ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ចាម អញ្ជើញ​នាំយក​ទៀន​ចំណាំ​ព្រះវស្សា រួម​នឹង​ទេយ្យវត្ថុ​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា ចំនួន​៤​វត្ត ក្នុង​ក្រុង​កំពង់ចាម

(​កំពង់ចាម​)៖ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១​រោច ខែ​ទុតិយាសាឍ ឆ្នាំ​មមី អដ្ឋស័ក ពុទ្ធ​សករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២៦ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​លោកជំទាវ និង​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អម​ដោយ​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន អញ្ជើញ​នាំយក​ទៀន​ចំណាំ​ព្រះវស្សា រួម​នឹង​ទេយ្យវត្ថុ ព្រមទាំង​បច្ច័យ​មួយចំនួន ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស ចំនួន​៤​វត្ត ស្ថិត​ក្នុង​ក្រុង​កំពង់ចាម រួមមាន​៖
១ -​វត្ត​ខេ​ម​វ័ន​បឹង​ស្នាយ ២-​វត្តជោត​នារា​ម​បឹងកុក ៣-​វត្តបុ​ទុម​រតនៈ​ដីដុះ ៤ -​វត្ត​សុ​ទស្ស​រាម​ជ្រោយ​ថ្ម ដែល​ពិធី​នេះ បាន​រៀបចំ​ឡើង​នៅ វត្ត​ខេ​ម​វ័ន​បឹង​ស្នាយ (​ហៅ​វត្ត​ថ្មី​) ស្ថិតក្នុង​សង្កាត់​សំបួរមាស​។​

​តាម​ទំនៀម​ជា​ប្រពៃណី នៃ​ព្រះពុទ្ធសាសនា​ព្រះសង្ឃ​គ្រប់​ព្រះអង្គ គ្រប់​វត្ត​អារាម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​និមន្ត​ចូល​កាន់​ព្រះវស្សា​អស់​ថេរវេលា ៣​ខែ ចាប់តាំងពី​ថ្ងៃ ១​រោច​ខែ​អាសាឍ​តទៅ​។​

​ពាក្យ​ថា “​វស្សា​” មកពី​ពាក្យ​បាលី​ថា “​វ​ស្ស​” ប្រែ​ថា “​ភ្លៀង​” ឬ “​រដូវភ្លៀង​” ដែល​មានកំណត់ ៤​ខែ (​រាប់​ពី​ថ្ងៃ ១​រោច​ខែ​អាសាឍ​ដល់ ១៥​កើត​ខែកត្តិក​)​។ ព្រះ​បរម​សាស្ត្រា​យើង​ទ្រង់​បាន​បញ្ញត្តិ​ឱ្យ​មាន​កិច្ច​ចូល​ព្រះវស្សា​នេះ ប៉ុន្តែ​សព្វថ្ងៃ​នៅ​ប្រទេស​កម្ពុជា ការចូល​ព្រះវស្សា​មានកំណត់​ត្រឹមតែ ៣​ខែ​ទេ (​រាប់​ពី​ថ្ងៃ ១​រោច ខែអាសាឍ​ដល់ ១៥​កើត​ខែអស្សុជ​) ។​ពិធីបុណ្យ​នេះ​ដែរ ក៏​មាន​ជួបជុំ​ពុទ្ធបរិស័ទ​នមស្សការ​ព្រះ​រតនត្រ័យ និមន្ត​ព្រះសង្ឃ ចម្រើន​ព្រះ​ប​រិត្ត ដើម្បី​ឧទ្ទិស​មហា​កុសលផល​បុណ្យ ជូន ដល់​ញ្ញាតិ​ការ​ទាំង ៧​សណ្តាន និង​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅកាន​បរមលោក​ខាងមុខ មក​ទទួលយក​ផល្លា​អានិ​សង្ឃ ដែល​កើតចេញ អំពី​បុណ្យ​ក្នុងថ្ងៃនេះ តាម​បែប​ប្រពៃណី​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​៕​

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *