៈ និង​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​, រដ្ឋបាល​សាធារណៈ​, អប់រំ​, សុខាភិបាល និង​សេវាកម្ម​ផ្សេងៗ​៕

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *